ភ្នំពេញ៖ព្រាប សុវត្ថិ បានឡើងជាឧកញ៉ារយៈពេលជិត២ខែមកហើយដែលពេលនេះគេឃើញលោកចាប់ផ្ដើមរយាលៗពីការច្រៀងសម្ដែងតាមឆាកតន្រ្ដីនិងរួមទាំងការថតបទចម្រៀងMV ផងដែរ ពោលគឺយូៗម្ដងគេឃើញលោកច្រៀងនៅកម្មវិធីមង្គលការនិងឆាករបស់ក្រុមហ៊ុនស្រាបៀរប៉ុណ្ណោះ។សកម្មភាពបែបនេះធ្វើឲ្យព្រាប សុវត្ថិ អាចនឹងលែងមានបទចម្រៀងដិតដល់លើទីផ្សារជាមិនខាន ខណៈដែលតាំងពីទៅជ្រកនៅGalaxy ជិត២ឆ្នាំនេះព្រាប សុវត្ថិ ក៍មិនសូវមានបទផ្ទុះខ្លាំងៗដូចមុនដែរពោលគឺអ្នកគាំទ្រលោកនិយមតែស្ដាប់និងច្រៀងបទលោកចាស់ៗច្រើនជាងបទថ្មី។គេកត់សម្គាល់ដែរថាក្រោយក្លាយទៅជាឧកញ៉ាមកលោកព្រាប សុវត្ថិ បានងាកទៅបុកការធ្វើជំនួញច្រើនជាងមុនដូចជាការលក់ដីធ្លី,សាប៊ូ និងភោជនីយដ្ឋាន រួមទាំងការសាងសង់រម្យនីយដ្ឋាននៅខេត្តមណ្ឌុលគិរីជាដើមដែលអាចនិយាយបានថាពេលនេះលោកសុវត្ថិ មិនពឹងលើអាជីពសិល្បៈទាំងស្រុងដូចមុនទៀតឡើយ។

ដោយឡែកលោកខែម ប៊ុនថៃ វិញបានឡើងជាឧកញ៉ាជាង៤ខែមកហើយដែលពេលនេះលោកក៍មិនសូវចេញបទថ្មីៗ ឬបង្ហាញខ្លួនឲ្យបានញឹកញាប់តាមឆាកតន្រ្ដីដូចមុនដែរពោលគឺឃើញតែលោកប៊ុនថៃ លក់ដីឡូតិ៍ច្រើនជាងរាំច្រៀង។ការរយាលៗពីការកាន់ក្បាលមីក្រូឡើងឆាករបស់លោកប៊ុនថៃ នៅពេលនេះស្របពេលដែលមុននេះលោកបានចេញវីដេអូថាលោកច្រៀង៦បទបានតម្លៃខ្លួនដល់ទៅ១ម៉ឺនដុល្លារឯណ្ណោះ ទើបធ្វើឲ្យអ្នកមានកម្មវិធីតូចតាចលែងហ៊ានហៅលោកឧកញ៉ាច្រៀងដូចមុនទៀត។

តើការឃ្លាតឆ្ងាយពីឆាកតន្រ្ដីរបស់លោកឧកញ៉ាព្រាប សុវត្ថិ និងខែម ប៊ុនថៃ មកពីលោកឡើងជាឧកញ៉ា និងឡើងតម្លៃខ្លួនខ្ពស់ជាងមុនឬយ៉ាងណា?

លោកស៊ិន សិលា អ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីរបស់ទូរទស្សន៍CTN បានឲ្យដឹងថាតាំងពីលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ឡើងជាឧកញ៉ាមកលោកមិនដែលបានទាក់ទងទៅឧកញ៉ាទាំងពីរឡើងច្រៀងឆាកConcerts របស់លោកដូចមុនទៀតឡើយ។ចំពោះមូលហេតុវិញលោកសិលា បានអះអាងថាមកពីតារាទាំងពីរទទួលបានគោរម្យងារនោះធំពេកលោកមិនហ៊ានទាក់ទង និងម្យាងទៀតតម្លៃក៍ខ្ពស់អីចឹងលោកថាបើការប្រគុំតន្ត្រីនៅប៉ុស្ដិ៍វិញច្បាស់ ជាមិនមានលទ្ធភាពជួលលោកឧកញ៉ាឡើងច្រៀងឡើយ ។ប៉ុន្ដែសម្រាប់ការប្រគុំតន្រ្ដីនៅខាងក្រៅវិញលោកថានឹងធ្វើទៅតាមខាងSponsors តម្រូវពោលគឺបើពួកគាត់ចង់ បានលោកឧក ញ៉ាទាំងពីរច្រៀងសម្ដែងឲ្យខាងក្រុមហ៊ុនទាក់ទងដោយខ្លួនឯង ចំណែកលោកជាអ្នកធ្វើតាមក្រោយក្រុមហ៊ុន។លោកសិលា ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការដឹកនាំConcerts នោះថាពិបាកដែរនៅពេលដែលតារាល្បីទាំងពីរឡើងជាឧកញ៉ាព្រោះ ពេលឡើងច្រៀង ត្រូវ ឡើងអក្សរលើទូរទស្សន៍ថាជាលោកឧកញ៉ាឡើងបកស្រាយចម្រៀងព្រោះយើងគោរពទៅតាមគោរម្យងារ មិនអាចហៅធម្មតាបានដូចមុនទេ លើកលែងតែនៅក្នុងក្រុមគ្រួសាររបស់គាត់។

ឆ្លើយតបចំណួរថាតើតាមទស្សនៈរបស់លោកផ្ទាល់ក្រោយឡើងជាឧកញ៉ាលោកព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ គូតែបន្ដអាជីពចម្រៀងតទៅទៀត ឬក៍ឈប់ល្អជាងនោះលោកសិលា បញ្ជាក់ថាតារាទាំងពីរគូតែប្រកាសឲ្យច្បាស់ៗថាឈប់ឬនៅច្រៀងដើម្បីឲ្យគេបានដឹងគ្រប់គ្នា។លោកថាតាមទស្សនៈលោកគិតថាបើតារាទាំងពីរឈប់ច្រៀងល្អជាង ដើម្បីកុំឲ្យគោរម្យងារនោះត្រូវបានគេហៅខុស ឬមានភាពច្របូកច្របល់ច្រៀងផងធ្វើជាឧកញ៉ាផង។លោកសិលា សង្កត់ថាលោកដឹងថាក្រោយទទួលបានគោរម្យងារជាឧកញ៉ានេះធ្វើឲ្យតារាល្បីខាងលើងាយស្រួលរកស៊ីព្រោះប្រជាជនកាន់តែទុកចិត្តក្ដី តែគូបែងចែកឲ្យច្បាស់ថានៅធ្វើជាតារាចម្រៀងទៀត ឬក៍ធ្វើជាឧកញ៉ា?

ក្រៅពីលោកព្រាប សុវត្ថិ នឹងខេមរៈ សិរីមន្ដ នោះលោកទុំ សារុត ហៅនាយឃ្លោគ ក៍បានក្លាយទៅជាឧកញ៉ាមុនគេក្នុងចំណោមតារាទាំងឡាយផងដែរ ខណៈដែលលោកលាន អាហ្វ្រីលគីនីន វិញប្រភពខ្លះថាគេហៅជាឧកញ៉ាតៗគ្នាមិនទាន់មានគោរម្យងារឡើយ។ដោយឡែកសម្រាប់នាយពែកម៉ី ដែលលេចឭថានឹងឡើងជាឧកញ៉ានាពេលបន្ទាប់នោះបានប្រាប់អ្នកយកព័តមានយើងថានាយមិនដែលចង់ធ្វើអ្នកធំនោះទេគឺចង់តែធ្វើអ្នកតូចតាចព្រោះងាយស្រួលផឹកស៊ីជាង និងម្យាងទៀតខ្លាចពេលឡើងឧកញ៉ាលែងមានគេហ៊ានជួលលេងកំប្លែងនិងកាត់សក់ដូចមុនទើបនាយសូមរក្សារងារត្រឹមជាអ្នកកំប្លែងម្នាក់ប៉ុណ្ណោះ៕