ភ្នំពេញ៖អ្នកធ្វើភ្លេង(Composer)ម្នាក់ដែលធ្វើបទឲ្យតារាល្បីៗជាច្រើននិងស្និតជាមួយតារាជូរមុខរបស់រាម នោះបានប្រាប់អ្នកយកព័តមានយើងកាលពីរសៀលថ្ងៃទី២៨មិថុនា ថាសុខសោភា អាចនឹងប្រកែកលែងរួចតែម្ដងប្រសិនបើថៅកែស្រីរបស់ខ្លួនចង់ឲ្យនាងរៀបការធំជាចំហដើម្បីឲ្យសាកសមទៅនិងកិត្តយសរបស់នាងដែលអាចធ្វើនៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ ខាងមុខនេះ។ការអះអាងបែបនេះក្រោយអ្នកយកព័តមានយើងបានសាកសួរតាមទូស័ព្ទទៅគ្រូភ្លេងម្នាក់នោះពីដំណឹងរៀបការលើកទី៣របស់សុខសោភា ដែលគ្រោងធ្វើជាចំហនោះតែត្រូវបានលោកបង្ហើបថាមិនដែលឭសោភា និយាយរឿងនេះទេ ហើយលោកថាសោភា ជាអ្នកចាយលុយដែលមានការប្រុងប្រយ័ត្នណាស់ ហេតុនេះហើយលោកជឿរថាបើឲ្យរៀបការធំដុំដូចគេប្រហែលជាសោភា នឹងពិចារណាយូជាងនេះថែមទៀតជាមិនខាន។ទោះជាយ៉ាងណាអ្នកជំនាញធ្វើភ្លេងរូបនោះអះអាងថាមានតែមនុស្សម្នាក់ទេ ដែលអាចធ្វើឲ្យសោភា ប្រកែកឬពន្យាពេលរៀបការលែងរួចទៀតនោះគឺថៅកែស្រីរាម ព្រោះសោភា និងម្ចាស់ផលិតកម្មមួយនេះមានភាពស្និតស្នាលគ្នាខ្លាំងហើយសោភា តែងតែគោរពអ្នកនាងស្រីអូន ។

ថ្វីត្បិតតែមានការបង្ហើបពីមនុស្សដែលស្និតស្នាលជាមួយមាស សុខសោភា ទាក់ទងរឿងរៀបការរបស់នាងហាក់ដូចជាមិនច្បាស់លាស់ក្ដី ប៉ុន្ដែក្នុងជំនួបកន្លងមកសោភា បានផ្ដល់ចម្លើយប្រែប្រួលរហូតដូចជាមានពេលខ្លះនាងថាអាចរៀបការ និងជូនកាលនាងថាមិនដែលគិតថាចង់រៀបការចំហម្ដងណាឡើយ។ប៉ុន្ដែកាលពីឆ្នាំ២០២០ មានព័តមានថាសុខសោភា និងស្វាមីនាងលោករ៉ាដា ចង់រៀបគម្រោងរៀបការធំមិនឲ្យចាញ់ឱក សុគន្ធកញ្ញា និងសុគន្ធ និសា ជាដើមក្រោយមានFan ជម្រុញនិងចង់ឲ្យតារាល្បីល្បាញរូបនេះធ្វើពិធីឲ្យសាកសមទៅនិងភាពល្បីល្បាញរបស់ខ្លួន តែដំណឹងនោះត្រូវបានរំសាយទៅវិញ ព្រោះតែអំឡុងពេលនោះកូវីដផ្ទុះខ្លាំងពេក។ដោយឡែកនាពេលបច្ចុប្បន្នកូវីដបានថមថយទៅវិញហេតុនេះហើយចុងឆ្នាំនេះឬដើមឆ្នាំក្រោយជាពេលវេលាដ៍សាកសមបំផុតសម្រាប់សោភា ប្រសិនបើនាងពិតជាមានចិត្តចង់រៀបការជាសាធារណៈដើម្បីបញ្ចប់រាល់ព័តមានចរចាមអារ៉ាមទាំងឡាយមែន។

