ប្រធានាធិបតីបារាំង លោកអ៊ីម៉ានូអ៊ែល ម៉ាក្រុង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានសញ្ញានៃឧក្រិដ្ឋកម្មសង្គ្រាមនៃការសម្លាប់រង្គាលនៅជាយទីក្រុងគៀវដោយកងកម្លាំងរុស្ស៊ី។
ឆ្នើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន លោកម៉ាក្រុន បាននិយាយថា អ៊ុយក្រែន ត្រូវឈ្នះសង្រ្គាមប្រឆាំងរុស្ស៊ី។ បារាំងនៅជាមួយអ៊ុយក្រែន ចាប់តាំងពីថ្ងៃផ្ទុះសង្រ្គាមដំបូង ហើយយើងនឹងដើរលើផ្លូវជាមួយគ្នារហូតដល់ទទួលបានជោគជ័យ។
លោកម៉ាក្រុង កំពុងបំពេញទស្សនកិច្ចជាមួយមេដឹកនាំអាល្លឺម៉ង់ អ៊ីតាលី និងរ៉ូម៉ានី នៅទីក្រុង Irpinដើម្បីបង្ហាញការគាំទ្រដល់អ៊ុយក្រែន និងថ្កោលទោសភាពព្រៃផ្សៃនៃការវាយប្រហារបំផ្លិចបំផ្លាញទីក្រុងរបស់រុស្ស៊ី តែបានសរសើរភាពក្លាហានរបស់អ្នកស្រុកIrpin ដែលបានរារាំងកងកម្លាំងរុស្ស៊ី ពីការវាយលុករដ្ឋធានី។
នៅក្នុងទីក្រុង Irpin សាកសពជនស៊ីវិល២៩០ នាក់ត្រូវបានរកឃើញ។
ការិយាល័យប្រធានាធិបតីបារាំងបាននិយាយថា លោកម៉ាក្រុង អធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកMario Draghi តំណាងឱ្យប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង3នៅអឺរ៉ុប បានធ្វើដំណើរទៅកាន់ទីក្រុងគៀវជាមួយគ្នានៅលើរថភ្លើងពិសេសកាលពីយប់ថ្ងៃពុធ ដែលផ្តល់ដោយអាជ្ញាធរអ៊ុយក្រែន។
អាមេរិកបន្ថែមជំនួយ១ពាន់លានដុល្លារអោយអ៊ុយក្រែន
នៅក្នុងការសន្ទនាតាមទូរស័ព្ទរយៈពេលជាង៤០នាទីជាមួយសមភាគីអ៊ុយក្រែន កាលពីថ្ងៃពុធប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានប្រកាសថា សហរដ្ឋអាមេរិកផ្តល់ជំនួយយោធាបន្ថែមចំនួន១ពាន់លានដុល្លារដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ី។
លោកបៃឌិន បាននិយាយថា ខ្ញុំបានជូនដំណឹងទៅប្រធានាធិបតីហ្សេឡិនស្គី ថា សហរដ្ឋអាមេរិកសម្រេចផ្តល់ជំនួយសន្តិសុខចំនួន១ពាន់លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែន រួម
មានកាំភ្លើងធំ និងអាវុធការពារឆ្នេរសមុទ្រ ក៏ដូចជាគ្រាប់រំសេវសម្រាប់កាំភ្លើងធំនិងប្រព័ន្ធរ៉ុក្កែតទំនើបដែលអ៊ុយក្រែន ត្រូវការដើម្បីគាំទ្រដល់ប្រតិបត្តិការការពាររបស់ពួកគេនៅក្នុង Donbas។
បន្ថែមពីលើអាវុធ និងគ្រាប់រំសេវ លោក បៃឌិនបាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយមនុស្សធម៌ចំនួន២២៥ លានដុល្លារដល់ទីក្រុងគៀវបន្ថែមទៀតសម្រាប់ ការផ្គត់ផ្គង់ទឹកស្អាត ការផ្គត់ផ្គង់វេជ្ជសាស្រ្តសំខាន់ៗ ការថែទាំសុខភាពអាហារទីជម្រកនិងសាច់ប្រាក់សម្រាប់គ្រួសារដើម្បីទិញរបស់របរសំខាន់ៗ។
សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយផ្នែកសន្តិសុខចំនួនប្រហែល៦,៣ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃរដ្ឋបាលលោកបៃឌិនរួមទាំងប្រមាណ៥,៦ពាន់លានដុល្លារចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយ របស់រុស្ស៊ីកាលពីថ្ងៃទី ២៤ខែកុម្ភៈ។ ចាប់តាំងពីឆ្នាំ ២០១៤សហរដ្ឋអាមេរិកបានផ្តល់ជំនួយសន្តិសុខដល់អ៊ុយក្រែនច្រើនជាង៨,៣ពាន់លានដុល្លារ៕