Tuesday, December 31, 2024
Homeបរិយាយហ្សេរ៉ូកៅអី អ្នកណាជឿទៀត?

ហ្សេរ៉ូកៅអី អ្នកណាជឿទៀត?

ដោយ អាចារ្យថាំ

លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បង្ហាញថា មានគណបក្សជាប់ឆ្នោតចំនួន ៩គណបក្ស ក្នុងចំណោម ១៧គណបក្សដែលបានចូលរួម។ បក្សមិនបានកៅអីមួយនឹងគេនោះ មុនពេលបោះឆ្នោត គាត់ប្រឹង- ប្រែងឃោសនាមិនធម្មតាដែរ នៅតែដណ្តើមកៅមិនបាន លុះដឹងលទ្ធផលបឋម គាត់នៅតែព្យាយាមវ៉ៃប្រហារគេ ធ្វើឱ្យ មហាជនសង្កៀរត្រចៀក លាន់មាត់ថា “បក្សហ្សេរ៉ូកៅអី អាណាជឿឯងទៀត?” ដែល “នគរធំ” ក្តាប់បាន ក៏លើកពាក្យសម្តី ខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

តាៗញៀនកាហ្វេ ៤-៥នាក់ ដែលមាននិន្នាការគាំទ្រអតីតបក្សសង្គ្រោះជាតិ (ជណភ្រ) លុះបក្សប្រឆាំងនេះ រលំរលាយ បាត់ទៅ ពួកគាត់សំងំបាំងដៃចាំតែមើលឆាកនយោបាយ ដោយមិនប្រឡូកដូចមុន។ ពួកគាត់ទៅបោះឆ្នោតដែរ ព្រោះមាន ស្នាមប្រឡាក់ទឹកល័ខលុបមិនជ្រះ នៅចង្អុលដៃ តែមិនដឹងជាបោះឱ្យបក្សណា។ លុះបានជួបគ្នាផឹកកាហ្វេខ្មៅក្តៅហុយៗ ពួកគាត់ អូសហ្វេសប៊ុក តាមដាននយោបាយ ក៏ឮតាម្នាក់រអ៊ូក្តែងៗថា “បក្សហ្សេរ៉ូកៅអី អាណាជឿឯងទៀត?” បន្ទាប់ពីគាត់បាន ឃើញប្រធានបក្សហ្សេរ៉ូកៅអីម្នាក់ ផុសសំណេរតាមហ្វេសប៊ុក ដៀមដាមដល់បក្សដែលបានកៅអី។

“នគរធំ” ក៏បានឃើញសំណេរនេះដែរ តែក៏គ្មានប្រតកម្មអ្វីដែរ ព្រោះសិទ្ធិនៃការបញ្ចោញមតិគ្មានអ្នកណាឃាត់ទេ ប៉ុន្តែ តាៗញៀនកាហ្វេជាអតីតសកម្មជន នៃអតីតបក្សសង្គ្រោះជាតិ (ជណភ្រ) ដែលថា “បក្សហ្សេរ៉ូកៅអី អាណាជឿឯងទៀត?” គឺមានន័យឌឺឱ្យបក្សដែលចូលប្រកួតនឹងគេដែរ តែគ្មានបានកៅអីមួយធ្វើថ្នាំនឹងគេ។

លទ្ធផលត្រួសៗ បង្ហាញថា ជភភ ដណ្តើមបានកៅអីក្រុមប្រឹក្សាឃុំ-សង្កាត់ជាង៧០% ក្នុងនោះកៅអីមេឃុំ-ចៅសង្កាត់ ១៦៤៨។ ចំណែកបក្សភ្លើងទៀន បាន៤កៅអីមេឃុំ និងជាង២០០០កៅអីក្រុមប្រឹក្សា។ ក្រៅពីនេះ បក្ស៧ទៀត ខ្លះបាន៦ កៅអីខ្លះ៣ ខ្លះ១ អភ័ព្វអ្វីតែបក្សខ្មែរតែមួយ និងបក្សប៉ុន្មានទៀត “ហ្សេរ៉ូកៅអី”។