ក្រៅពីមាស សុខសោភា តារាដែលផ្អាករៀបការដោយសារតែកូវីដនោះមានដូចជានាងពេជ្រ សូលីកា,ម៉ា នីកា ,ប៉ាច គីមមួយ និងទេព បូព្រឹក្ស ជាដើមដែលពេលនេះពួកគេកំពុងតែសាងស្នេហ៍ដោយមានក្ដីសុខបំផុត។ចំពោះសុខសោភា វិញត្រូវបានមហាជនសរសើរពីភាពរឹងមាំនៃចំណងស្នេហារបស់នាង ដែលអាចរក្សារបានរយៈពេលដល់ទៅ១៥ឆ្នាំ(២០០៧-២០២២)ទាំងដែលមិនទាន់បានរៀបការតាមប្រពៃណីខ្មែរជាចំហដូចគេនោះ។តែសោភា ធ្លាប់បានឆ្លងកាត់ជីវិតអាពាហ៍ ពិពាហ៍មិនចំហ ចំនួន២ដងរួចទៅហើយគឺរៀបការតាមបែបសាសនាគ្រិស្ដនៅព្រះវិហារមួយនៅកាណាដាកាលពីឆ្នាំ២០០៨ និងការនៅខ្មែរបែបលាក់លៀមស្រដៀងពិធីសែនព្រេន កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ ។ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃខួបអាពាហ៍ ពិពាហ៍របស់ខ្លួនសុខសោភា តែងតែចេញសារលើកប្ដីដែលហ៊ានលះបង់គ្រប់បែបយ៉ាងទាំងអស់ដើម្បីរូបនាង ព្រោះលោករ៉ាដា ដែលមានជំនាញជាគ្រូពេទ្យនោះបានបោះបង់អាជីពរបស់លោកមកធ្វើការងារសិល្បៈជាមួយសោភា តាមរយៈលោកជាអ្នកគ្រប់គ្រងផលិតកម្មCamtrax ជាកម្មសិទ្ធិរបស់សោភា ហើយលោកថែមទាំងជាអ្នកយូនិងជញ្ជូនអ៊ឺវ៉ាន់ឲ្យនាងឡើងច្រៀងតាមឆាកតន្រ្ដីទាំងឡាយផងដែរ ដែលសកម្មភាពបែបនេះមានបុរសតិចតួចប៉ុណ្ណោះដែលអាចធ្វើដូចលោកបាន។អ្វីដែលគូរឲ្យចាប់អារម្មណ៍ថែមទៀតនោះលោករ៉ាដា មិនមានគម្រោងនាំសុខសោភា ទៅរស់នៅកាណាដាដូចកាលពីឆ្នាំ២០១១ នោះទេ ព្រោះថាពេលនេះលោកបានរស់នៅខ្មែរច្រើនជាងកាណាដាទៅហើយបន្ទាប់ពីបានចាប់ដៃគ្នាជាមួយសោភា បើកហាងដល់ទៅ២ក្នុងពេលតែមួយ។

អ្នកជំនាញសិល្បៈបានលើកឡើងថាពេលនេះមាស សុខសោភា មិនត្រឹមតែមានទំនាក់ទំនងយ៉ាងល្អជាមួយថៅកែរាម នោះទេ ប៉ុន្ដែនាងក៍អាចបញ្ចប់អាជីពនៅជាមួយផលិតកម្មមួយនេះដែរដោយសារតែសោភា ជាផ្នែកមួយដែលចាំបាច់ក្នុងមុខជំនួញសព្វថ្ងៃរបស់ថៅកែ និងជាការទប់ទប់របស់អ្នកលក់Online ដែលល្បីឈ្មោះម្នាក់ទៀតដែលមានពេជ្រ សោភា ជួយដែរនោះ។ប៉ុន្ដែគេជឿរថាតារាល្បីដូចសោភា នឹងមិនបណ្ដោយឲ្យអាជីពរបស់ខ្លួនធ្លាក់ចុះដោយងាយៗនោះទេ ពោលគឺការចុះកុងត្រារយៈពេលខ្លីនៅរាម ធ្វើឲ្យនាងអាចបត់បែនទីផ្សារសិល្បៈបានគ្រប់ពេល ខណៈដែលមានផលិតកម្ម៣នៅតែបើកភ្លើងខៀវសម្រាប់សោភា ក្នុងនោះមានដូចជាថោន ,Galaxy និងហង្សមាស៕
