ភ្នំពេញ៖ពេជ្រ សោភា បានសម្ដែងការហួសចិត្តនៅពេលដែលឃើញបុរសម្នាក់បានបណ្ដុះបង្អាប់នាងកាលពីថ្ងៃទី១៨មិថុនា ដោយបង្អាប់នាងថាគ្មានគ្រឿងអលង្ការពាក់ដូចគេនៅថ្ងៃជប់លៀងមង្គលការកូនអ្នកនាងគង់ សុជាតិ ពោលគឺកទទេ ហើយប្រុសនោះបានដាស់តឿននាងថាថ្ងៃក្រោយឲ្យចាំណាបើគ្មានរបស់ផ្ទាល់ខ្លួននោះទេខ្ចីគេពាក់សិនទៅ។ក្រោយមានការលើកឡើងផងផ្ដល់យោបល់ដល់សោភា ផងបែបនេះតារាហង្សមាសមិនប្រតិកម្មខឹងទៅលើអ្នកដែលច្រឡំថារូបនាងក្រនោះឡើយ តែនាងនិយាយដោយចិត្តត្រជាក់ថានាងមានពេជ្រ តាំងពីកើតមកម្លេះ(សំដៅឈ្មោះ)អីចឹងតើឲ្យទៅពាក់ពេជ្រ បង្អួតអ្នកណាទៅ?យ៉ាងណាគេចាប់អារម្មណ៍ថាទោះជានៅថ្ងៃនោះសោភា មិនលេងគ្រឿងពេជ្រជ្រែកខ្លួនដូចគេមែន តែនាងពាក់នាឡិការដៃ១គ្រឿងដែលមានតម្លៃរាប់ម៉ឺនដុល្លារទៅចូលរួម បើទោះជាមិនមានអ្នកមើលឃើញក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់នោះតារាស្រីល្បីៗដែលទៅជប់លៀងការកូនអ្នកនាងសុជាតិ នោះគឺពួកគេពិតជាពាក់គ្រឿងមាសពេជ្រសឹងតែគ្រប់គ្នាមែន ហើយអាចមានតែសោភា ម្នាក់ប៉ុណ្ណោះដែលកទទេទើបត្រូវបុរសនោះក្រើនរំលឹកនាងបែបនេះ។

ថ្វីត្បិតតែពេជ្រ សោភា ធ្វើឲ្យគេច្រឡំថានាងគ្មានលុយទិញគ្រឿងពេជ្រពាក់ដូចគេមែន ប៉ុន្ដែអ្នកម៉ៃលើនាងបែបនេះអាចជាការស្គាល់សោភា មិនសូវច្បាស់ព្រោះថាកាលពីដើមខែមករាឆ្នាំ២០២២ សោភា ធ្លាប់ទទួលបានកាដូលើកទឹកចិត្តពីលោកស្រីទ្រី ដាណា នូវគ្រឿងមាសនិងពេជ្រ១ឈុតដែលមានតម្លៃជិត៣ម៉ឺនដុល្លារឯណ្ណោះ ប៉ុន្ដែការដែលនាងមិនសម្ញែងឲ្យគេឃើញអាចមកពីបារម្ភពីសុវត្ថិភាពពេលចុះពីរថយន្ដ និងម្យាងទៀតនាងចង់ធ្វើឲ្យគេច្រឡំថានាងក្រតែម្ដង។ប៉ុន្ដែបើក្រឡេកទៅមើលការលេងរថយន្ដរបស់សោភា នៅឆ្នាំ២០២២ នេះវិញអាចចាត់ទុកថាពិបាករកគូប្រជែងព្រោះនាងជិះរថយន្ដថ្លៃៗ មិនចាញ់តារាប្រទេសជិតខាងនោះទេក្នុងនោះមានដូចជាម៉ាកPorsche, Mercedes ,Range Rover ,Audi និងBmw ជាដើម ខណៈដែលនាឡិការដៃវិញនាងនិយមពាក់ម៉ាកRolex និងRichard Mille ដែល១គ្រឿងតម្លៃអាចទិញបានផ្ទះ១ល្វែង។

បើទោះជាពេជ្រ សោភា ហាក់មានអ្វីៗគ្រប់យ៉ាងនៅក្នុងកណ្ដាប់ដៃមែន ប៉ុន្ដែរឿងស្នេហានាងជាមួយសង្សារថ្មីនៅតែមិនមានភាពច្បាស់លាស់នោះទេក្រោយពីនាងចែកផ្លូវជាមួយឆឹម សក្កដា ជិត៦ខែមកនេះ។សោភា មិនដែលហ៊ានបណ្ដើរឬកៀកកើយសង្សារជាចំហម្ដងណាឡើយទើបមិត្តភក្ដិជិតស្និតបានដាស់តឿននាងថាប្រយ័ត្នដើរជាន់ដានចាស់។តែសោភា ថានាងមិនក្វល់និងមិនដែលយករឿងស្នេហាសំខាន់បំផុតក្នុងជីវិតឡើយ៕

