ដោយ អាចារ្យថាំ
អ្នកវិភាគមួយចំនួន រួមទាំង “នគរធំ” ផងនោះ បានទស្សន៍ទាយ លទ្ធផលបោះឆ្នោតថា គណបក្សប្រជាជនកម្ពុជា (ជភភ) ឈ្នះលេខ១ បក្សភ្លើងទៀន ឈ្នះលេខ២ ហ៊្វុនស៊ិនប៉ិច ឈ្នះលេខ៣ ឃើញថា “ត្រូវតាមជើងលេខ” មែន ព្រោះយើង ទស្សន៍ទាយទៅតាមវិចារវិទ្យា សម្លឹងមើលធ្លុះដល់ស្ថានការណ៍នយោបាយ។ ឥឡូវលទ្ធផលឆ្នោតបឋម បង្ហាញថា ជភភ ទទួលបានកៅអីមេឃុំ-ចៅសង្កាត់ ១៦៤៨ រីឯភ្លើងទៀន ទទួលបាន៤កៅអី នៅទូទាំងប្រទេស ទោះជាលទ្ធផលផ្លូវការក៏ ហក់មិនរួចពីតួលេខនេះប៉ុន្មានដែរ។ អ្វីដែលយើងផ្តល់តម្លៃគឺ “ឈ្នះទាំងអស់គ្នា” មិនអាចទៅជាជម្លោះឬផ្ទុះសង្គ្រាមបានឡើយ ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “ឈ្នះដូចគ្នា” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
បើយោងតាមតួលេខដកស្រង់ស្ថិតិអ្នកទៅបោះឆ្នោត ចេញដោយ គ.ជ.ប បញ្ជាក់ថា មានរហូតដល់ទៅ ៨០,១៩% នៃ ចំនួនមនុស្សមានសិទ្ធិបោះឆ្នោតជាង ៩លាននាក់។ ចំនួននេះ ឃើញថា សន្ធឹកសន្ធាប់ណាស់ ឯអ្នកអវត្តមាន គឺមកពីគាត់មាន ទុក្ខធុរៈឈឺថ្កាត់ ឬបាត់អត្តសញ្ញាណប័ណ្ណជាដើម ចំណែកអ្នកធ្វើពហិការឬដេកផ្ទះ តិចតួចណាស់។
គ្រាន់តែបោះឆ្នោតរួចភ្លាម មិនបាន១ម៉ោងផង លោកសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មុនគេបង្អស់ ទាំងលទ្ធផល បឋមមិនទាន់ចេញ ដោយគាត់លើកឡើងជាអាទិ៍ថា “ទោះជាគណបក្សភ្លើងទៀន បានដណ្តើមយកមកវិញ អាសនៈសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ តែមួយគត់ក៏ដោយ ក្នុងចំណោមក្រុមប្រឹក្សាឃុំ-សង្កាត់ ៥០០៧ ដែលគណបក្សកាន់អំណាច បាន ប្លន់ពីគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ ក៏ជាការដណ្តើមយកមកវិញ នូវអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ តែមួយ នេះ ជាជោគជ័យដ៏ធំមួយសម្រាប់កម្លាំងប្រជាធិបតេយ្យនៅកម្ពុជា”។
យោងតាមការលើកឡើងរបស់មេប្រឆាំងដ៏ស្វិតស្វាញរូបនោះ មានន័យថា “ទោះជាបាន ១កៅអី” ក៏សន្មតថា “ភ្លើង-ទៀន ឈ្នះឆ្នោត” គឺឈ្នះនៅត្រង់ដណ្តើមកៅអីបាន១នេះឯង តែលទ្ធផលបឋមបង្ហាញថា “ភ្លើងទៀន បាន៤កៅអីឯណោះ ដោយមិនទាន់គិតដល់កៅអីជំទប់ផងទេ។ ដោយឡែក បក្សកាន់អំណាច ដែលឈ្នះ ១៦៤៨ កៅអីនោះ “មិនចម្លែកប៉ុន្មាន ទេ ខណៈដែល ជភភ ធ្លាប់កាន់កាប់កៅអីមេឃុំ-ចៅសង្កាត់ ស្ទើរតែទាំងអស់នៅទូទាំងប្រទេស បន្ទាប់ពីរំលាយ ជណភ្រ”។
