ជាថ្មីម្តងទៀតកាលពីថ្ងៃពុធ ទី២៩ មិថុនា២០២២ អាជ្ញាធរហ្វីលីពីន បានបញ្ជាអោយបិទក្រុមហ៊ុនសារព័ត៌មានប្រឆាំងរដ្ឋាភិបាលRapplerដែលមានលោកស្រី Maria Ressaម្ចាស់ពានរង្វាន់ណូបែលសន្តិភាពជាស្ថាបនិក។ការបញ្ជាអោយបិទនេះបានធ្វើឡើងតែមួយថ្ងៃមុនពេលប្រធានាធិបតីឌូតើតេត្រូវចាកចេញពីតំណែង។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAFP ។
Rapplerគឺជាប្រព័ន្ធផ្សព្វផ្សាយមួយក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនមួយចំនួនដែលរិះគន់រដ្ឋាភិបាលរបស់លោកប្រធានាធិបតីឌូតើតេ ។
គណៈកម្មការមូលបត្រហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការសម្រេចចិត្តដកហូតអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនមិនអោយធ្វើប្រតិបត្តិការបន្ទាប់ពីមានបណ្តឹងឧទ្ធរណ៍ របស់តុលាការបានសន្និដ្ឋានថាគំរូមូលនិធិរបស់Rappler មិនស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ស្តីពីកម្មសិទ្ធិបរទេសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។
ទោះជាមានបទបញ្ជាបែបនេះក្តីលោកស្រីបាននិយាយថាRapplerនឹងមិនត្រូវបានបិទទេហើយយើងនឹងជំទាស់ទៅនឹងដីការបស់តុលាការ។លោកស្រីRessaបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា យើងនឹងបន្តធ្វើការ និងធ្វើអាជីវកម្មដូចធម្មតា។ យើងនឹងអនុវត្តតាមនីតិវិធីច្បាប់ហើយបន្តក្រោកឈរឡើងដើម្បីសិទ្ធិរបស់យើង។
គួររំឭកថា កាលពីឆ្នាំ២០១៨សារព័ត៌មានRappler ក៏ត្រូវបានរដ្ឋាភិបាលបញ្ជាអោយបិទម្តងដែរ។ការបញ្ជាអោយបិទលើកមុនបន្ទាប់ពីតុលាការបានចោទប្រកាន់ក្រុមហ៊ុនបានលក់ការគ្រប់គ្រងខ្លួនឯងទៅឱ្យអង្គភាពបរទេសដោយរំលោភលើការរឹតបន្តឹងកម្មសិទ្ធិបរទេសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន៕