ខេត្តបន្ទាយមានជ័យ ៖ ក្រុមអ្នកសារព័ត៌មាន ចំនួន៤នាក់ ត្រូវបានកម្លាំងយោធាការពារព្រំដែនគោក ៥០៣ ឃាត់ខ្លួនទៅធ្វើការសាកសួរ បន្ទាប់ពីបង្ហោះដ្រូន ក្បែរព្រំដែន មិនបានសុំការអនុញ្ញាត កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការវរការពារព្រំគោក លេខ៥០៣ បានប្រាប់ថា ក្រោយទទួលព័ត៌មានថា មានការបង្ហោះដ្រូន តាមដងផ្លូវជាតិលេខ៥៨ ក្បែរព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រករបៀងចម្ការគ ស្ថិតក្នុងភូមិចម្ការគ ឃុំស្លក្រាម ស្រុកស្វាយចេក ដោយគ្មានសុំការអនុញ្ញាត កម្លាំងយោធារការពារព្រំដែនគោក លេខ៥០៣ បានសុំយោបល់មេបញ្ជាការទិសទី១ យោធភូមិភាគទី៥ ហើយនាំខ្លួនអ្នកសារព័ត៌មានប្រុសស្រី ចំនួន៤រូប រួមជាមួយដ្រូនបង្ហោះ កាមេរ៉ា និងរថយន្ត ១គ្រឿង មកមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ហើយបានបញ្ជូនបន្តទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរ។

លោកវរសេនីយ៍ទោ ព្រម្ម ថេង ប្រធានមន្ទីស្រាវជ្រាវបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អ្នកសារព័ត៌មានទាំង ៤នាក់ បានប្រាប់ថា ពួកគាត់ត្រូវបានអង្គភាពចាត់តាំងឱ្យចុះមកថតទិដ្ឋភាព ដើម្បីយកទៅផលិតបទចម្រៀង “កម្ពុជាមាតុភូមិខ្ញុំ” ហើយបានថតរូបការអភិវឌ្ឍន៍យោធិនពិការ នៅមណ្ឌលតេជោភ្នំឆត្រ ហើយបង្ហោះដ្រូន ថតរូបភាពពីលើចំណុចបឹងធំ ជាប់ផ្លូវជាតិលេខ៥៨ និងទេសភាពការអភិវឌ្ឍក្បែរព្រំដែន។

ក្រោយពេលបង្ហោះដ្រូនថតរូបភាពពីលើចំណុចបឹង ក្បែរផ្លូវចូលច្រករបៀងចម្ការគ ក៏ត្រូវកម្លាំងយោធាហាមឃាត់ មិនឱ្យថត ហើយនាំទៅសាកសួរនៅបញ្ជាការវរការពារព្រំដែនគោកលេខ៥០៣ ដោយចោទថា បង្ហោះដ្រូន ដោយគ្មានការអនុញ្ញាត ហើយបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក រួចបញ្ជូនបន្តទៅខេត្ត៕