Friday, October 25, 2024
Homeតារាខ្មែរគង់ សុជាតិ ៖ការកូនច្បងថ្ងៃស្អែក!

គង់ សុជាតិ ៖ការកូនច្បងថ្ងៃស្អែក!

ភ្នំពេញ៖អ្នកនាងគង់ សុជាតិ និងស្វាមីនាងលោកជា វិបុល បានត្រៀមខ្លួនជាច្រើនខែ​ដើម្បីធ្វើជាឪពុកម្ដាយរបស់​កូនច្បងអ្នកនាងសុជាតិ ឈ្មោះលោកម៉ៅ សាលភាពបុត្រ ត្រូវរៀបការជាមួយកញ្ញាឈន ពុទ្ធាវីន នៅថ្ងៃទី១៨ខែ​មិថុនាឆ្នាំ២០២២ ដែលពិធីនេះមានការរៀបចំតាមប្រពៃណីខ្មែរ​ទាំងអស់រួមទាំងកម្មវិធីជប់លៀងផងធ្វើនៅអគារH និងI ដឺព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។

 ពិធីការិនីល្បីល្បាញជាង២ទសវត្សន៍អ្នកនាងគង់ សុជាតិ បានថ្លែងសារនៅថ្ងៃចូលរោងកូនប្រុស​សំណព្វ​ចិត្តរ​ប​ស់​​នាងថាពេលវេលាដែលអ្នកនាងទន្ទឹងរងចាំគឺមកដល់ហើយ ដែលនាងមានក្ដីរីករាយ និងរំភើប​ព្រោះ​នៅថ្ងៃទី​១៨​ខែ​មិថុនាឆ្នាំ២០២២ ជាថ្ងៃជ័យសេរីសួ​ស្ដី​​របស់កូនប្រុសស្រីនាងទាំងពីរ។សុជាតិ ក៍ធ្លាប់វាចាថានាងមាន​មោទ​នភាពដែលបានចិញ្ចឹមបីបាច់កូនប្រុសឲ្យបានរៀនសូត្រមានចំណេះដឹង រហូតពេលនេះគេត្រូវមានគូស្រករ។

 តាមព័តមានថាមង្គលការកូនទី១របស់អ្នកនាងគង់ សុជាតិ នឹងមានភ្ញៀវជាអ្នកមានមុខមាត់ក្នុង​សង្គម​ច្រើន​ចូល​រួមហើយ​ក្នុងនោះគេរំពឹងថាតារាល្បីៗជាច្រើនដួងក៍លេចមុខក្នុងពិធីនោះ​ដែរព្រោះថាសុជាតិ និងស្វាមីនាង​លោ​ក​វិបុល ជាតារាល្បីលំដាប់ជូរមុខហើយអ្នកទាំងពីរកម្រនិងមានកម្មវិធី​ផ្ទាល់ខ្លួនណាស់ពោលគឺគូស្នេហ៍តារា១​គូ​នេះដើរតែកម្មវិធីគេរហូតអីចឹង​រឿង​​អីយូៗមានកម្មវិធីខ្លួនឯងម្ដងដែលតារារួមអាជីពត្រូវអាកខាននោះ?តែសុជាតិ បង្ហើបថាសម្រាប់តារាសិល្បៈអ្នកនាងអញ្ជើញភាគច្រើនគឺជាតារានៅហង្សមាស ហើយតារាខ្លះមិនសូវស្និតនាង​មិនហៅនោះទេព្រោះខ្លាចចិត្តគេដោយសារតែមុននេះកូវីដអូសបន្លាយរាប់ខែធ្វើឲ្យម្នាក់ៗពិបាកលុយកាក់អីចឹងនាងមិនចេះតែហៅគេគ្រប់គ្នានោះទេ។

 សូមរំលឹកថាលោកម៉ៅ សាលភាពបុត្រ ជាកូនច្បងរបស់អ្នកនាងសុជាតិ ជាមួយអតីតស្វាមីលោកម៉ៅ សាល​ភាព នោះបានភ្ជាប់ពាក្យជាមួយអ្នកនាងឈន ពុទ្ធាវីន កាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២០ ។នេះគឺជាការរៀបចំ​កម្មវិធី​ធំលើកទី១របស់សុជាតិ បន្ទាប់ពីនាងបានការប្អូនប្រុសកាលពីជិត៧ឆ្នាំមុន ហេតុនេះហើយទាំងសុជាតិ និងស្វាមីនាងរំពឹងថាភ្ញៀវជាច្រើននឹងចូលរួមផ្ដល់កិត្តិយសដល់ក្រុមគ្រួសារនាងជាមិនខាន៕

RELATED ARTICLES