ក្នុងអំឡុងពេលថ្លែងទៅកាន់មេដឹកនាំកិច្ចប្រជុំកំពូលនៃក្រុមប្រទេសG-7កាលពីថ្ងៃចន្ទទី២៧មិថុនា២០២២ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីបានស្នើសុំប្រព័ន្ធការពារប្រឆាំងយន្តហោះ ការដាក់ទណ្ឌកម្មបន្ថែមទៀត
និងការធានាសន្តិសុខលើប្រទេសរុស្ស៊ីខណៈដែលកងកម្លាំងរុស្ស៊ីបានប្រយុទ្ធដើម្បីដណ្តើមយកទីក្រុងLysychanskដែលជាទីក្រុងធំចុងក្រោយកាន់កាប់ដោយកងទ័ពអ៊ុយក្រែននៅក្នុងខេត្ត Luhansk ភាគខាងកើត។
ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងសុន្ទរកថាតាមវីដេអូនៅថ្ងៃចន្ទទៅកាន់មេដឹកនាំនៃបណ្តាប្រទេសឧស្សាហកម្មជឿនលឿនទាំងប្រាំពីរ (G7) ដែលកំពុងជួបប្រជុំនៅប្រទេសអាល្លឺម៉ង់។
លោកហ្សេឡិនស្គីក៏បានស្នើសុំជំនួយក្នុងការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែននិងជំនួយក្នុងការកសាងប្រទេសឡើងវិញ។លោកបាននិយាយថាដៃគូត្រូវផ្លាស់ទីលឿនជាងនេះ ប្រសិនបើពួកគេពិតជាដៃគូមិនមែនជាអ្នកសង្កេតការណ៍ទេ។ ការពន្យារពេលនៃការផ្ទេរអាវុធមកអោយប្រទេសយើង ការរឹតបន្តឹងណាមួយវាដូច ជាការអញ្ជើញ ប្រទេសរុស្ស៊ីឱ្យវាយប្រហារម្តងហើយម្តងទៀត។
Zelenskyប្រាប់G-7៖
សង្រ្គាមគួរតែបញ្ចប់មុនពេលរដូវរងា
ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គីបានប្រាប់មេដឹកនាំប្រទេស G7 ថា លោកចង់ឱ្យសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនបញ្ចប់ មុនពេលរដូវរងាចូលមកដល់។
ប្រភពមួយបានប្រាប់ AFP ថា លោកហ្សេឡិនស្គី បាននិយាយថាលក្ខខណ្ឌសមរភូមិនឹងធ្វើឱ្យវាកាន់តែតានតឹងសម្រាប់កងទ័ពរបស់លោកនៅពេលដែលពួកគេបង្កើនការប្រយុទ្ធ ហើយបានជំរុញឱ្យមេដឹកនាំ G7 ជួយអោយបានកម្រិតអតិបរមាដើម្បីបញ្ចប់សង្គ្រាមនៅចុងឆ្នាំនេះ។
ជនស៊ីវិលទីក្រុងLysychansk សុំមានការជម្លៀសចេញ
ជនស៊ីវិលនៅLysychansk ត្រូវបានជំរុញឱ្យចាកចេញជាបន្ទាន់ ខណៈកងកម្លាំងរុស្ស៊ីសម្រុកចូលទីក្រុងនៅសេសសល់ចុងក្រោយដែលអ៊ុយក្រែនកាន់កាប់ក្នុងតំបន់ Luhansk ភាគខាងកើត ។លោក Serhiy Hayday ប្រធានរដ្ឋបាលយោធាក្នុងតំបន់ Luhansk បាននិយាយនៅលើ Telegramថាដោយសារតែការគំរាមកំហែងពិតប្រាកដដល់អាយុជីវិត និងសុខភាពយើងអំពាវនាវឱ្យមានការជម្លៀសចេញជាបន្ទាន់។
មានមនុស្សប្រហែល១០០០០ទៅ១៥០០០ នាក់ស្ថិតក្នុងទីក្រុង Lysychansk ហើយមនុស្សប្រហែល៥០ នាក់ប៉ុណ្ណោះដែលចាកចេញក្នុងមួយថ្ងៃ។នេះបើយោងតាមលោក Shybiko Valerii ប្រធានរដ្ឋបាលយោធាតំបន់ Lysychansk ។