ដោយ អាចារ្យថាំ
ល្ខោនបាសាក់ សម្តែងរឿងបុរាណ នៅពេលជិត “វ៉ារោង” ឮតែសន្ធឹកតួឯក និងតួយក្ស ច្បាំងគ្នារង្គើឆាក។ លុះច្បាំង ចប់ តួឯកឈ្នះ បានឡើងសោយរាជ្យ ឯតួយក្ស ជួនកាលបាត់បង់ជីវិត ឬបណ្តេញចេញពីនគរ ឱ្យទៅនៅព្រៃហិមពាន្តវិញ។ បន្ទាប់មកទម្លាក់វាំងនន ទន្ទឹមនឹងជើងមេឃទិសខាងកើតភ្លឺល្អះៗ ថៅកែល្ខោនក៏ចែកលុយគ្នា មុននឹងចេញដំណើរវិលទៅ ស្រុកវិញ ព្រោះល្ខោនគាត់ត្រូវគេជួលសម្តែងតាមរោងបុណ្យ កណ្តាលវាលស្រែ។ យ៉ាងណាមិញ “វង់ល្ខោន គ.ជ.ប” ជិត ចប់ ក៏លាន់សន្ធឹកច្បាំងគ្នា រវាងតួ ជភភ និងតួភ្លើងទៀន ប៉ុន្តែ “ចៀសចែកកៅអីគ្នាមិនរួច” ដែល “នគរធំ” ក្តាប់បាន ក៏លើក ពី “ច្បាំងគ្នារួច ចែកលុយ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ល្ខោននាយផ្លូច ឬល្ខោននាយត្រឡនតន ដែលល្បីល្បាញនៅខេត្តកំពត និងខេត្តតាកែវ កាលពីទសវត្សឆ្នាំ១៩៨០ ក្រោយ ងើបពីរបបប៉ុល ពត តែងតែមានគេជួលទៅសម្តែងតាមរោងបុណ្យនានា ដោយដំឡើងឆាកល្ខោនកណ្តាលវាលស្រែ។ ជំនាន់នោះ វង់ល្ខោនគ្មានដែកឆ្អឹងសម្រាប់ដំឡើងនោះទេ តែម្ចាស់ដើមបុណ្យ ត្រូវកាប់ដើមត្នោត អារច្រៀកធ្វើរនូត ច្រៀក ដើមឈើទាល ធ្វើក្តារ និងកាប់ឈើប៉ុនៗភ្លៅ ធ្វើសសរ ដោយប្រក់ស្លឹកដូង។ កាលនោះ ប្រជាពលរដ្ឋចូលចិត្តល្ខោនបាសាក់ ខ្លាំងណាស់ បើដឹងថា វង់នាយផ្លូច ឬនាយត្រឡនតន ទៅសម្តែងនៅឯណា ក៏ពកូនជញ្ជូនចៅ យកកន្ទេលទៅក្រាលលើ ជញ្ជ្រាំងរង់ចាំទស្សនា។ មុនដំបូង វង់ល្ខោនយកកម្រៃជាអង្ករ ដោយគេវាល់ចែកគ្នា ដឹកតាមកង់ ព្រោះមិនទាន់មានម៉ូតូ ឡាន តែក្រោយមក មានចរាចរក្រដាសប្រាក់រៀល ទើបល្ខោន បង្គាប់ជាលុយវិញ។
ល្ខោនបាសាក់ដែលរាស្ត្រចូលចិត្ត ជាប្រភេទរឿងបុរាណ មានស្តេច មានយក្ស មានតាឥសី អាគាំង អាគោម យក្ខិនី៘ ពេលសម្តែង លុះត្រាតែព្រះសង្ឃទេសនាចប់ នៅម៉ោង១១យប់ ទើបល្ខោនហោមរោង និងសម្តែង ៤-៥ម៉ោង ដល់ជិតភ្លឺ ទើបចប់។ ពេលជិតចប់ តួឯកនិងតួយក្ស ច្បាំងគ្នារង្គើឆាក លុះចប់ជាស្ថាពរ ទើបថៅកែល្ខោន បើកលុយពីម្ចាស់ដើមបុណ្យ យកមកចែកឱ្យតួសម្តែង និងអ្នកភ្លេង តាមសមត្ថភាព មុននឹងជិះកង់វិលទៅស្រុកវិញ។ តួឯកស្រីខ្លះ មានស្នេហ៍មុខមិន ធម្មតា ដូចតួនាងចិន្តាដួង ស្អាតក៏ស្អាត ច្រៀងក៏ពីរោះ លុះពេលភ្លឺ ល្ខោនវ៉ារោង នាងជិះកង់ចេញទៅស្រុក ក៏មានបុរសៗ ជាទស្សនិកជន ជិះកង់តាមពីក្រោយ សុំស្នេហ៍នាងដូចឃ្មុំ ប៉ុន្តែនាងនោះគ្រាន់តែញញឹម មិនឆ្លើយតប។
