ភ្នំពេញ ៖ យុវជនម្នាក់ បានទាក់ទងនារីម្នាក់តាមហ្វេសប៊ុក អស់រយៈពេល ៦ខែមកហើយ មិនដែលជួបមុខគ្នាផ្ទាល់ម្តងណាសោះ ប៉ុន្តែទាក់ទងស្នេហាគ្នាយ៉ាងផ្អែមល្ហែម តាមឆាត ហៅគ្នាបងអូនឱ្យផ្អែមរលួយ លុះចុងក្រោយ ខាងស្រីបានណាត់ឱ្យខាងប្រុសស្នេហ៍ មកទទួលនាងទៅដេកជាមួយ (រួមភេទ) ឮបែបនេះ ខាងប្រុសត្រេកអរ ក៏ស្កាត់ទៅជួបទាំងកណ្តាលយប់ ដឹងអីប៉ះខាងស្រីជើងល្អ ហៅប្តីនិងបក្ខពួក មកវាយប្លន់យកម៉ូតូរបស់ប្រុសស្នេហ៍បានសម្រេច រួចនាំគ្នារត់គេចបាត់អស់។
ករណីស្រីស្នេហ៍ណាត់រួមភេទ បែរជាស៊ីដាច់ម៉ូតូនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវលំ ដីវាលមួយកន្លែង ម្តុំខាងក្រោយវត្តព្រៃស្ពឺ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវជនរងគ្រោះ មានឈ្មោះស្រេង ភារម្យ អាយុ២០ឆ្នាំ មុខរបរអ្នកដឹកម្ហូបអាហារតាមអនឡាញ ស្នាក់នៅខាងក្រោយសាលាខណ្ឌដង្កោ សង្កាត់ដង្កោ និងមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ ចំណែកម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់នោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JN-9101។ រីឯនារីជាជនសង្ស័យ មានឈ្មោះស្រីពៅ និងមានគណនីហ្វេសប៊ុក ឈ្មោះ Pov Solo។ រីឯបក្សពួកផ្សេងទៀត មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បាននាំគ្នាគេចខ្លួនបាត់ស្រមោលអស់។
តាមសម្តីរបស់យុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ខ្លួនបានស្គាល់នារីជាជនសង្ស័យខាងលើអស់រយៈពេល ៦ខែមកហើយ ប៉ុន្តែមិនដែលបានជួបមុខគ្នាម្តងណាទេ ឃើញតែរូបតាមទូរស័ព្ទ និងចេះតែឆាតឆ្លើយឆ្លងជាជាប្រចាំ។ មុនកើតហេតុ ខណៈដែលរូបគេកំពុងអង្គុយ លេងនៅចំណុចមុខក្លឹបមួយកន្លែង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ស្រាប់តែនារីជាជនសង្ស័យ បានទូរស័ព្ទហៅខ្លួនឱ្យទៅយក ដោយប្រាប់ខ្លួនថា មកយកនាងទៅដេកជាមួយផង ព្រោះនាងគ្មានកន្លែងដេកទេ។
យុវជនរងគ្រោះ បន្តថា លុះឮបែបនេះ រូបគេក៏ជិះម៉ូតូស្កាត់ទៅជួបនារីជាជនសង្ស័យខាងលើ ដល់កន្លែងកើតហេតុ លុះទៅដល់ ក៏ឃើញនារីជាជនសង្ស័យនៅតែម្នាក់ឯង តែមិនដឹងថានាងហៅបក្ខពួកមកចាំវាយប្លន់រូបគេតាំងពីពេលណាមកទេ លុះជួបមុខគ្នា និយាយគ្នាមិនទាន់ បានសាច់ការអីផង ស្រាប់តែនារីជាជនសង្ស័យខាងលើ បានធ្វើជាបន្លំលួចដកសោម៉ូតូរបស់គេ ហើយបានរត់ចូលទៅគុម្ពោតព្រៃ ជាប់នឹងស្ពានថ្ម ក្បែរកន្លែងកើតហេតុ ធ្វើឱ្យរូបគេ ស្មានតែខាងស្រី ប្រើចរិតមាន់ ដើម្បីឱ្យរូបគេចូលទៅតាម នឹងបានរួមភេទជាមួយគ្នានៅកន្លែងស្ងាត់នោះ ដឹងអីស្រាប់តែលេចមុខជនសង្ស័យសុទ្ធតែមនុស្សប្រុស មួយក្រុម ប្រមាណ ៦ទៅ៧នាក់ នាំគ្នាចេញពីក្រោមស្ពាន ប្រដាប់ដោយដាវ កាំបិត និងដំបង ហើយធ្វើសកម្មភាពដេញវាយ និងកាប់មកលើរូបគេទាំងកំរោល បណ្តាលឱ្យរូបគាត់ភ័យស្លន់ រត់យករួចខ្លួនសិន។ បន្ទាប់មកជនសង្ស័យទាំងនោះ នាំគ្នាយកម៉ូតូរបស់គេទៅបាត់ ដោយនាំទាំងនារីសង្ស័យរូបនោះទៅជាមួយផង ទើបរូបគេភ្ញាក់ខ្លួនដឹងថា ចាញ់បោកស្រីហើយ។
ក្រោយកើតហេតុ ជនរងគ្រោះបានទំនាក់ទំនងហៅមិត្តភក្កិឱ្យមកជួយដឹកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកចាប់ខ្លួនក្រុមជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់៕