បន្ទាប់ពីកិច្ចប្រជុំរួមគ្នារវាងប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី និងមេដឹកនាំសហភាពអឺរ៉ុបធំៗទាំង4 នៅទីក្រុងគៀវ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីបារាំងលោក អេម៉ានូអ៊ែល ម៉ាក្រុង បាននិយាយថា មេដឹកនាំអាល្លឺម៉ង់ បារាំង អ៊ីតាលី និងរូម៉ានីពេញចិត្តក្នុងការផ្តល់ឋានៈ បន្ទាន់ដល់អ៊ុយក្រែនជាសមាជិករបស់សហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋរុស្ស៊ី RT។
លោកម៉ាក្រុងបានប្រកាសជាលើកដំបូងថា សមាជិកសហភាពអឺរ៉ុបបច្ចុប្បន្នទាំងអស់ គាំទ្រក្នុងការផ្តល់ឋានៈអ៊ុយក្រែន ជាបេក្ខជនភ្លាមៗ ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប។
លោកក៏បានបន្ថែមថា ប្រទេសបារាំងនឹងផ្តល់កាំភ្លើងធំ Ceasar រយៈចម្ងាយឆ្ងាយចំនួនប្រាំមួយគ្រឿងបន្ថែមទៀតដល់អ៊ុយក្រែន ខណៈ១២គ្រឿងបានផ្តល់រួចហើយ។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា ការធ្វើដំណើរមកអ៊ុយក្រែនរបស់ខ្ញុំ គឺជាសារច្បាស់លាស់មួយ បញ្ជាក់ថា អ៊ុយក្រែនជាកម្មសិទ្ធិរបស់គ្រួសារអឺរ៉ុបហើយថាអាល្លឺម៉ង់នឹងគាំទ្រការសម្រេចចិត្តជាវិជ្ជមានលើការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែននិងម៉ុលដាវី។
ចំណែកឯលោក Dragh នាយករដ្ឋមន្ត្រីអ៊ីតាលី ក៏បានសម្តែងការគាំទ្រចំពោះឋានៈបេក្ខជនរបស់អ៊ុយក្រែនដោយបញ្ជាក់ថា
យើងឈានដល់ចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្ររបស់យើង។ប្រជាជនអ៊ុយក្រែនការពារជារៀងរាល់ថ្ងៃនូវតម្លៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាពដែលគាំទ្រគម្រោងអឺរ៉ុប។ យើងមិនអាចរង់ចាំនិងពន្យារពេលបានទេ។
មេដឹកនាំអ៊ីតាលីក៏បានលើកឡើងអំពីការបំផ្លិចបំផ្លាញដែលអ៊ុយក្រែន បានស៊ូទ្រាំក្នុងអំឡុងពេលជម្លោះជាមួយរុស្ស៊ីដោយបញ្ជាក់ថារុស្ស៊ីបានបំផ្លាញកន្លែងបណ្តុះកូនសួនកុមារ។ ទោះជាយ៉ាងណា លោកបានប្តេជ្ញាថា អ៊ុយក្រែននឹងត្រូវបានកសាងឡើងវិញដោយមានជំនួយពីអឺរ៉ុប។
ទន្ទឹមនឹងនេះលោកហ្សេឡិនស្គីបានជំរុញឱ្យមេដឹកនាំដែលមកបំពេញទស្សនកិច្ចដាក់សម្ពាធបន្ថែមទៀតលើប្រទេសរុស្ស៊ីនិងទទួលយកកញ្ចប់ទណ្ឌកម្មថ្មីទីប្រាំពីរប្រឆាំងនឹងទីក្រុងម៉ូស្គូ ដោយលើកហេតុផលថាការឈ្លានពានរបស់ខ្លួនគឺជាការវាយប្រហារប្រឆាំងនឹងអឺរ៉ុបទាំងអស់។
មេដឹកនាំអ៊ុយក្រែន ក៏បានទទូចសុំអាវុធកាន់តែច្រើន ពីប្រទេសលោកខាងលិចដើម្បីរំដោះទឹកដីដែលកាន់កាប់ដោយរុស្ស៊ីអោយបានកាន់តែលឿន។
បញ្ហានាំចេញកសិផល
ជាមួយគ្នានេះដែរប្រធានាធិបតីបារាំងក៏បាននិយាយដែរថា សហភាពអឺរ៉ុបកំពុងរកផ្លូវនាំចេញសម្រាប់គ្រាប់ធញ្ញជាតិ ពីអ៊ុយក្រែនតាមរយៈប្រទេសរូម៉ានី។នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយប៉ុស្តិ៍ទូរទស្សន៍បារាំង TF1 ពីទីក្រុងគៀវលោកបានថ្លែងថាថាតំបន់Odesa មានចម្ងាយច្រើនគីឡូម៉ែត្រពីប្រទេសរូម៉ានី។លោកបានបន្ថែមថា គ្រាប់ធញ្ញជាតិនឹងត្រូវបាននាំចេញពីប្រទេសរូម៉ានីតាមទន្លេ Danubeនិងចូលទៅក្នុងប្រព័ន្ធផ្លូវដែក។
លោកបានអំពាវនាវឱ្យរុស្ស៊ីទទួលយកថាអង្គការសហប្រជាជាតិរៀបចំការនាំចេញធញ្ញជាតិដែលតម្រូវឱ្យមានការដកការបិទផ្លូវរបស់រុស្ស៊ីនៅលើកំពង់ផែអ៊ុយក្រែននិងផ្តល់ការធានាសន្តិសុខទាំងអស់សម្រាប់អ៊ុយក្រែនដើម្បីអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិទាំងនេះ៕