Monday, December 23, 2024
Homeបរិយាយអាសនា​នុ​ក្រម មាន​ន័យ​ដូច​ម្តេច?

អាសនា​នុ​ក្រម មាន​ន័យ​ដូច​ម្តេច?

នៅក្នុងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា បានយកពាក្យ អាសនានុក្រមមកប្រើ ដែលមានប្រភពពីភាសាបាលីសំស្ក្រឹត សម្រាប់តែអ្នកចេះដឹងឆាប់យល់ ប៉ុន្តែ ចំពោះប្រជាពលរដ្ឋសាមញ្ញ ដែលវប្បធម៌មានកម្រិត មិនសូវយល់ពាក្យនេះទេ។ កាល បើមិនយល់ ច្បាស់ជាមិនយកចិត្តទុកដាក់ ឬមិនចាប់អារម្មណ៍ ធ្វើឱ្យពាក្យនេះមានតែលើក្រដាស មិនបានជ្រួតជ្រាបទូលំទូលាយ ក្នុងមជ្ឈដ្ឋានមហាជន ទើបនគរធំសូមលើក អាសនានុក្រមមកធ្វើប្រធានបទបរិយាយថ្ងៃនេះ

កាលពីពេលថ្មីៗនេះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសថា រូបលោកនៅតែមានឋានៈជាប្រធាន ក្រុមមតិភាគតិចនៅរដ្ឋសភាដដែល ខណៈដែលលោកកឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំងដ៏ធំនេះបានឡើងជំនួសតំណែង លោកជា ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិហើយរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស ទទួលស្គាល់លោកកឹម សុខា ជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា។ លោកសម រង្ស៊ី បានទាំងប្រកាសពីសមភាគី (ភាគី ស្មើគ្នា) គឺរូបលោក ស្មើនឹងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន រីឯលោកកឹម សុខា ស្មើនឹងសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង។ ការប្រកូកប្រកាស តាមហ្វេសប៊ុករបស់លោកសម រង្ស៊ី ពីក្រៅប្រទេសមកនោះ ត្រូវបានលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បង្អាប់ថា ជីវិតនយោបាយលោកសម រង្ស៊ី រលត់ពេលនេះហើយ

ក្តាប់បានពីការប្រកូកប្រកាស និងបន្តុះបង្អាប់គ្នានេះនគរធំចាត់ទុកថា ជារឿងធម្មតាសម្រាប់អ្នកនយោបាយ គ្មាន អ្វីប្លែកទេ ប៉ុន្តែ យើងចាប់អារម្មណ៍ត្រង់ពាក្យថាសមភាគីដែលពាក់ព័ន្ធនឹងអាសនានុក្រមចាំបាច់ត្រូវតែបរិយាយ លម្អិតនៅពេលនេះ។

អាសនានុក្រមជាភាសាបាលីសំស្ក្រឹត មកពីអាសន+អនុក្រម។អាសនអាសនៈអាសន៍មានន័យថា កន្លែងអង្គុយ ទីអង្គុយ សំដៅដល់កៅអី ឬកម្រាលសម្រាប់អង្គុយ។ ឯពាក្យ អនុក្រមមានន័យថា លំដាប់, របៀបតាម លំដាប់ រៀបឱ្យមានរបៀបតាមលំដាប់លំដោយពីលើទៅក្រោម ពីខ្ពស់ទៅទាប។ បើបូកបញ្ចូលគ្នាពាក្យអាសនានុក្រមគឺសំដៅដល់ទីអង្គុយ ដែលរៀបតាមលំដាប់ឋានៈបុណ្យស័ក្តិ ពីលើទៅក្រោម ឬដាក់ឱ្យស្មើគ្នា បើសិនជាអ្នកអង្គុយមាន ឋានៈជាប្រធានាធិបតី ឬជានាយករដ្ឋមន្ត្រី ស្មើគ្នា ពុំនោះ ប្រធានគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា ត្រូវមានឋានៈស្មើ ប្រធានគណបក្សដូចគ្នា។ ពាក្យ អាសនានុក្រមស្រដៀងគ្នានឹងឋានានុក្រមប៉ុន្តែ ខុសគ្នាត្រង់ឋានានុក្រម មកពីឋាន+ អនុក្រម សំដៅដល់ការរៀបតំណែងសមណស័ក្តិ ឬស័ក្តិយសរបស់ព្រះសង្ឃ ពីលើទៅក្រោម។ ព្រះសង្ឃ ត្រូវគោរពឋានានុក្រម ប៉ុន្តែក្នុងករណីខ្លះ ក៏មានព្រះសង្ឃជាសិស្សឡើងបុណ្យស័ក្តិដល់មេគណ ឬរាជាគណៈ ប៉ុន្តែ ព្រះគ្រូឧបជ្ឈាយ៍ ដែល បានបំបួសមេគណនោះ មិនចង់បានសមណស័ក្តិ ក៏មានឋានៈជាភិក្ខុដដែល។ ក្នុងករណីនេះ កូនសិស្សដែលមានវស្សាខ្ចីជាង ត្រូវថ្វាយបង្គំព្រះគ្រូឧបជ្ឈាយ៍ និង គង់តាមអាសន៍គោរពលំដាប់វស្សា ជាដាច់ខាត។ ករណីបែបនេះ យើងឃើញព្រះភិក្ខុប៉ាង ខាត់ ព្រះភិក្ខុខៀវ ជុំ បានសាងផ្នួសតាំងពីក្មេង ប៉ុន្តែ ព្រះអង្គមិនព្រមទទួលយកសមណស័ក្តិ ក៏នៅមានឈ្មោះជាភិក្ខុ សាមញ្ញ ខណៈដែលកូនសិស្សព្រះអង្គខ្លះបានឡើងសមណស័ក្តិធំជាងគ្រូ ក៏នៅតែ គង់តាមអាសន៍និងថ្វាយបង្គំគ្រូ មិនអាច បំពានពុទ្ធប្បញ្ញត្តិបានឡើយ។