អ៊ីចឹង “ឈ្នះដូចគ្នា” ជាមោទនភាពរបស់ខ្មែរ មិនគួរអ្នកបម្រើនយោបាយមួយចំនួន ប្រឹងបំពងសំឡេងឈ្លោះប្រកែកគ្នា នោះទេ ដូចគណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍ថា “មានការលួចបន្លំសន្លឹកឆ្នោត” តែមិនបានប្រកាសធ្វើបាតុកម្ម អ្វីឡើយ។ ចំណែកអ្នកគាំទ្រ ជភភ ក៏មិនណយដែរ ពេលខឹងភ្លើងទៀនថា បន្លំសន្លឹកឆ្នោត ស្រាប់តែគាត់ជេរគេខុសរបៀប ដូចគណនីមន្ត្រី ជភភ ម្នាក់ (សុំលាក់ឈ្មោះ) បានជេរភ្លើងទៀនថា “អារន្ទះបាញ់! ចាញ់ឆ្នោតហើយ ថាគេបន្លំសន្លឹកឆ្នោត” ហ្វេសប៊ុកនោះ ផុសបាន ១ស្របក់ ក៏លុបបាត់ទៅ ទំនងជា ជភភ ដូចគ្នា ទើសភ្នែកពេក ក៏ប្រើឱ្យលុបក៏មិនដឹង? ព្រោះ “អ្នកឈ្នះប្រដាល់ លោតទៅថែមអ្នកចាញ់កំពុងដួលច្រងាប់ច្រងិល វាខុសច្បាប់កីឡាប្រដាល់”។
មន្ត្រី ជភភ ដែលឈ្នះដាច់នេះ គួរបន្ទន់ឥរិយាបថជួយលើកទឹកចិត្តអ្នកចាញ់ ទើបប្រសើរ ដោយប្រើពាក្យថា “ឈ្នះដូច គ្នា” ទើបសមជាគណបក្សចាស់ទុំ ពុំមែនវ៉ៃគេដួលហើយ គ្រាន់តែគេថា បន្លំសន្លឹកឆ្នោតប៉ុណ្ណឹង ជេរគេអារន្ទះបាញ់ វាមិន សមរម្យទាល់តែសោះ។
គ្រប់គណបក្សដែលចូលប្រឡូកគ្នាលើសង្វៀនប្រជាធិបតេយ្យ ត្រូវតែអបអរសាទរ ទទួលយកលទ្ធផលនេះ ទោះបាន កៅអីតិចក្តី ច្រើនក្តី ក៏ “ឈ្នះទាំងអស់គ្នា” នៅត្រង់ដើរតាមមាគ៌ាប្រជាធិបតេយ្យ សេរី ពហុបក្ស។
“នគរធំ” ក៏មើលដឹងដែរថា បន្ទាប់ពីបោះឆ្នោតរួច “អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខខ្លា” ជាក់ស្តែងគ្រាន់តែចេញលទ្ធផល បឋមភ្លាម អ្នកគាំទ្រ ជភភ លួចផឹកស្រាបៀរ លុះស្រឿងៗ ក៏ទរគេតាមហ្វេសប៊ុក “អារន្ទះបាញ់ ចាញ់ឆ្នោតហើយថា គេ បន្លំ!” ធ្វើឱ្យសកម្មជនភ្លើងទៀន ដែលបាត់បង់កៅអីធ្លាប់ឈ្នះឡើងជាមេឃុំ-ចៅសង្កាត់ នៃអតីត ជណភ្រ កាលពីឆ្នាំ២០១៧ នោះ “មុខខ្លាគ្រប់គ្នា”។ យើងដឹងថា សង្កាត់អូរចារ ក្រុងបាត់ដំបង ពីមុនមាននាងស៊ិន ចាន់ពៅរ៉ូហ្ស៊េត ជាចៅសង្កាត់ ជណភ្រ តែពេលនោះ ធ្លាយព័ត៌មានចេញមុនគេ ដោយលោកសុខ លូ អភិបាលខេត្តបាត់ដំបង ថាសង្កាត់អូរចារ មាន ២៤ការិយាល័យ បោះឆ្នោតនោះ ជភភ ដណ្តើមបានទាំងអស់។ យើងមិនទាន់ឃើញនាងរ៉ូហ្ស៊េត ចេញមុខតវ៉ានៅឡើយ ប៉ុន្តែយើងអាចសន្និដ្ឋាន បានថា នាងកំពុងបញ្ចោញ “ទឹកមុខខ្លា” ខណៈដែលព័ត៌មានបឋមចេញផ្សាយពីអាជ្ញាធរ មុន គ.ជ.ប ទៅទៀត។ ទោះយ៉ាងណា ភ្លើងទៀន នឹងបានទទួលកៅអីជំទប់ មិនខានឡើយ គួរត្រេកអរទទួលយកទៅ និងចាត់ទុកថា “ឈ្នះដូចគ្នា” នៅត្រង់ រលាយអស់ហើយ ស្រាប់តែដណ្តើមបានមកវិញខ្លះ។