ទោះយ៉ាងណា ការប្រឡងអក្សរសិល្ប៍ គេទទួលស្គាល់អ្នកទទួលពានរង្វាន់លេខ១ លេខ២ និងលេខ៣ ដោយផ្តល់កិត្តិយស ដល់លេខ៤ និងលេខ៥។ បោះឆ្នោត ក៏យ៉ាងនេះដែរ មហាជនផ្តល់តម្លៃតែ ៣គណបក្ស ពីលេខ១ ដល់លេខ៣ និងផ្តល់កិត្តិយស ត្រឹមលេខ៥ បើ “ហ្សេរ៉ូតាផ្លាក” គ្មានអ្នកណាឱ្យតម្លៃទេ។ បក្សជាប់លេខ មានន័យថា “គាត់មានទឹកមាត់ប្រៃ” បើនិយាយ ទៅ មានគេស្តាប់តាម តែបើបក្សសូន្យកៅអី និយាយទៅដូចចាក់ទឹកលើក្បាលទា។

សម្រាប់បក្សមិនបានចូលប្រកួត ឬធ្វើពហិការ អត់សូវអីទេ ព្រោះ “គេស្ទង់កម្លាំងគាត់មិនបាន” ដូចក្រុមលោកកឹម សុខា ក្រុមលោកខឹម វាសនា ជាដើម មិនចូលរួមបោះឆ្នោត គ្មានអ្នកណាស្ទង់កម្លាំងបាន បើបក្សពួកគាត់និយាយស្តីអ្វីចេញទៅ មានគេទទួលស្តាប់យកទៅពិចារណា ផ្ទុយទៅវិញ “គោអូសរទេះកាត់ផុងមិនរួច” គេស្គាល់កម្លាំងទៅហើយ “តើអ្នកណាទុក ចិត្តគោហ្នឹងទៀត?”។

សុភាសិតសកលមួយថា “និយាយអ៊ីចេះ ធ្វើអ៊ីចុះ” (យ្សា នៀេ តហិនង នាដ មនោ នាតៀហរេ) មានន័យថា បក្សហ្សេរ៉ូ កៅអីនោះ បញ្ចោញវោហារសាស្ត្រ មិនគួរឱ្យទុកចិត្តទេ ព្រោះគាត់និយាយពីផ្ទះស្លឹក បែរជាទៅសង់ផ្ទះថ្ម តាមមហិច្ឆតា។ មូលហេតុមកពីនិយិយាផ្សេងធ្វើផ្សេង ទើបមហាជនមិនឱ្យតម្លៃ សូម្បីតែកៅអីជំទប់មួយក៏មិនបាននឹងគេ តើ “បានអីអួត ទៀត?” បើចោទថា “គ.ជ.ប លួចសន្លឹកឆ្នោតគាត់” ក៏មិនសមដែរ ព្រោះបើលួចមែននោះ គេលួចបក្សភ្លើងទៀន ឯណោះ ជាគូប្រកួតខ្លាំង មិនមែនប្រឹងលួចបក្សមិនខ្លាំងនោះទេ។

ជភភ ដែលបើកឱកាសឱ្យបក្សភ្លើនទៀន ចូលប្រកួត គឺមកពី “ចង់ដឹងកម្លាំងស្ទុះរបស់បក្សប្រឆាំង” ទោះជាដឹងថា មាន លោកសម រង្ស៊ី នៅពីក្រោយក្តី។ ឥឡូវលទ្ធផលដឹងច្បាស់ហើយ ពីមុន ជណភ្រ ដណ្តើមបាន ៥០០៧កៅអីមេឃុំ-ចៅសង្កាត់ ឥឡូវភ្លើងទៀន ជាប់ពូជ ជណ្រភ ដណ្តើមបានជាង ២០០០កៅអី មិនបានពាក់កណ្តាលផង គឺបរាជ័យនេះ មកពី “ពួកប្រជា-ធិបតេយ្យបែកបាក់គ្នា” ទោះជាបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ២០២៣ ក៏ ជភភ អាចដណ្តើមបានពី ៧០% ទៅ៩០% មិនស្រក-ស្រុតទេ ដរាបណាពួកប្រឆាំងនៅតែពាក់មុខយក្សដាក់គ្នា។

