ខេត្តបាត់ដំបង ៖ យុវជនម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីធំធេងដោះស្រាយមិនចេញ ក៏សម្រេចចិត្តលេបថ្នាំងងុយដេក ប្រមាណ៥០គ្រាប់ សម្លាប់ខ្លួន ដោយបន្សល់ទុកបណ្តាំ សុំឱ្យម្តាយធម៌ យកសពរបស់ខ្លួន ទៅកប់ក្បែរផ្នូរឪពុកផង។
ករណីធ្វើអត្តឃាត ដោយលេបថ្នាំសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចបុរីរតនៈ ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
យុវជនដែលលេបថ្នាំងងុយដេកសម្លាប់ខ្លួននោះ មានឈ្មោះម៉េង ហុង ភេទប្រុស អាយុ១៨ឆ្នាំ ជាក្មេងកំព្រា សព្វថ្ងៃរស់នៅក្នុងភូមិកន្លែងកើតហេតុខាង ជាមួយមិត្តភក្តិរាប់អានគ្នាដូចបងប្អូនបង្កើត មានមុខរបរលក់ផ្លែឈើ លក់ទឹកអប់ប្រេងម្សៅ តាមអនឡាញ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះដែលត្រូវជាអ្នករាប់អានគ្នា រវល់ចេញទៅចម្ការទុរេន នៅស្រុកសំឡូត ប៉ុន្មានថ្ងៃ ដោយទុកឱ្យជនរងគ្រោះនៅចាំផ្ទះតែម្នាក់ឯង។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ ពេលដែលម្ចាស់ផ្ទះត្រឡប់មកពីចម្ការទុរេនវិញ ចូលដល់ក្នុងផ្ទះមានធុំក្លិនស្អុយចម្លែក ទើបដើររកមើល ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ មានសភាពហើមស្អុយរលួយទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។
ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព ដល់ទីតាំងកើតហេតុ រួចបញ្ជាក់ថា សពជនរងគ្រោះ មានសភាពហើមនិងស្អុយរលួយទៅហើយ ដោយបានលេបថ្នាំងងុយដេក អស់ប្រមាណជាង៥០គ្រាប់។ ជាមួយនេះ នៅក្បែរសាកសព សមត្ថកិច្ចបានរកឃើញកូនសំបុត្រពណ៌លឿងមួយ ដែលជនរងគ្រោះបន្សល់ទុក ដោយបានសរសេរប្រាប់ម្ចាស់ផ្ទះថា “ចែលី ឱ្យខ្ញុំសុំទោស ខ្ញុំរស់នៅជាមួយចែ រីករាយណាស់ ខ្ញុំហត់ហើយ ខ្ញុំចង់សម្រាក…”។
តាមសាច់ញាតិជនរងគ្រោះ បានអះអាងថា ជនរងគ្រោះអាចលេបថ្នាំសម្លាប់ខ្លួន នៅអំឡុងយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ព្រោះពេលរសៀល គាត់បានទូរស័ព្ទជួបគ្នា ហើយប៉ុន្មានម៉ោងក្រោយមក ឃើញជនរងគ្រោះបានសរសេរបង្ហោះក្នុងហ្វេសប៊ុក ផ្តែផ្តាំម៉ែធម៌ថា ឱ្យមកយករូបគេទៅដាក់ជិតផ្នូររបស់ឪពុករបស់គេផង តែមិនបានចាប់អារម្មណ៍ លុះដល់ថ្ងៃកើតហេតុ ពេលត្រឡប់មកដល់ផ្ទះវិញ ក៏ឃើញសភាពបែបនេះតែម្តង។
ករណីខាងលើនេះ ក្រោយពីសមត្ថកិច្ច ជាមួយនិងគ្រូពេទ្យជំនាញ ចុះពិនិត្យធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារលេបថ្នាំងងុយដេកលើសកម្រិត អស់ចំនួនជាង៥០គ្រាប់។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