ភ្នំពេញ ៖ កញ្ញាភេទទី៣ កក្កដា សោភ័ណ្ឌ បានចូលផឹកស៊ីនៅក្នុងហាងមួយកន្លែង រួចក៏កើតមានទំនាស់ពាក្យសម្តីជាមួយនឹងមនុស្សមួយក្រុម មានភេទទី៣ និងស្រី ដែលធ្លាប់ជាគូទំនាស់ ក្នុងនោះក៏មានស្រីម្នាក់ ជាសង្សាររបស់អតីតប្រុសស្នេហ៍នាងផងដែរ មានរហូតក្លាយជាអំពើហិង្សា ត្រូវក្រុមមនុស្ស៣នាក់នោះ ព្រួតវាយក្បាលនឹងស្បែកជើង បោចសក់ បណ្តាលឱ្យកក្កដា សោភ័ណ្ឌ រងរបួសក្បាល ហើមជាំនិងដាច់រលាត់។
ករណីអំពើហិង្សាដោយចេតនានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខហាងផឹកស៊ី ១កន្លែង យីហោ Shakasalaka មានទីតាំងស្ថិតនៅតាមផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។
ជនរងគ្រោះដែលត្រូវគូទំនាស់ ៣នាក់ ព្រួតវាយ បណ្តាលឱ្យរងរបួសនោះ មានឈ្មោះ កក្កដា សោភ័ណ្ឌ ភេទទីបី ស្នាក់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។ ដោយឡែកជនដៃដល់ ត្រូវបានជនរងគ្រោះប្រាប់ថា មានឈ្មោះកុសមៈ និងបក្ខពួកជាភេទទីបី២នាក់ទៀត អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។
តាមការរៀបរាប់ពីជនរងគ្រោះ កក្កដា សោភ័ណ្ឌ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា ៣នាក់ ជាភេទទី៣ បានចេញពីខុនដូ នៅខណ្ឌទួលគោក ហើយក៏បានចូលទៅផឹកស៊ីនៅហាងខាងលើ។ លុះពេលកំពុងផឹកស៊ី ក៏មានជនសង្ស័យមួយក្រុមទៀត មានគញនា៣នាក់ ស្រីមានប្រុស ដែលអង្គុយផឹកស៊ីនៅតុជិតគ្នា ពេលនោះមាននារីម្នាក់ក្នុងចំណោមនោះ ដែលអង្គុយផឹកស៊ីនៅក្បែរនោះ និងជាអតីតគូទំនាស់របស់នាង (ជាសង្សាររបស់បុរសជាអតីតសង្សារនាង) បានមកសុំជល់កែវជាមួយខ្លួន ហើយបង្អកស្រាខ្លួន អស់កន្លះកែវ។
ជនរងគ្រោះ បន្តថា ពេលផឹកហើយ ខ្លួនក៏បានដើរចេញមកក្រៅហាង ដើម្បីទិញភេសជ្ជ:ផឹក តែពេលដើរមកដល់ ស្រាប់តែលេចមុខជនបង្កហេតុ ៣នាក់នោះ បានចាប់ទាញដៃរបស់នាង ធ្វើឱ្យធ្លាក់ទូរស័ព្ទរបស់បក្ខពួកគេជាជនបង្កហេតុ ស្រាប់តែជនបង្កហេតុទាំង ៣នាក់នោះ បានបង្ខំឱ្យខ្លួនសងថ្លៃខូចខាតទូរស័ព្ទ ចំនួន៥០ដុល្លារ តែខ្លួនមិនព្រមសង ព្រោះមិនមែនជាកំហុសរបស់ខ្លួន ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តី រហូតប្រើហិង្សា ដោយខាងភាគីជនបង្កហេតុទាំង ៣នាក់នោះ បានយកដៃនិងស្បែកជើងវាយក្បាលរបស់ខ្លួន និងវាយបោចសក់ ខ្វាច បណ្តាលឱ្យរងរបួសហើមជាំក្បាល និងដាច់រលាត់សៀតផ្កាចំហៀងខាងស្តាំ ហូរឈាម និងត្រូវត្រង់ក្តោងច្រមុះ ហើយបន្ទាប់មក ក៏ត្រូវបានអ្នកនៅទីនោះ នាំគ្នាជួយឃាត់ ចាប់បំបែកចេញពីគ្នាតែម្តង។
