Saturday, December 21, 2024
Homeបរិយាយបក្សដឹកនាំប្រទេស កម្រចាញ់ឆ្នោត

បក្សដឹកនាំប្រទេស កម្រចាញ់ឆ្នោត

ដោយ អាចារ្យថាំ

របៀបរបបបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ចាប់ផ្តើមជាដំបូងនៅដើមទសវត្សឆ្នាំ១៩៤០ ខណៈដែលកម្ពុជា នៅ ក្រោមអាណាព្យាបាលបារាំង។ កាលនោះ បារាំង បើកទូលាយឱ្យមានពហុបក្ស យកគំរូតាមបារាំង ដែលបានផ្តួលរំលំរបប រាជានិយម យកសាធារណរដ្ឋនិយម។ សម្រាប់កម្ពុជា បើបក្សដឹកនាំប្រទេសប្រកួតប្រជែងជាមួយ មិនសូវចាញ់ទេ ដែល “នគរធំ” សូមគាស់កកាយអតីតកាល ប្រៀបធៀបនឹងបច្ចុប្បន្នកាល ស្តីពី “បក្សដឹកនាំប្រទេស កម្រចាញ់ឆ្នោត” មកធ្វើ ប្រធានបទបរិយាយថ្ងៃនេះ…។

មិនមែនជារឿងថ្មីនោះទេ ដែលគណបក្សប្រជាជនកម្ពុជា (ជភភ) ឈ្នះឆ្នោតគូប្រជែងស្ទើរតែគ្រប់អាណត្តិ វៀរលែង តែអាណត្តិទី១ នៃការបោះឆ្នោតតំណាងរាស្ត្រដែល ជភភ ចាញ់ហ៊្វុនស៊ិនប៉ិច។ ឃើញ ជភភ ឬបក្សដឹកនាំប្រទេស ចាញ់តែ១ ដងហ្នឹង លុះបោះឆ្នោតក្រោយៗមកទៀត ក៏ដណ្តើមយកជ័យជម្នះរហូត។

ករណីនេះ មិនខុសពីអតីតកាល ដែល “នគរធំ” សូមគាស់កកាយមកបង្ហាញជូននៅពេលនេះ ៖

ដើមឡើយ កម្ពុជា កាន់ “របបរាជានិយម សម្បូណ៌ាជ្ញាសិទ្ធិរាជ្យ” ដែលអំណាចទាំង៣ នៅលើព្រះមហាក្សត្រ។ ទោះបី ជាបារាំង ដាក់អាណានិគម ក៏អំណាចស្តេច គ្មានជនណាអាចរំលោភបំពានបានឡើយ ពោលគឺកិច្ចការខាងខ្មែរ ស្រេចលើ ព្រះមហាក្សត្រ ត្រាស់បង្គាប់ទៅសម្តេចចៅហ៊្វាទឡ្ហៈ ឬអគ្គមហាសេនា យកទៅអនុវត្ត ដោយគ្មានព្រឹទ្ធសភា រដ្ឋសភា អ្វីឡើយ។

ចូលមកដល់ទសវត្សឆ្នាំ១៩៤០ បារាំង បានផ្តួលរំលំរបបរាជានិយមរបស់ស្តេចចុងក្រោយ ព្រះនាមណាប៉ូឡេអុងទី៣ ប្តូរយករបបសាធារណរដ្ឋនិយម ទើបបារាំង ទទួលយកនិស្សិតខ្មែរ ទៅបំពាក់បំប៉នឱ្យស្គាល់គុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ សេរីនិយម មិនមែនកុម្មុយនីស្តនិយម។ ក្នុងនេះ រាជវង្សខ្មែរ ១អង្គ គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស រៀនចប់ថ្នាក់បណ្ឌិតច្បាប់ ត្រូវបារាំង បញ្ជូនមកមាតុភូមិវិញ “បង្កើតគណបក្សប្រជាធិបតេយ្យ” ឈរឈ្មោះបោះឆ្នោត ប្រកួតជាមួយ “បក្សរាជានិយម” ដោយមានបារាំង ចូលរួមក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលលទ្ធផលបង្ហាញថា ទ្រង់យុត្តិវង្ស និង លោកអៀវ កើស ស្ថាបនិកប្រជាធិបតេយ្យ ឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។