ងាកមករឿង អាសនានុក្រមវិញ យើងឃើញបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ត្រង់ជំពូកចុងក្រោយសរសេរថាអាសនានុក្រម នៃក្រុមតំណាងរាស្ត្រ ត្រូវរៀបចំជាក្រុមៗ តាមគណបក្សនយោបាយពីមុខទៅក្រោយ…” រីឯជំពូកមួយទៀតសរសេរថាប្រធានក្រុមមតិភាគតិច ជាគូសន្ទនាជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ទាក់ទងទៅនឹងបញ្ហាប្រទេសជាតិ។ ប្រធានក្រុមមតិ ភាគតិច មានឋានៈស្មើនាយករដ្ឋមន្ត្រី…”។ ទំនងជាសំអាងលើបទបញ្ជាផ្ទៃក្នុងនេះហើយ បានជាលោកសម រង្ស៊ី ប្រកាសថា រូបលោកនៅតែជាសមភាគី ឬស្មើភាពគ្នាជាមួយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលពីមុន បើត្រូវមានការចរចាអី លោក សម រង្ស៊ី តែងទាក់ទងឆ្លើយឆ្លងជាមួយសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង។ លុះដល់មេបក្សប្រឆាំងរូបនេះ ត្រូវបានរដ្ឋសភា ដកអភ័យឯកសិទ្ធិតំណាងរាស្ត្រ និងប្រឈមសាលដីការបស់តុលាការជាច្រើនករណី ក៏លោកសម រង្ស៊ី នៅតែប្រកាសថា ជា សមភាគីរបស់នាយករដ្ឋមន្ត្រី ក្នុងនាមរូបលោកជាប្រធានគណបក្សសង្គ្រោះជាតិ ដែលមានអាសនៈនៅរដ្ឋសភា។

ដូច្នេះ យើងឃើញថា ដរាបណាលោកសម រង្ស៊ី នៅតែមានឋានៈជាប្រធានគណបក្ស គាត់នៅតែទាមទារឋានៈស្មើ ប្រមុខរាជរដ្ឋាភិបាលដដែល ដោយប្រកាន់ឥរិយាបថមិនឆ្លើយឆ្លងជាមួយមន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មន្ត្រីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ដែលមាន អាសនានុក្រមទាបជាងគាត់។ ការប្រកាន់ឥរិយាបថនេះ យើងឃ្លាំមើលឃើញថា ទោះបីជាលោកផៃ ស៊ីផាន ពន្លះធ្ងន់ៗយ៉ាងណា ឬក៏ត្រូវលោកសុខ ឥសាន កិនយ៉ាងចាស់ដៃ ក៏លោកសម រង្ស៊ី មិនដែល ឆ្លើយតប ហើយសូម្បីតែលោកកឹម សុខា ក៏មិនដែលតបតជាមួយអ្នកនាំពាក្យទាំងពីររូបនេះដែរ អាចថាមកពីការប្រកាន់អាសនានុក្រមនេះឯង។