ក្រោយពេលកើតហេតុ ភាគីជនបង្កហេតុទាំង ៣នាក់ បានជិះម៉ូតូកង់បី គេចចេញទៅបាត់។ ចំណែកជនរងគ្រោះ (កក្កដា សោភ័ណ្ឌ) ក៏បានត្រឡប់ទៅកន្លែងស្នាក់នៅរបស់ខ្លួនវិញ ដោយមិនទាន់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលនៅឡើយ។
នៅរាត្រីថ្ងៃដដែលនោះ ជនរងគ្រោះ កក្កដា សោភ័ណ្ឌ បានឡាយវីដេអូ តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន បកស្រាយពីករណីបង្កហិង្សាលើរូបនាងខាងលើនេះ ដោយដំបូងនាងគិតថាមិនប្តឹងជនបង្កហេតុនោះទេ ដោយសារអាណិតម្តាយជនសង្ស័យនោះដែលក្រក្រី តែទីបំផុត ដោយមានការជំរុញពីមិត្តភក្តិជាច្រើន ទើបកក្កដា សោភ័ណ្ឌ សម្រេចចិត្តត្រឡប់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់តែម្តង។
កក្កដា សោភ័ណ្ឌ បានរៀបរាប់នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ថា “ខ្ញុំធ្លាប់មានរឿងជាមួយម្នាក់ស្រីហ្នឹង តាំងពីយូរហើយ មុនដំបូង ពេលដែលខ្ញុំដើរចូលកន្លែងមួយហ្នឹង មីម្នាក់ស្រីហ្នឹង ខ្ញុំទទួលស្គាល់ថា ខ្ញុំធ្លាប់វ៉ៃគ្នាជាមួយវា តាំងពី២ឆ្នាំមុន តាំងពីខ្ញុំមិនទាន់ធ្វើច្រមុះ ស្តាប់ឱ្យច្បាស់ ខ្ញុំធ្លាប់មានរឿងជាមួយវាម្តងហើយ កាលពី ២ឆ្នាំមុន បន្ទាប់មក ជួបមុខគ្នានៅខាងក្រៅ វាធ្វើខ្មឺតអ៊ីចឹង កាលហ្នឹង ២ឆ្នាំមុន ធ្លាប់វ៉ៃគ្នានៅសួនវត្តបទុម ម្តង បន្ទាប់មក វាជួបខ្ញុំ មានរឿងរហូត តាំងពីហ្នឹងមក វាពីមុន វា ៣វ៉ៃ១ អ៊ីចឹងដែរ ហើយខ្ញុំបានបោចសក់វា ហើយមិញហ្នឹង ៣វ៉ៃ១ហ្នឹង គឺម្នាក់មួយស្រីហ្នឹង និងបក្ខពួក ២នាក់ទៀត តាំងពីមានរឿងមួយគ្នា ២ឆ្នាំមុនមក មួយរយៈក្រោយនេះ ប៉ុន្មានខែមុន សង្សារចាស់ខ្ញុំ ដែលខ្ញុំបានបែកគ្នា បានទៅយកវា វាក៏បានជេរគ្នាជាមួយខ្ញុំ បន្តបន្ទាប់មក ហើយបានជាមានរឿងគុំខ្ញុំរហូតទៅ។ វាយកសង្សារចាស់របស់ខ្ញុំ បែកគ្នា៣-៤នាក់ ហើយវាចេះតែជេរខ្ញុំតាមឆាតមករហូត។ នៅយប់កើតហេតុនោះ ខ្ញុំជាមួយមិត្តភក្តិខ្ញុំ ចូលទៅលេងធម្មតាទេ ចំណែកវា របៀបថា វាមកសុំទោសយើង វាមកបញ្ច្រកស្រាខ្ញុំ ដូចមករាប់អានខ្ញុំអ៊ីចឹង វាធ្វើអ៊ីចឹងដើម្បីអី? វាចង់ធ្វើស៊ីខ្ញុំម្តងទៀត វាធ្វើអ៊ីចឹងហួសហេតុណាស់ ម្នាក់ស្រីមួយដែលគ្នាវាហ្នឹង ម្នាក់កន្ធាត់ហ្នឹង ត្រូវម្នាក់ស្រីដែលឈ្លោះជាមួយួខ្ញុំ ធ្វើឱ្យជ្រុះទូរស័ព្ទ រួចហើយវាចោទមកខ្ញុំ។ និយាយទៅ វាចង់បានលុយពីខ្ញុំ ពេលហ្នឹងខ្ញុំដើរម្នាក់ឯងទេ តែម្នាក់នោះ មកទាញដៃខ្ញុំទៅ ក៏ត្រូវម្នាក់ស្រីហ្នឹង ជ្រុះទូរស័ព្ទ វាដឹង តែវាចង់បានលុយខ្ញុំ វានិយាយថា «អ្នកឯងឱ្យលុយប្រុស ១គរគោកហើយ អ្ងែងមិនជួយសងជំនួសមិត្តភក្តិអ្ងែង ៥០ដុល្លារទៅ!» ខ្ញុំមានរឿងអីត្រូវសង? ព្រោះខ្ញុំមិនបានធ្វើខុស វាចង់បានលុយខ្ញុំ វាថាអ្ងែងមានលុយប៉ុណ្ណឹង ជួយស៊ែរគេទៅ វាថាចេញលុយឱ្យប្រុសគរគោក គ្រាន់តែលុយ ៥០រៀល ហ្នឹងជួយចេញវាទៅ អ៊ីចឹងលុយខ្ញុំរកសុខៗ មកបំពេញក្តីសុខរបស់ខ្ញុំ អូខេខ្ញុំឱ្យបាន តែនេះវាមកចង់បានលុយខ្ញុំ ដូចប្លន់លុយខ្ញុំទាំងរស់អ៊ីចឹង អត់មានត្រូវមកធ្វើអ៊ីចឹងទេ ខ្ញុំចង់សុំឱ្យម្ចាស់ហាងចិន ហ្នឹង ឆែកកាមេរ៉ាមុខហាងមើលថា តើអ្នកណាដែលធ្វើឱ្យជ្រុះទូរស័ព្ទហ្នឹង? ហើយខ្ញុំអាណិតម្នាក់ស្រីហ្នឹងណាស់ ម្នាក់វ៉ៃខ្ញុំហ្នឹង ខ្ញុំអាណិតវាតាំងពីដំបូង ម៉ែឪវាអត់មានលុយទេ ខ្ញុំរកដាក់ពាក្យបណ្តឹង តាំងពី២ឆ្នាំមុន តាំងពីមិនទាន់ធ្វើច្រមុះម៉្លេះ តែខ្ញុំអត់ប្តឹង ដោយសារអី? ដោយសារខ្ញុំអាណិតអាសូរវា ឃើញម៉ែឪវា លក់អីត្រុកៗ មីមួយហ្នឹងរាងខ្មៅតិចហ្នឹង ខ្ញុំភ្លេចឈ្មោះវាហើយ ខ្ញុំអាណិតវាដល់ថ្នាក់ហូរទឹកភ្នែក ដល់ពេលខ្ញុំរកប្តឹងវា គេប្រាប់ថា វាក្រ បងកុំធ្វើអ៊ីចឹង អ៊ីចឹងដោយសារចិត្តអាណិត ទើបខ្ញុំមិនរករឿងវា»។
កក្កដា សោភ័ណ្ឌ បន្តថា «ខ្ញុំគិតថា ខ្ញុំធ្លាប់បួសរៀនដែរ ខ្ញុំទៅប្តឹងវា ឱ្យវាអស់លុយធ្វើអី? ដល់មិញហ្នឹង វាមកព្រួតវ៉ៃខ្ញុំ កាលពីមុនមានរឿងជាមួយខ្ញុំ ក៏វាព្រួតគ្នាវ៉ៃខ្ញុំដែរ ហើយមិញហ្នឹង បើ១ស្មើ ខ្ញុំអត់ឱ្យវារួចខ្លួនទេ។ ខ្ញុំអត់ប្តឹងទេ ព្រោះខ្ញុំមិនចង់ឱ្យម្តាយគាត់មកអង្វរខ្ញុំ ព្រោះអីម្តាយគាត់ហ្នឹងក្រមែន ហើយកូនវិញ ដើរធ្វើចរិតហាយសូ ខ្ញុំមិនអាណិតម្នាក់ស្រីហ្នឹងទេ តែខ្ញុំអាណិតម្តាយរបស់គាត់ ម្តាយខំធ្វើការ ដើរលក់អីត្រុកៗ យកលុយដើម្បីឱ្យកូន ម្នាក់ស្រីហ្នឹងរៀន ធ្វើការក៏អត់ធ្វើការ ហើយបងប្អូនទាំងអស់គ្នា សូមកុំស្អប់គាត់ ខ្ញុំលើកដៃសំពះ ដោយសារអី ដោយសារមនុស្សស្រីហ្នឹងវាភ្លើតភ្លើន អត់មានម៉ែឪប្រដៅអ៊ីចឹងហើយ ខ្ញុំអត់ចង់ប្តឹងផ្តល់ ទី១-នាំខាតពេលវេលា ទី២-រឿងក្មេងៗ សំខាន់ទី៣-ខ្ញុំអាណិតម៉ែឪម្នាក់ស្រីហ្នឹង ខ្ញុំអត់នឹកស្មានដល់ទេ ខ្ញុំទៅដើរលេងសោះ ស្រាប់តែវាមកបញ្ច្រកស្រាយើង ធ្វើដូចវារាប់អានយើងអ៊ីចឹង យើងគិតថា អភ័យទោសឱ្យវា អហោសិកម្មឱ្យវា តែមានដឹងថា វាធ្វើអ៊ីចឹង ដើម្បីអីចឹងឯណា តាមពិតវាគុំខ្ញុំ វាច្រណែនខ្ញុំ ព្រោះមានមនុស្សប្រុសស្រលាញ់ខ្ញុំច្រើន លុះបែកជាមួយខ្ញុំ ក៏ទៅយកវា។ យ៉ាងណា ពេលនេះ ខ្ញុំសម្រេចដាក់ពាក្យបណ្តឹងហើយ ព្រោះគិតចុះគិតឡើង បើមិនដាក់ពាក្យប្តឹងទេ នាំពួកវាបានចិត្ត ពិសេសខ្លាចមានរឿងថ្ងៃក្រោយទៀត ត្រូវគេតាមធ្វើបាបទៀត…”៕