បើយករឿងល្ខោនបាសាក់ មកប្រៀបធៀបនឹង “ល្ខោន គ.ជ.ប” ឃើញថា ស្រដៀងគ្នាមែនទែន។ ទោះជាបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៥ ចប់ជាស្ថាពរ “ក៏សាច់រឿងមិនទាន់ចប់” ព្រោះមិនទាន់ចេញលទ្ធផលជាផ្លូវការ។ រយៈពេលនេះ “តួ ជភភ និងតួភ្លើងទៀន” ច្បាំងគ្នាម៉ាំងទៅម៉ាំងមក រង្គើដល់ពិភពលោក ព្រោះអន្តរជាតិ ធ្លាប់ដឹងថា ខ្មែរតែប៉ុណ្ណឹង ឱ្យតែបោះ- ឆ្នោតរួច “ម្ខាងត្បកក្បាល ម្ខាងឡាំប៉ា” ក្លាយជាវប្បធម៌ទៅហើយ។
ឥឡូវយើងឃើញ “ភ្លើងទៀនឡាំប៉ា” ចោទថៅកែល្ខោន គ.ជ.ប ដែលមានលោកប្រាជ្ញ ចន្ទ ធំជាងគេនោះថា “សម្តែង អាក្រក់បំផុត”។ លុះតួភ្លើងទៀន តវ៉ា ស្រាប់តែតួ ជភភ ដែលមានលោកសុខ ឥសាន ជាតំណាង “ត្បកក្បាលចឺស!” ដោយឌឺ ឱ្យថា “ជយោភ្លើងទៀន រលត់ហើយពេលនេះ សូមអនុមោទនា!”។
និយាយរួម ខាងអ្នកច្បាំងចាញ់ មិនថាតែភ្លើងទៀន នោះទេ សុទ្ធតែព្រួតគ្នាតវ៉ាននៀលដី ក្នុងនោះ មាន “តួឆន្ទៈខ្មែរ” របស់លោកគង់ មុនីកា កូនប្រុសលោកគង់ គាំ “តួប្រជាធិបតេយ្យមូលដ្ឋាន” របស់លោកបណ្ឌិត យ៉ង សាំងកុមារ, “តួកម្ពុជា និយម” របស់លោកថៅកែ យ៉ែម បុញ្ញប្ញទ្ធិ ជាដើម ឡាំប៉ាថា “មិនយុត្តិធម៌”។
វង់ល្ខោន គ.ជ.ប ដែលសម្តែងរឿង “មេឃុំ-ចៅសង្កាត់ អាណត្តិទី៥” នេះ មាន១៧រូប ដែលតួរាយរងខ្លះកាន់ជើង “តួឯក ជភភ” មានតួពេជ្រ ស្រស់ ជាដើម ប្រកាសថា “បោះឆ្នោតត្រឹមត្រូវហើយ” ប៉ុន្តែតួខ្លះទៀត កាន់ជើង “តួកាចភ្លើងទៀន” ជាហេតុនាំឱ្យផ្ទុះសង្គ្រាមពាក្យសម្តីរញ៉េរញ៉ៃ ពេញបណ្តាញសង្គម។
យ៉ាងណាក៏ដោយចុះ នេះជា “វប្បធម៌ខ្មែរ” បើកាលណាល្ខោនជិតចប់ ត្រូវតែច្បាំងគ្នាយ៉ាងនេះឯង។ បន្ទាប់ពីច្បាំងចប់ ឬថា បន្ទាប់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ គេឈប់ច្បាំងគ្នាហើយ ព្រោះដល់ដំណាក់កាល “ចែកលុយគ្នា” តាមតិច តាម ច្រើន ពោលគឺ “តួឯក ជភភ” បានលុយច្រើនជាងគេ បន្ទាប់មក “តួយក្សភ្លើងទៀន” ក៏បានក្រែលដែរឮថា បានរហូតដល់ ទៅជាង២០០០ដុល្លារ ឯណោះ ព្រោះតួនេះអួតថា “ចាញ់បានកៅអី” និងបង្ហាញតួលេខថា មានទស្សនិកជនជាង ១លាន៦ សែននាក់ គាំទ្រតួភ្លើងទៀន។