ឃុំ-សង្កាត់ឯទៀត សរុបជិត ៥០០កៅអីដែល ជណភ្រ ធ្លាប់អង្គុយនោះ មិនបានមកវិញទេ ដែលករណីនោះ អ្នកវិភាគ រស់ សារ៉ុម បានទស្សន៍ទាយអត់ខុសថា “បេក្ខជនល្បីៗក្នុងបក្សភ្លើងទៀន មានលទ្ធភាពជាប់តំណែងមេឃុំ-ចៅសង្កាត់ ១% ខណៈអ្នកមិនល្បី មានលទ្ធភាពអាចជាប់ជាមេឃុំ-ចៅសង្កាត់ ៩៩% បើមិនជឿកុំប្រមាថ ជភភ ស៊ីផុយ”។
ការវិភាគរបស់លោក រស់ សារ៉ុម សូម្បី “នគរធំ” ក៏យល់ស្របដែរ ព្រោះកន្លែងណាដែល ជភភ ធ្លាប់ចាញ់កាលពីឆ្នាំ ២០១៧នោះ គេមិនបណ្តោយឱ្យចាញ់ទៀតទេ។ យ៉ាងណាក៏ដោយចុះ បើលោកសម រង្ស៊ី ដែលជាស្ថាបនិកបក្សភ្លើងទៀន ប្រកាសថា “ឈ្នះតែ១កៅអី ក៏សន្មតថាភ្លើងទៀន ឈ្នះ” អ៊ីចឹងភ្លើងទៀន ទទួលបាន៤កៅអីដែរ គួរស្វាគមន៍ដោយរីករាយ ទៅ ប៉ុន្តែវាជារឿងធម្មតា បើទទួលភ្លាមៗវាមិនឡូហ្ស៊ិក (ឡៀងិឆុេ) ចាំបាច់ត្រូវតែចោទគេថា “បន្លំសន្លឹកឆ្នោត” អ៊ីចឹង ទៅ សូម្បីលោកដូណាល់ ត្រាំ ចាញ់ឆ្នោតលោកចូ បៃដិន ក៏ចោទ គ.ជ.ប អាមេរិក ថា បន្លំសន្លឹកឆ្នោត ដែលតាមពិត ការ បោះឆ្នោតនៅអាមេរិក មិនអាចបន្លំបានឡើយ។
ឥឡូវ “ឈ្នះដូចគ្នា” ព្រោះមេប្រឆាំង ព្រមទទួលយក១កៅអី ក៏ថាឈ្នះដែរ គួរតែអ្នកគាំទ្រភ្លើងទៀន “កុំឡាំប៉ា” រីឯ អ្នកគាំទ្រ ជភភ ក៏មិនត្រូវឈឺក្បាលវិលមុខ ដល់ថ្នាក់ជេរគេ “អារន្ទះបាញ់” នោះដែរ។
គួរជម្រុះចោលឱ្យអស់នូវឥរិយាបថ “ឈ្នះមុខខ្លាញ់ ចាញ់មុខខ្លា” ព្រោះឥរិយាបថបែបនេះ បានត្រឹមនាំមកនូវជម្លោះ នយោបាយ “គ្មានទីបញ្ចប់”។ ភាគីឈ្នះដូចគ្នានោះ នៅមានពេលប្រកួតទៀត ជាពិសេស ការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិ ទី៧ ឆ្នាំ២០២៣ ជិតដល់ហើយ “ប្រឹងធ្វើតែល្អទៅ”។
សរុបទៅ “ឈ្នះដូចគ្នា” នៅត្រង់ ជភភ ទទួលបាន១៦៤៨ កៅអីមេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សាជាង ៧០% រីឯភ្លើង- ទៀន បាន៤កៅអី ថែមលើអាសនៈក្រុមប្រឹក្សាប្រមាណជាង ២០%ទៀត “មានអីមិនល្អ?” មេៗនយោបាយ គួរហាមឃាត់ “តារាហ្វេសប៊ុក-យូធូប” ឱ្យឈប់ជេរគ្នាតទៅទៀត ព្រោះឈ្នះដូចគ្នាទេ។ តារាហ្វេសប៊ុក-យូធូប មានទាំងក្នុងនិងក្រៅ ប្រទេសនោះ លុះត្រាតែបានកម្រៃខ្លះ ទើបគេមានកម្លាំងជេរ តែបើអ្នកនយោបាយឈប់ឱ្យ នឹងចប់ការជេរ ដើម្បីទុកឱកាស ឱ្យបក្សឈ្នះដូចគ្នានោះ ចងសម្ព័ន្ធមេត្រីនៅរដ្ឋអំណាចមូលដ្ឋាន…’