ភ្នំពេញ៖កាលនៅផលិតកម្មថោនមាស សុខសោភា បានប្រកាសថានាងនឹងប្រឡូកវិស័យភាពយន្ដឲ្យស្មើជាមួយអាជីពចម្រៀងដែរ ដែលការតាំងចិត្តបែបនេះស្របពេលដែលតារាហង្សមាសជាច្រើនដួងបានបន្ថែមអាជីពថ្មីរបស់ខ្លួនតាមរយៈការថតកុនក្នុងនោះមានដូចជាពេជ្រ សោភា,សួស វីសា ,រ៉េត ស៊ូហ្សាណា និងសុគន្ធ និសា ជាដើម។ប៉ុន្ដែតាមព័តមានថាសោភា អាកខានក្នុងការគ្រងតំណែងជាតួឯកភាពយន្ដដែលខ្លួនប៉ងព្រោះតែបណ្ដារផលិតករមួយចំនួនហាក់សាញនៅពេលដែលពួកគេដឹងពីតម្លៃខ្លួនរបស់នាងដែលកំណត់ខ្ពស់ពេក ខណៈដែលបងប្រុសរបស់នាងលោកមាស សុខរតនៈ វិញធ្លាប់និយាយជាមួយអ្នកសារព័តមានថាបើសោភា ថតកុនទាល់តែលុយចំណេញនៃការបញ្ចាំងរឿងនោះចែកគ្នាពាក់កណ្ដាលឲ្យទៅសោភា ទើបសាកសម។ក្រោយមានការដាក់គោលដៅបែបនេះមកសុខសោភា ស្ងាត់រឿងដំណឹងនាងចង់ប្រឡូកក្នុងការចាប់អាជីពភាពយន្ដនោះទៅវិញ តែគេជឿរថានៅពេលដែលនាងឈានជើងចូលរាម ជាង១ឆ្នាំនេះប្រសិនបើសោភា ចង់ថតភាពយន្ដនោះច្បាស់ជាថៅកែតម្រូវជូននាងភ្លាម ព្រោះថាផលិតកម្មមួយនេះមានក្រុមការងារជាអ្នកជំនាញភាពយន្ដស្រាប់ ហេតុនេះហើយឱកាសនៃការចង់ធ្វើជាតួឯកនោះមិនពិបាកសម្រាប់រូបនាងឡើយ។

ក្រៅពីមាស សុខសោភា តារាដែលធ្លាប់បង្ហើបថាចង់ថតកុនតែស្ងប់ស្ងាត់ទៅវិញនោះមានដូចជាអ្នកនាងឱក សុគន្ធកញ្ញា និងលោកខែម ប៊ុនថៃ ជាដើម ខណៈដែលពេជ្រ សោភា វិញសាកល្បងបានតែ១រឿងហើយហត់ពេកក៍ដកខ្លួនថយវិញ ។ប៉ុន្ដែក្នុងចំណោមតារាចម្រៀងល្បីៗនោះគេឃើញមានតែសុគន្ធ និសា ប៉ុណ្ណោះដែលនាងសម្រុកថតកុនមួយប្រាវគ្រងតំណែងតួឯកដល់ទៅ៤រឿងឯណ្ណោះ។

គូរបញ្ជាក់ថាមាស សុខសោភា បានជ្រកនៅថោន អស់រយៈពេល៩ឆ្នាំ ហើយនាងបានជ្រើសយករាម ជាទ្រនុំបន្ទាប់ដោយផាត់ចោលហង្សមាស និងGalaxy ។ការចាប់អាជីពចម្រៀងឆ្នាំដំបូងរបស់សោភា នៅរាម នាងមិនទាន់ធ្វើឲ្យទីផ្សារចម្រៀងរបស់ខ្លួនផ្ទុះដូចមុនទេ ពោលគឺនៅទ្រឹង ហើយក៍មិនធ្លាក់ចុះដោយសារតែមានបទល្បីៗពីមុនទប់ទល់។យ៉ាងណានៅឆ្នាំ២០២២ នេះក្រោយសោភា តកុងត្រាថ្មីនៅរាម នាងបានសន្យាថានឹងយកអ្វីថ្មីៗបំផុតក្នុងអាជីពមកបង្ហាញតែពេលនេះពាក់កណ្ដាលឆ្នាំទៅហើយសោភា នៅតែមិនអាចធ្វើព្យុះភ្លៀងបានទៀត ស្របពេលដែលផលិតកម្មCamtrax ដែលគ្រប់គ្រងដោយស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ គ្មានសកម្មភាពទើបធ្វើឲ្យសោភា ត្រូវពឹងតែ១ច្រកនៅរាម ប៉ុណ្ណោះ ខណៈដែលអ្នកជំនាញសិល្បៈលើកឡើងថារាម ផលិតបទចម្រៀងមិនមែនដើម្បីប្រជែងជាមួយហង្សមាស និងGalaxy ទេទើបនាំឲ្យមានភាពស្រពិចស្រពិលរឿងថាតើតារាចម្រៀងសំនៀងផ្អែមរូបនេះនឹងនៅតែរក្សារតំណែងជាអ្នកច្រៀងលំដាប់មុខទៀតបានដែរទេ?