ទោះយ៉ាងណា ដើម្បីកុំឱ្យមានទំនាស់នយោបាយ គួរតែអ្នកនយោបាយគោរពគ្នាតាមគោរមងារដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រទើបសម។ ឧទាហរណ៍ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជា សម្តេចអគ្គមហាសេនាបតីតេជោខណៈដែលឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឡើងជា សម្តេចក្រឡាហោមគួរតែមេបក្សប្រឆាំងទាំងពីររូប គោរពខ្លះៗទៅ ព្រោះឋានៈសម្តេចខ្ពស់ជាង ឯកឧត្តមដោយទុក អាសនានុក្រម ប្រធានអនុប្រធានគណបក្សដោយឡែកសិនចុះ។ នៅក្នុងច្បាប់បណ្តាំបិតាត្រង់ល្បះ១ ចារទុកថា អង្គុយហួសស័ក្តិ ស្រដីហួសថ្នាក់ បង់បោយហួសស្មា ពុំគិតប្រមាណ នឹងប្រាណអាត្មា ហាហួសចង្កា ថាហួសសេចក្តីគឺជាដំបូន្មានបង្កប់ខ្លឹមសារ អប់រំអ្នកនយោបាយ ឱ្យចេះគោរពគ្នាតាមយសស័ក្តិនេះឯង។ នៅក្នុងសមរភូមិកាប់ចាក់បង្ហូរឈាមគ្នាពីជំនាន់បុរាណ មេទ័ព ត្រូវកាប់ចាក់គ្នាជាមួយមេទ័ពបុណ្យស័ក្តិស្មើគ្នា ឯសេនាទាហាន ប្រឡូកជាមួយសេនាទាហានដូចគ្នា។ បើមេទ័ពម្ខាងត្រូវមេទ័ព ម្ខាងទៀតកាត់ក្បាលបាន ច្បាស់ជាកូនទ័ពខាងមេទ័ពដែលដាច់ក្បាលនោះ បាក់រត់ទាំងផ្ទាំងៗ ដល់នូវបរាជ័យមិនខានឡើយ។ បានន័យថា សូម្បីការធ្វើសង្គ្រាម ក៏គេគោរពអាសនានុក្រមដែរ ឧទាហរណ៍ តេជោមាស ជាមេទ័ពខ្មែរ តែងកាប់ចាក់ជាមួយ មេទ័ពសៀម មិនដែលចាញ់ទេ ព្រោះតែអាសនានុក្រមរបស់ខ្មែរខ្លាំងជាងបច្ចាមិត្រ។

បើយោងតាមក្បួនតម្រាបុរាណ មិនដែលមានមេទ័ពទៅឈ្លោះប្រកែកគ្នាជាមួយកូនទាហាន មិនដែលមានចៅហ្វាយស្រុក ទៅឈ្លោះជាមួយមេភូមិ ខុសឋានៈ ឬអាសនានុក្រមគ្នានោះទេ។ ប៉ុន្តែ មេទ័ព ឬចៅហ្វាយស្រុក អាចកោះហៅកូនទាហានខុសវិន័យ ឬមេភូមិមិនយកចិត្តទុកដាក់ក្នុងកិច្ចការមូលដ្ឋាន មកស្តីបន្ទោសណែនាំបាន។ ចំណែកតំណាងរាស្ត្រ ដែល មានការរៀបចំ អាសនានុក្រមជាក្រុមៗ រួចមកហើយនោះ លុះត្រាតែគោរពគ្នាតាមលំដាប់ពីលើទៅក្រោម ទើបមាន តម្លៃ។ ផ្ទុយទៅវិញ បើមានឋានៈជាតំណាងរាស្ត្រសាមញ្ញ ទៅតតាំងជាមួយប្រធានរដ្ឋសភា ឬដៀមដាមប្រធានគណបក្ស ដែលមានឋានៈខ្ពស់ជាងខ្លួននោះ ច្បាស់ជាដើរខុសពីច្បាប់បុរាណត្រង់អង្គុយហួសស័ក្តិ ស្រដីហួសថ្នាក់នោះហើយ។

សរុបទៅអាសនានុក្រម មានន័យដូចម្តេច?” ជាសំណួរដែលគួរដល់ការជ្រួតជ្រាបទាំងអស់គ្នា។ ករណីលោកសម រង្ស៊ី លើកឡើងពីសមភាគីនោះ គឺមកពីពាក់ព័ន្ធដល់អាសនានុក្រមនេះឯង ប៉ុន្តែ អាសនានុក្រមក្នុងរដ្ឋសភា ទាបជាប ព្រះរាជក្រឹត្យ ឬថាឯកឧត្តមទាបជាង សម្តេចដែលជាចំណុចប្រហោងពាំត្រណោត សម្រាប់អ្នកនយោបាយគ្រប់និន្នាការ យកទៅពិចារណា៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES