ភ្នំពេញ៖ឌុច លីដា ក្រោយមានស្វាមីនិងកូនប្រុសអាយុជាង២ឆ្នាំមកពេលនេះនាងមិនដែលហ៊ានទទួលថតសម្ដែងរឿងថ្មីៗណាដែលមានឈុតស្នេហាស្រើបស្រាលដូចកាលនាងនៅលីវមានដូចជារឿង”ស្បែកគង់”និង”នារីវេទមន្ដ”នោះទៀតទេ។ចំណុចនេះត្រូវបានគេសង្ស័យថាលីដា រងសម្ពាធពីស្វាមីព្រោះបុរសវ័យចំណាស់ដែលជាឪពុកកូនប្រុសនាងនោះជាមន្ត្រីរាជការ ហេតុនេះហើយមិនអាចអនុញ្ញាត្តិឲ្យភរិយាលោកលេងរោលរាលបានទេ ព្រោះខ្លាចប៉ៈពាល់ដល់កិត្តិយស។ ប៉ុន្ដែក្នុងជំនួបផ្ទាល់លីដា បែជាមិនទទួលស្គាល់ថានាងធ្លាប់លេងឈុតស៊ិចស៊ីនោះទេ ហើយថាប្ដីនាងក៍មិនដែលលូកដៃចូលក្នុងអាជីពសិល្បៈរបស់នាងដែរ ពោលគឺនាងផ្អាកទទួលការសម្ដែងរឿងថ្មីៗនាពេលនេះដោយសារតែរងចាំឲ្យកូនបានធំជាងនេះបន្ដិចសិន។

ឌុច លីដា បានបញ្ចេញរូបស្វាមីនាងឆ្លើយតបទៅការរិះគន់ពីទស្សនិកជនមួយចំនួនដែលថានាងរៀបការភ្នែកនៅកញ្ចឹងកកាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២០ តែនាងមិនដែលបណ្ដើរប្ដីទៅចូលរួមមង្គលការ ឬខួបកំណើតមិត្តរួមអាជីពឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់នោះលីដា ចង់ធ្វើឲ្យអ្នកថានាងមិនហ៊ានរៀបការជាចំហនោះភ្លឺភ្នែកតាមរយៈការចង់ដឹកដៃស្វាមីរៀបការជាសាធារណៈនៅពេលដែលកូនប្រុសនាងមានអាយុ៥ឆ្នាំពោលគឺនៅឆ្នាំ២០២៥ ខាងមុខនេះ។លីដា បានលើកហេតុផលថាចំពោះការព្យាពេលច្រើនឆ្នាំក្នុងការគ្រងឈុតក្រមុំកូន១នោះគឺដោយសារតែពេលកូននាងធំបន្ដិចគឺនៅថ្ងៃរៀបការនាងឲ្យគេធ្វើជាកូនអណ្ដើកតែម្ដង។តារាស្រអែមស្រស់រូបនេះក៍បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនដែរថាមង្គលការមិនមែនជារឿងសំខាន់បំផុតក្នុងជីវិតរបស់នាងនោះទេ ។ប៉ុន្ដែនាងថាការរស់នៅដោយចុះសម្រុងគ្នា និងថាតើមនុស្សពីរនាក់អាចកាន់ដៃគ្នាទៅមុខទៀតបានឬអត់នោះទើបជារឿងចាំបាច់ដែលត្រូវគិត។

ថ្វីត្បិតតែឌុច លីដា មិនដែលបង្ហាញលម្អិតពីមុខងារនិងតួនាទីរបស់ស្វាមីក្នុងជូរមន្រ្ដីរាជការមែន តែការបញ្ចេញរូបភាពកៀកកើយប្ដីប៉ុន្មានសន្លឹកនាពេលកន្លងមកនោះបញ្ជាក់ថាតារារូបនេះពិតជាយកប្ដីជាបុរសនៅលីវពិតប្រាកដមែន ព្រោះបើឪពុករបស់កូនប្រុសនាងមានប្រពន្ធហើយឬមិនទាន់លែងលះដាច់ស្រេចនោះប្រាកដជាការបញ្ចេញមុខប្ដីនៅពេលនេះមិនអាចទៅរួចឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់ក្រោយលីដា ឲ្យគេស្គាល់មុខប្ដីនោះស្រាប់តែមានអ្នកខ្លះបានចូលទៅខមិនទាំងឌឺដងដាក់នាងថាប្ដីនាងចាស់ និងខ្លះហៅថាជា”តា”ទៀតផង។តែលីដា មិនឆ្លើយតបអ្វីទាំងអស់ ហើយនាងតាមការពារស្វាមីតាមរយៈការមិនឈ្លោះជាមួយអ្នកដែលបង្អាប់ប្ដីនាងឡើយ។

សូមបញ្ជាក់ថាឌុច លីដា មុនប៉ៈប្ដីមន្រ្ដីរាជការនេះនាងក៍ធ្លាប់ជំពប់រឿងគេថាមានស្រីតាមស្នេហ៍ច្រើនដែរ រហូតដល់គេសង្ស័យថាស្រីស្រអែមស្រស់រូបនេះនឹងយកប្ដីស្រីទៀតផង។ប៉ុន្ដែលីដា ធ្វើឲ្យគ្រប់គ្នានិយាយលែងចេញព្រោះថាពេលនេះនាងមានស្វាមីនិងកូន១ទៅហើយ ហេតុនេះអ្នកដែលសង្ស័យថានាងស្រលាញ់ភេទដូចគ្នានោះបានត្រឹមតែគ្មានវាចាថ្លែង។

ក្រៅពីឌុច លីដា តារាដែលមានប្ដីហើយបោះបង់ការសម្ដែងឈុតស្នេហាស្រើបស្រាលមានដូចជានាងកុល ដាវី ,វ៉ាង ស្រីណូ និងបេនីយាំង ជាដើម។សម្រាប់លីដា វិញនាងអាចនឹងកាន់តែរយាលៗពីអាជីពសិល្បៈបន្ដិចម្ដងៗជាមិនខាព្រោះតារាកូន១រូបនេះវាចាថានាងចង់យកពេលធ្វើជាស្រ្ដីមេផ្ទះ និងមើលថែរកូនឲ្យបានដិតដល់ ទើបទទួលថតតែការងារសិល្បៈណាដែលខ្លីៗសិនប៉ុណ្ណោះ។ដោយឡែកសម្រាបការពពោះកូនទី២នាងថាមិនទាន់គិតដល់ឡើយ ព្រោះថាគ្រាន់តែមានកូន១នាងចង់វិលក្បុងអស់ទៅហើយ។

មជ្ឈដ្ឋានមហាជនរងចាំមើលថាតើឌុច លីដា អាចរក្សារចំណងស្នេហាបានគង់វង្សយូអង្វែង ហើយនៅ៣ឆ្នាំខាងមុខទៀតនាងនឹងហ៊ានរៀបការជាចំហដូចការតាំងចិត្តដែរឬយ៉ាងណា?