លោកគុជ លី និងសហការីលោកកឹម សុខា មួយចំនួន និយាយស្របគ្នាថា លោកសម រង្ស៊ី កំពុងប្រមូលភ័ស្តុតាងជូន ជភភ ដើម្បីរំលាយបក្សភ្លើងទៀន “តើអាណាជឿ?” ដូចអ្វីដែលតាញៀនកាហ្វេនិយាយគ្នា។ មិនជឿនៅត្រង់ “ហ្សេរ៉ូកៅអី” ហ្នឹងឯង ដូចអ្នករុតត្រីក្នុងបឹង គេឯទៀត រុតបានកន្លះៗទ្រុង តែពីរបីនាក់នោះឆ្នែងពេក រុតអត់បានត្រីមួយនឹងគេ លុះគាត់ ប្រាប់ថា “មកពីត្រីលោតរួច” តើ “អាណាជឿ?”។

ជភភ ធ្លាប់រករឿងរំលាយ ជណភ្រ ម្តងហើយ មិនល្ងង់អីទៅរំលាយ ឬផ្លុំពន្លត់ភ្លើងទៀន នោះទេ ដោយគេទុក “កំដរ ប្រជាធិបតេយ្យ” បើរំលាយភ្លើងទៀនមែននោះ គេរំលាយតាំងពីមុនបោះឆ្នោតម៉្លេះ។ រីឯលោកសម រង្ស៊ី ក៏មិនឆ្កួតអីទៅ អូសទាញ ជភភ ឱ្យរំលាយភ្លើងទៀននោះដែរ ដោយគាត់លើកឡើងថា “ឈ្នះតែ១កៅអី ក៏ហៅឈ្នះ” ខណៈដែលអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត អួតថា “ជណភ្រ អស់រលីងទៅហើយ បែរជាដណ្តើមបាន ៤អាសនៈមកវិញ នៅសង្កាត់អូរចារ”។

លោកសុន ឆ័យ ក៏ប្រកាសទទួលយកលទ្ធផលបោះឆ្នោតនេះដែរ ដោយត្រៀមធ្វើការចូល ជភភ នៅរដ្ឋអំណាចមូល-ដ្ឋាន មិនមែនដូចលោកគុជ លី បង្អាប់ថា “ចាញ់យ៉ាងអាម៉ាស់មុខបំផុត” នោះទេ ព្រោះបក្សលោកសុន ឆ័យ មានទឹកមាត់លេប គ្រាន់បើជាបក្សអត់ទឹកមាត់លេប លុះចេញទ្រឹស្តីទៅបានត្រឹមតាៗញៀនកាហ្វេធុញទ្រាន់។ ដោយឡែក អ្នកនយោបាយមិន ចេះឈ្លោះដៀមដាមគេ ដូចលោកយ៉ែម បុញ្ញប្ញទ្ធិ នៃគណបក្សកម្ពុជានិយម ឮថា បាន១កៅអី លោកជីវ កត្តា និងលោកកង គឹមហាក់ នៃគណបក្សខ្មែរស្រលាញ់ជាតិ ឮថា បាន៦កៅអី។ រឿងបានកៅអីខ្លះនេះ មកពីពួកគាត់ស្ងាត់ស្ងៀម មិនឌឺដងឱ្យគេ ផ្ទុយទៅវិញ បក្សឆន្ទៈខ្មែរ របស់កូនលោកគង់ គាំ ដែលមានឪពុកពូកែផ្តោះផ្តងឱ្យគេនោះ ឮថាហ្សេរ៉ូកៅអីដែរ បើហ្សេរ៉ូទៅ ហើយ និយាយឱ្យអ្នកណាស្តាប់?

សរុបទៅ ពាក្យសម្តីតាៗញៀនកាហ្វេថា “បក្សហ្សេរ៉ូកៅអី អាណាជឿទៀត?” មិនមែនជាពាក្យសម្តីចេញពី “នគរធំ” នោះទេ តែយើងដកស្រង់មតិមហាជនមកបរិយាយ។ ហេតុនេះ សម្រាប់បក្សឈ្នះកៅអីទាំង ៩នោះ និយាយទៅមានគេ ស្តាប់ តែបើរកកៅអីមួយធ្វើថ្នាំមិនបានយ៉ាងនេះ តើ “អាណាស្តាប់?” ហេស! ហេ!…’

RELATED ARTICLES