ភ្នំពេញ៖ពេជ្រ សោភា បានធ្វើខួបកំណើតគម្រប់អាយុ៣៩ឆ្នាំកាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០២២ ដែលខួបឆ្នាំនេះទោះជាគ្មានគូស្នេហ៍បង្ហាញខ្លួនដោយចំហមែន តែFan និងមិត្តភក្ដិអ្នករួមអាជីពរបស់នាងទៅហែហមនិងជូនពរច្រើនជាងឆ្នាំមុនៗ។អ្វីដែលគូឲ្យកត់សម្គាល់នោះនៅថ្ងៃខួបសោភា បានពាក់នាឡិការដៃម៉ាកRichard Mille តម្លៃខ្ទង់ជាង១០ម៉ឺនដុល្លារយ៉ាងកាលីពតែម្ដងដែលធ្វើឲ្យគេចាត់ទុកថាអ្នកមេម៉ាយវ័យក្បែរ៤០ឆ្នាំនេះពិតជាកាន់តែមិនធម្មតាមែន។ប៉ុន្ដែការដែលសោភា ធ្វើខួបដោយគ្មានសង្សារចាស់លោកឆឹម សក្កដា និងសង្សារថ្មីដែលនាងចាត់ទុកថាជាព្រះយេស៊ូគ្រិស្ដប្រទានឲ្យទៅចូលរួមដោយចំហនោះធ្វើតារាហង្សមាសរូបនេះហាក់រីករាយមិនអស់ពីចិត្តនោះទេ បើទោះជាលោកសក្កដា បានផ្ញើរសារដោយប្រយោលពីចម្ងាយជូនពរមិនចំឈ្មោះម្ចាស់ខួបតែសំដៅដល់សោភា ក្ដី។

មានការលើកឡើងថាពជ្រ សោភា កាន់តែមានវ័យជ្រេបន្ដិចទៅហើយព្រោះថាឆ្នាំក្រោយនេះនាងនឹងធ្វើខួបគម្រប់អាយុ៤០ឆ្នាំជាមិនខាន ដែលវ័យនេះសម្រាប់នារីភាគច្រើនគូតែមានកូនពី២ទៅ៣នាក់ហើយ។តែសម្រាប់សោភា វិញកន្លងមកធ្លាប់លេចឭថានាងមានកូនស្រី១ ប៉ុន្ដែនាងបានប្រកែកដោយអះអាងថាកុមារីនោះជាក្មួយរបស់នាងទៅវិញបើទោះជាក្មេងស្រីនោះមានត្រេមុខស្រដៀងនាងក្ដី។ដោយឡែកសម្រាប់តារាដែលមានវ័យត្រដុំត្រសងជាមួយសោភា វិញមានដូចជាឱក មាសសុខសោភា ,ឱក សុគន្ធកញ្ញា និងសុគន្ធ និសា ពេលនេះពួកគេមានប្ដីរៀងៗខ្លួនអស់ទៅហើយ ហេតុនេះហើយនៅសល់តែសោភា ម្នាក់ប៉ុណ្ណោះដែលមិនទាន់មានស្វាមី ហើយប្រសិនបើនាងនៅតែស្វែងរកគូស្នេហ៍តែបុរសរូបសង្ហារនិងវ័យក្មេងទៀតនោះច្បាស់ជាធ្វើឲ្យសោភា ប្រឈមអត់ប្ដីជាមិនខាន។នេះជាការលើកឡើងរបស់តារារួមអាជីពដែលមានកង្វល់ខ្លាចតែសោភា គ្មានគូគាប់ដូចគេ។

ទោះជាយ៉ាងណាជុំវិញអាយុកាន់តែច្រើនតែមិនទាន់មានស្វាមីនេះពេជ្រ សោភា ធ្លាប់ប្រាប់អ្នកយកយកព័តមានយើងថារឿងនេះមិនមែនជាក្ដីកង្វល់របស់នាងឡើយ។សោភា ដែលធ្លាប់ប៉ៈស្នេហ៍មិនសមប្រកបជាបន្ដបន្ទាប់អះអាងថាក្ដីសុខបំផុតរបស់នាងគឺការរស់នៅជួបជុំគ្រួសារ។នាងថាមិនមែនទាល់តែមានសង្សារឬប្ដីទើបមានក្ដីសុខពិតប្រាកដនោះឡើយ ហើយអ្នកថានាងស្រលាញ់តែប្រុសក្មេងនោះគឺខុសតែម្ដង ព្រោះអ្នកដែលស្រលាញ់នាងកន្លងមកភាគច្រើនគឺវ័យចំណាស់។ប៉ុន្ដែទាក់ទងរឿងសង្សារថ្មីដែលនាងទើបផ្សារភ្ជាប់ជិត៦ខែនេះសោភា បដិសេធការធ្វើអត្ថាធិប្បាយនិងផ្ដល់រូបបុរសពិសេសនោះ២នាក់នាងឲ្យចុះផ្សាយ៕

