ភ្នំពេញ៖អតីតតារាសម្ដែងទសវត្សន៍ឆ្នាំ៨០និង៩០អ្នកនាងកែវ កល្យាណ បានធ្វើពិធីឡើងផ្ទះវីឡាររបស់នាងកាលពីល្ងាចថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២២ នៅខណ្ឌសែនសុខ ដោយមានតារាជិតស្និតទៅចូលរួមអបអរសាទរនាងមានដូចជាលោកយុត្ថារ៉ា ឆានី ,អ៊ឹង ប៊ុនលាភ ,ឯក អមរា,រ័ត្ន រចនា និងយក់ ថិតរដ្ឋា ជាដើម។តាមការប្រម៉ាណផ្ទះវីឡារទោលរបស់អ្នកនាងកល្យាណ មានតម្លៃមិនក្រោម៣០ម៉ឺនដុល្លារឡើយ ហើយមុនឡើងផ្ទះថ្មីនេះអ្នកនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាបានលក់ផ្ទះវីឡារដែលនាងបានសាងសង់ផ្ទាល់ខ្លួនជាម៉ូដបែបផ្ទះអភិជនរបស់ថៃនោះទៅហើយដើម្បីយកលុយឲ្យកូនប្រុសស្រីរបស់នាងទាំងពីរបន្ដការសិក្សារនៅបរទេស តែអ្នកនាងបានទិញផ្ទះវីឡារ១ថ្មីនៅក្បែរផ្ទះចាស់ដែរ ហើយសល់លុយកាក់ខ្លះទុកផ្គត់ផ្គងការសិក្សាររបស់កូនៗនាង។

សូមបញ្ជាក់ថាអ្នកនាងកែវ កល្យាណ បានផ្អាកអាជីពសិល្បៈជាង១០ឆ្នាំមកហើយតែនាងបានឲ្យកូនស្រីឈ្មោះកែវ ឡាវីញ ជាអ្នកបន្ដវេនសិល្បៈពីនាងតាមរយៈការចាប់អាជីពសម្ដែង។ប៉ុន្ដែអ្វីដែលអ្នកនាងកល្យាណ ឈឺក្បាលនោះគឺក្រោយឡាវីញ សម្ដែងរឿង”រសជាតិអ្នកមាន”នោះស្រាប់តែមានព័តមានថាកូនស្រីនាងនិងតារាសម្ដែងស្រីឈ្មោះយ៉ា សុផាន់ម៉ៃ មានស្នេហាភេទដូចគ្នានៅក្រៅឆាក ទើបនាងព្រមានកូនស្រីថាលើកក្រោយៗបើហ៊ានតែថតរឿងស្រីស្រលាញ់ស្រីទៀតនោះអ្នកនាងនឹងលែងឲ្យលេងសិល្បៈជារៀងរហូតតែម្ដង។ថ្វីតែអ្នកនាងកល្យាណ ព្រមានកូនបែបនេះក្ដី ប៉ុន្ដែគេឃើញរាល់កម្មវិធីនៅផ្ទះរបស់អ្នកនាងកល្យាណ ភាគច្រើនសុផាន់ម៉ៃ ទៅជួបឡាវីញ ដល់ផ្ទះតែម្ដង។តែអ្នកនាងកល្យាណ បញ្ជាក់ថាកូនស្រីនាងស្រលាញ់ប្រុសពេញលក្ខណៈ មិនមែនស្នេហាស្រីដូចគ្នាឡើយ។

គេកត់សម្គាល់ដែរថានៅថ្ងៃឡើងផ្ទះវីឡារថ្មីនោះអ្នកនាងកែវ កល្យាណ មិនបានបង្ហាញមុខស្វាមីនោះទេ ពោលគឺនាងថតរូបតែជាមួយមិត្តភក្ដិប៉ុណ្ណោះ ខណៈដែលកន្លងមកនាងថាស្វាមីរបស់នាងគឺជាអ្នកជំនួញ តែក្រោយមានកូនពេញវ័យក្រមុំកំលោះអស់

ទៅហើយនោះ គឹនៅតែមិនទាន់ឃើញអតីតតារាល្បីល្បាញរូបនេះមានគម្រោងរៀបអាពាហ៍ ពិពាហ៍ដដែល។ចំណែកកាលពីពេលថ្មីៗនេះមានផលិតកម្មធំៗបានហៅអ្នកនាងកល្យាណ ថតសម្ដែងភាពយន្ដឡើងវិញក្នុងនាមជាតួម្ដាយ តែអ្នកនាងកល្យាណ ថានាងគ្មានគម្រោងវិលរកអាជីពចាស់ទេ ព្រោះនាងបានជម្រុញឲ្យកូនស្រីបន្ដវេនពីនាងហើយដើម្បីជួយលើកស្ទួយសិល្បៈទី៧ឲ្យកាន់តែរីកចម្រើនថែមទៀត៕