នៅពេលថៅកែ គ.ជ.ប ចែកលុយរួច គេឈប់ឈ្លោះហើយ ព្រោះខំសម្តែងអត់ងងុយមួយយប់ទល់ភ្លឺ ត្រូវចូលផ្សាររក កាហ្វេ គុយទាវ បន្តកម្លាំង។ ទោះជាបក្សភ្លើងទៀន បាន៤កៅអីមេឃុំ និងជាង២០០០កៅអីជំទប់ ក្រុមប្រឹក្សា ក៏វាគ្រាន់បើ ជាង “ហ្សេរ៉ូកៅអី” ដែរ បើបានចំណែកតែប៉ុណ្ណឹង យកទៅ កុំទៅរវល់ជឿស្តាប់ក្រុមលោកកឹម សុខា ដែលធ្វើពហិការ មិន ចូលសម្តែងនោះ។
បើពិចារណាទៅ “ថៅកែ គ.ជ.ប” វេទនាណាស់ ព្រោះត្រូវគេជេរប្រទេច ដូចសត្រូវស៊ីសាច់ ជាក់ស្តែង “ថៅកែអ៊ុនតាក់” ដែលរៀបចំសម្តែងកាលពីឆ្នាំ១៩៩៣ នោះ តួ ជភភ ជេរមិនធម្មតា ចោទថា លម្អៀងខាងហ៊្វុនស៊ិនប៉ិច។ បន្ទាប់មក “ថៅកែ ឆេង ផុន” ក៏ត្រូវគេជេរស្ពឹកមុខ រហូតដល់គាត់សុំលាឈប់ទៅធ្វើសមាធិរហូតដល់ទទួលមរណភាព ក្នុងវ័យ៨៦ឆ្នាំ។ លើកទី៣ “ថៅកែអ៊ឹម សួស្តី” ក៏រងព្យុះជេរប្រទេចមិនធម្មតា ពីអ្នកចាញ់ឆ្នោត។ លុះឆ្លងមកដល់ “ថៅកែស៊ិក ប៊ុនហុក” ដឹកនាំសម្តែង បានពីរបីរឿងដែរ ក៏ឈប់ទៅទៀត ទើប “ថៅកែប្រាជ្ញ ចន្ទ” មករងថ្មបាក់ជំនួសគេ។
ធ្វើថៅកែល្ខោន មិនស្រួលទេ ទោះជាមានម្ហូបឆ្ងាញ់ វីឡា ឡាន និងបរិវារឆ្វេងស្តាំ ក៏ឈឺក្បាលវិលមុខរហូត ព្រោះតែ ការជេរប្រទេច។ នឹងគេចវេះមិនព្រមធ្វើថៅកែ ក៏មិនបាន ព្រោះ “បក្សចាត់តាំង” ឱ្យធ្វើ គេចទៅណារួច?
ឥឡូវទើបតែចូលដល់ថ្ងៃទី១០ មិថុនា នៅសល់ជិតកន្លះខែទៀត ទើបប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ និងចែក កៅអីគ្នា។ អន្តរវេលានេះ ច្បាស់ជាអ្នកឡាំប៉ា និងអ្នកត្បកក្បាល ពាក់មុខយក្សដាក់គ្នា មិនធម្មតាឡើយ ជាពិសេស អ្នកធ្វើ ពហិការ ទរពីក្រៅទៀតនោះ អាចធ្វើឱ្យឈុតឆាកសម្តែងរឿងកាលពីថ្ងៃ០៥ មិថុនា សោះកក្រោះ អស់រសជាតិ។
ហេតុនេះជាសំណូមពរ “នគរធំ” សូមស្នើឱ្យតួ ជភភ និងតួភ្លើងទៀន ឈប់ច្បាំងគ្នាជាបន្ទាន់ ដោយយល់ព្រមទទួល កៅអី ដែល គ.ជ.ប បែងចែកនោះទៅ។ ចំណែកតួកឹម សុខា គួរតាំងសមាធិ សង្រួមកាយ វាចាចិត្តសិនទៅ ក្រែងមានសំណាង រួចផុតពីការជាប់សំណាញ់ច្បាប់ ដោយឈប់ឌឺដងឱ្យគេដែលខំសម្តែងបែកញើសប្រឡាក់អាវ។
សរុបទៅ “ច្បាំងគ្នារួច ចែកលុយ” វាជាឧបមានវិធីឱ្យងាយយល់តែប៉ុណ្ណោះ ព្រោះតាំងពីឆ្នាំ១៩៩៣ មក ឱ្យតែល្ខោន គ.ជ.ប ដឹកនាំសម្តែងជិតចប់ ក៏ច្បាំងគ្នារង្គើឆាក។ លុះច្បាំងចប់ គេចែកលុយ ចែកកៅអីគ្នា ឬបបួលគ្នាជល់កែវ រីកមុខ ឱ្យគ្រហើៗ ធ្វើការចូលគ្នាមួយរយៈ បន្ទាប់មកក៏ឈ្លោះគ្នាដដែលជាដដែល នេះហើយវប្បធម៌ខ្មែរ លោកអើយ!…’