កាលនោះទ្រង់ស៊ីសុវត្តិ មុនីរ៉េត (ម្ចាស់មាសម្តេចឪ នរោត្តម សីហនុ) ជានាយករដ្ឋមន្ត្រី រាជានិយម ត្រូវប្រគល់តំណែង ថ្វាយទៅទ្រង់យុត្តិវង្ស នៅឆ្នាំ១៩៤៥ ប៉ុន្តែជាអកុសល នាយករដ្ឋមន្ត្រីថ្មីនេះ ធ្វើការបានតែ១ឆ្នាំ ក៏ទ្រង់សុគតទៅ។ ក្រោយមក ទៀត លោកអៀវ កើស ជាសហការី ក៏ត្រូវគេបោកគ្រាប់បែកធ្វើឃាតទៀត បណ្តាលឱ្យពួកប្រជាធិបតេយ្យ បែកខ្ញែកគ្នា ទៅចុះចូលរាជានិយម។

បន្ទាប់ពី់ស្រុកបានឯករាជ្យ របៀបរបបបោះឆ្នោត ស្រេចលើខ្មែរ ចាត់ចែង បារាំង មិនអាចលូកដៃបានឡើយ ទើបបក្ស ប្រជាធិបតេយ្យ “ហ្សេរ៉ូកៅអី” នៅសភាជាតិ។ សម្តេចព្រះនរោត្តម សីហនុ បានដាក់រាជ្យថ្វាយព្រះបិតា ចុះមកធ្វើនយោបាយ បង្កើតចលនាសង្គមរាស្ត្រនិយម “ឈ្នះរហូត” ប៉ុន្តែព្រះអង្គត្រាស់បង្គាប់ឱ្យមាន “ពហុបក្ស” ដើម្បីកំដរសង្គមរាស្ត្រនិយម។

ដោយហេតុថា សង្គមរាស្ត្រនិយម ឈ្នះរហូត ក៏ក្លាយទៅជា “ឯកបក្សក្នុងពហុបក្ស” លុះបោះឆ្នោតតំណាងរាស្ត្រ ឬមេឃុំ ចៅសង្កាត់ ក៏រៀបចំទៅជា “ប្រព័ន្ធឯកត្តនាម” ពោលគឺយកមនុស្សក្នុងចលនាសង្គមរាស្ត្រនិយម ឱ្យឈរឈ្មោះប្រកួតប្រជែង។

និយាយរួម រាជានិយមចាញ់ប្រជាធិបតេយ្យ តែ១ដងប៉ុណ្ណោះ សម័យទ្រង់យុត្តិវង្ស ព្រោះមានបារាំង ជាអាជ្ញាកណ្តាល។ បានជាចាញ់ ព្រោះបារាំង ផ្តួលរំលំណាប៉ូឡេអុងទី៣ ក្លាយជាសាធារណរដ្ឋ ដូច្នេះបារាំង ក៏ចង់ឱ្យស្រុកខ្មែរ ទៅជាសាធារណរដ្ឋ ដែរ ទើបគេជួយលៃលកយ៉ាងណាឱ្យប្រជាធិបតេយ្យឈ្នះឆ្នោត។ លុះបារាំង អស់ឥទ្ធិពលនៅកម្ពុជា ទើប រាជានិយម ឈ្នះ គ្រប់អាណត្តិ ដូចអ្វីដែលប្រវត្តិសាស្ត្របានចារទុក ប៉ុន្តែជាអកុសល របបរាជានិយម ដួលរំលំដោយសារ “រដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០” ពុំមែនដួលដោយការចាញ់ឆ្នោតនោះទេ។

ចូលមកដល់ “របបសាធារណរដ្ឋខ្មែរ” ក៏មានការបោះឆ្នោតជ្រើសប្រធានាធិបតី ដោយមាន គ.ជ.ប ភាគច្រើនជាខ្សែរយៈ លោកលន់ នល់។ ទីបំផុត លោកលន់ នល់ ឈ្នះឆ្នោត រីលោកអ៊ិន តាំ និងលោកកែវ អន ចាញ់ឆ្នោត ធ្វើឱ្យលោកអ៊ិន តាំ អាក់អន់ស្រពន់ចិត្ត នាំបរិវារចុះទៅធ្វើស្រែ និងដេញចាប៉ីដងវែង កែអផ្សុក ឈប់ពាក់ព័ន្ធនឹងនយោបាយ…។

ការលើកឡើងដោយត្រួសៗនេះ ចង់បង្ហាញថា “បក្សដឹកនាំប្រទេស កម្រចាញ់ឆ្នោត” តែបើចាញ់ គឺមកពីអន្តរជាតិ លូកដៃជួយពួកប្រឆាំង។ បើ គ.ជ.ប តែងតាំងដោយសង្គមរាស្ត្រនិយម ឬចាត់តាំងដោយលោកសេនាប្រមុខ លន់ នល់ ធ្វើឱ្យ បក្សប្រឆាំង ក្លាយជា “បក្សកំដរ”។

ក្រឡេកមើលរបបថ្មីនេះ យើងឃើញថា គណបក្សប្រជាជនកម្ពុជា (ជភភ) ធ្លាប់ចាញ់ហ៊្វុនស៊ិនប៉ិច តែ១ដងប៉ុណ្ណោះ ដោយសារកាលនោះ “អ៊ុនតាក់ ធ្វើអាប៊ីត”។ លុះបោះឆ្នោតក្រោយៗមកទៀត ខណៈដែលអ៊ុនតាក់ ដកចេញអស់ “ជភភ ឈ្នះ រហូតទល់សព្វថ្ងៃ” ដែលពួកប្រឆាំង មិនអាចតវ៉ាបានឡើយ។ កិច្ចការផ្ទៃក្នុង ឯករាជ្យអធិបតេយ្យជាតិ ឋិតនៅលើ ជភភ ជាអ្នកសម្រេច ដោយគ្មានអាមេរិក បារាំង អង់គ្លេស ចិន យួន ឯណាមកលូកដៃបានឡើយ ដូច្នេះ បក្សប្រឆាំងទាំងឡាយ គួរកុំតូចចិត្តអី បើជាន់បានប៉ុន្មានកៅអី យកប៉ុណ្ណឹងទៅ បើហ៊ានតវ៉ា បានត្រឹមជាប់គុកច្រវាក់ រងទុក្ខដល់គ្រួសារ។

កន្លងមកក៏មានបក្សប្រឆាំងខ្លះ ទាមទារឱ្យអង្គការសហប្រជាជាតិ មកជួយរៀបចំការបោះឆ្នោតនៅកម្ពុជា តែមិនអាច ទៅរួច ព្រោះកម្ពុជា ពេលនេះ មិនមែនដូចសម័យសង្គ្រាមរ៉ាំរ៉ៃនោះទេ។ យើងមានព្រះមហាក្សត្រសោយរាជ្យ មានរាជរដ្ឋា- ភិបាល រដ្ឋសភា ព្រឹទ្ធសភា ដូចពាក្យចាស់ថា “ស្រុកមានធ្នឹម មានប្រមេ” រឹងមាំហើយ បើហៅគេមកជួយ មានន័យថា “ស្រុក អត់ធ្នឹម អត់ប្រមេ”។ អ៊ីចឹងបក្សប្រឆាំង ពិបាកយកឈ្នះណាស់ ព្រោះ “យុទ្ធសាស្ត្រមិនដល់បក្សដឹកនាំប្រទេស” ដែលមានអ្វីៗ ទាំងអស់។

មុនស្រុកឯករាជ្យ ពីឆ្នាំ១៩៤០-១៩៥៣ ឃើញពួកប្រជាធិបតេយ្យ ឡើងកូដដែរ គឺបន្ទាប់ពីទ្រង់យុត្តិវង្ស លោកអៀវ កើស សុគតនិងស្លាប់ បារាំងបានធ្វើអន្តរាគមន៍ឱ្យលោកឈាន វ៉ម ខាងប្រជាធិបតេយ្យ បានធ្វើនាយករដ្ឋមន្ត្រី ប៉ុន្តែអំណាច នាយករដ្ឋមន្ត្រី នៅក្រោមអំណាចព្រះមហាក្សត្រ នរោត្តម សីហនុ។ ដូច្នេះ សម័យនេះ ទោះបីជាបក្សភ្លើងទៀន “ជាប់ឆ្នោត មេឃុំ-ចៅសង្កាត់ ស្ទើរទាំងអស់” ក៏អំណាចមូលដ្ឋាននៅក្រោមក្រសួងមហាផ្ទៃ នៃគណបក្សដឹកនាំប្រទេស ដែលមិនគួរឆ្ងល់។

សរុបទៅ “បក្សដឹកនាំប្រទេស កម្រចាញ់ឆ្នោត” ជាការគាស់កកាយអតីតកាល ប្រៀបនឹងបច្ចុប្បន្នកាលតែប៉ុណ្ណោះ។ បក្សដឹកនាំប្រទេស មានយុទ្ធសាស្ត្រនយោបាយសម្បូរបែប មិនបណ្តោយឱ្យអំណាចរបូតពីដៃបានឡើយ ទោះជាបក្សប្រឆាំង ខ្លាំងយ៉ាងណា ក៏មិនខុសពី “ពពែជល់គ្នាជាមួយគោឡើងក” ដែលជាបរិបទសម្រាប់បក្សប្រឆាំង គ្រប់យីហោ គ្រប់និន្នាការ ពិចារណាតាមការគួរ…’

RELATED ARTICLES