ភ្នំពេញ៖អ៊ីវ៉ា ត្រូវបានផលិតកម្មដល់ទៅ៣ពេញចិត្តសម្ថភាពរបស់នាងនិងចង់បានតារាកូនកាត់ចិនរូបនេះធ្វើជាសមាជិករបស់ខ្លួននោះគឺហង្សមាស ,ថោន និងGalaxy តែទំផុតស្រីនាថ សម្រេចចិត្តបន្ដជ្រកកោននៅផលិតកម្មសាន់ដេតទៅទៀតតាមរយៈការច្រៀងដោយគ្មានកុងត្រា។មជ្ឈដ្ឋានមហាជនឃើញថាការជ្រកនៅទ្រនុំចាស់នេះស្រីនាថ ហៅអ៊ីវ៉ា មិនអាចប្រជែងតំណែងតួឯកជាមួយសុខ ពិសី បានជាដាច់ខាត ពោលគឺនាងបានត្រឹមជាតួរងប៉ុណ្ណោះ តែស្រីនាថ ស្ម័គ្រចិត្តកាយ ហើយព្រមច្រៀងនៅផលិតកម្មដែលបានផ្ដល់កំណើតឲ្យនាងទៀតទាំងគ្មានកុងត្រា ព្រោះឪពុកនាងលោកអ៊ូវ៉ាវ បានអះអាងថាស្រីនាថ ចាត់ទុកសាន់ដេដូចជាឪពុកម្ដាយទី២របស់នាងពោលគឺផលិតកម្ម១នេះហើយដែលធ្វើឲ្យនាងមានឈ្មោះបោះសម្លេងរហូតមកដល់បច្ចុប្បន្ន។ដោយឡែកតាមព័តមានពីតារាដែលជិតដិតថាអ៊ីវ៉ា បានបង្ហើបឲ្យដឹងថាអ៊ីវ៉ា មិនទៅហង្សមាសព្រោះរូបនាងបានដឹងច្បាស់ណាស់ថាទ្រនុំធំនោះគឺឱក សុគន្ធកញ្ញា គឺជាតួឯក ខណៈដែលការទៅថោនត្រូវបាននាងរំសាយចិត្តវិញក្រោយពីលោកកែវ វាសនា វិលមកសាន់ដេវិញ ស្របពេលដែលការទៅGalaxy វិញកាន់តែមានភាគរយតិចព្រោះអ្នកណាក៍ដឹងថាតន់ ច័ន្ទសីម៉ា គឺជាតារាដែលសំខាន់ជាងគេនៅទីនោះ ហេតុនេះហើយបើទៅបានត្រឹមធ្វើជាតួរងគឺនាងសុខចិត្តនៅទ្រនុំចាស់វិញល្អជាងរើរបង្វេចទៅហើយមកវិញ។

អ្នកចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា មិនសូវមានបទចម្រៀងចេញបុកជាប់ៗគ្នានោះទេពោលគឺយូៗទើបចេញបទថ្មីម្ដងហើយពេលនេះនាងងាកទៅចាប់ដៃគូជាមួយតារាប្រុស២នាក់ច្រៀងឆ្លាស់គ្នានោះគឺលោកកែវ វាសនា និងវេហាស៍ ។តារាវ័យ២៩ឆ្នាំរូបនេះត្រូវបានគេសរសើរថានាងមានសម្ថភាពអាចច្រៀងបានជាច្រើនទម្រង់ ហើយក្រោយស្រីស្រស់ផ្ដាច់ស្នេហ៍ថៅកែ”ប”នៅសៀមរាបរយៈពេលជាង៨ឆ្នាំមកពេលនេះស្រីនាថ មានសេរីភាពពេញលេញក្នុងការច្រៀងសម្ដែងទាំងបទញាក់ និងឈុតស្និតស្នាលជាមួយតួប្រុស ព្រោះគ្មានអ្នកហួងហែងទៀតឡើយ។

ប៉ុន្ដែអ៊ីវ៉ា ធ្លាប់បង្ហើបថានាងចង់បញ្ចប់ភាពនៅលីវត្រឹមអាយុ៣០ឆ្នាំ ពោលគឺនាងអាចនឹងរៀបការប្ដីនៅឆ្នាំ២០២៣ ខាងមុខនេះហើយ បន្ទាប់ពីនាងបង្ហើបថាអនាគតស្វាមីរបស់នាងគឺជាអ្នកធ្វើការនៅវិស័យកីឡារ។តែស្រីនាថ មិនដែលបង្ហាញមុខបុរសនោះជាចំហម្ដងឡើយ ខណៈដែលកាលពីចុងឆ្នាំ២០២១ មានគេឃើញនាងបណ្ដើរបុរសចម្លែកម្នាក់ទៅកម្សាន្ដជាលក្ខណៈគ្រួសារនៅខេត្តសៀមរាប ។ប្រសិនបើអ៊ីវ៉ា ពិតជាគ្រងឈុតកូនក្រមុំមែនទែន នៅឆ្នាំក្រោយនេះគឺមានន័យថានាងបានបំពេញបំណងជូនឪពុកនាងលោកវ៉ាវ ហើយព្រោះលោកចង់ឲ្យនាងយកប្ដីឆាប់ៗដើម្បីបានកូនប្រសារបើករថយន្ដជូននាងទៅច្រៀងសម្ដែងតាមឆាកតន្រ្ដីជំនួសលោក៕

