ភ្នំពេញ៖ព្រាប សុវត្ថិ បានទិញរថយន្ដទំនើបម៉ាកRolls Royce Ghost ដែលមានតម្លៃខ្ទង់ជិត៣០ម៉ឺនដុល្លារកាលពីថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២០ ពោលគឺបន្ទាប់ពីលោកឡើងងារជាឧកញ៉ារយៈពេល២ខែគត់។នេះគឺជាការជះលុយធំរបស់កំពូលតារាចម្រៀងវ័យ៤៧ឆ្នាំរូបនេះ ខណៈដែល កន្លងមកគេឃើញលោកសុវត្ថិ ជិះរថយន្ដទំនើបៗឆ្លាស់គ្នាមានដូចជាRange Rover ,Ford ,Bmw និងIsuzu ជាដើម។ប៉ុន្ដែតាមព័តមានថាដោយសារតែលោកឧកញ៉ាព្រាប សុវត្ថិ ធ្វើជាBA របស់Isuzu ហេតុនេះហើយលោកនៅតែជិះរថយន្ដនេះច្រើនជាងរថយន្ដផ្សេងៗទៀតរបស់លោក ហើយជាក់ស្ដែងដូចជានៅថ្ងៃទិញឡានថ្មីនោះលោកឧកញ៉ាស្នាយ បានឲ្យកូនប្រុសទី២របស់លោកឈ្មោះសុវត្ថិ មុនីនាគ ជាអ្នកបើកវិញ ដែលនេះអាចបណ្ដាលមកពីលោកខ្លាចប៉ៈពាល់ដល់ក្រុមហ៊ុនរថយន្ដដែលលោកបានកុងត្រារយៈពេល២ឆ្នាំមកនេះ។តាមរយៈការទិញរថយន្ដទំនើបលំដាប់សេដ្ឋីជិះនេះមានន័យថាការសម្រុករកស៊ីលក់ដីឡូតិ៍១ប្រាវរបស់ព្រាប សុវត្ថិ គឺកាក់កបខ្លាំងទើបពេលនេះលោកកាន់តែលេងម៉ូដឡានថ្មីៗថែមទៀត។


គូរបញ្ជាក់ថាក្រៅពីព្រាប សុវត្ថិ តារានិងអតីតតារាដែលកំពុងតែជិះរថយន្ដRolls Royce មានដូចជាអ្នកនាងស្រីតូច ចំណាន,លី យ៉ាណា ,ខៀវ សានសាណា និងខែម ប៊ុនថៃ ជាដើម។ចំពោះលោកព្រាប សុវត្ថិ វិញទោះជាលោកចង់ជិះរថយន្ដថ្លៃលំដាប់ណាក៍អាចទៅរួចដែរព្រោះកាលពីខែកញ្ញាឆ្នាំ២០២០ អតីតតារាហង្សមាសរូបនេះត្រូវបានមនុស្សជំនិតបំផុតរបស់លោកទម្លាយប្រាប់អ្នកកាសែតថាលោកសុវត្ថិ សល់ទ្រព្យខ្ទង់ចំនួនដល់ទៅ៣០លានដុល្លារ ក្រោយចាប់អាជីពចម្រៀងជាង២០ឆ្នាំ។អ្វីដែលគូរឲ្យចាប់អារម្មណ៍ក្រោយក្លាយទៅជាឧកញ៉ានេះ លោកសុវត្ថិ បានរយាលៗកាន់តែខ្លាំងពីអាជីពចម្រៀងហើយសម្រុកមករកស៊ីផ្នែកអចលនទ្រព្យ ,ភោជនីយដ្ឋាន និងកំពុងសាងសង់រម្យនីយ៍ដ្ឋានមួយនៅខេត្តមណ្ឌុលគិរីទៀតផង។ដោយឡែកសម្រាប់អាជីពចម្រៀងរបស់លោកនៅGalaxy វិញ ហាក់ស្ងប់ស្ងាត់ជាងមុនព្រោះមិនសូវមានបទថ្មីៗចេញ ខណៈដែលអ្នកគាំទ្រនិយមស្ដាប់បទលោកនៅហង្សមាសជាងផលិតកម្មថ្មី។ប៉ុន្ដែតាមព័តមានថាព្រាប សុវត្ថិ ត្រៀមចេញបទថ្មី១ៗថែមទៀតក្រោយការទៅដល់Galaxy របស់អតីតអ្នកនិពន្ធនិងដឹកនាំសម្ដែង២រូបរបស់ហង្សមាសគឺលោកខាំ ភូរិ និងសុខ ជំនោរ ។យ៉ាងណាអ្នកជំនាញសិល្បៈបានលើកឡើងថាព្រាប សុវត្ថិ គូរតែឈប់ពីច្រៀងរាំ ហើយមកធ្វើជំនួញវិញប្រសើរជាងដើម្បីកុំឲ្យច្របូកច្របល់ធ្វើជាឧកញ៉ាផងច្រៀងផង ព្រោះថាពេលនេះទោះជាលោកលែងច្រៀងរាំក៍មិនអាចប្រឈមបញ្ហារវិបត្តិសេដ្ឋកិច្ចដែរ។


សូមបញ្ជាក់ថាក្រៅពីព្រាប សុវត្ថិ រថយន្ដRolls Royce ត្រូវបានឧកញ៉ាៗជាច្រើនទៀតបានជ្រើសរើសប្រើប្រាស់ឡានម៉ាកល្បីមួយនេះដើម្បីឲ្យសាកសមទៅនិងកេរ្ដិ៍ឈ្មោះនិងឥទ្ធិពលរបស់ពួកគេ។រថយន្ដRolls-Royce ជារថយន្ដប្រណិតដែលមានជាច្រើនម៉ាកនៅលើពិភពលោកហើយរថយន្ដនេះត្រូវបានបែងចែកជាច្រើនស៊េរីដូចជាRolls-Royce Phantom, Rolls-Royce Dawn, Rolls-Royce Collinan, Rolls-Royce Wraith និងRolls-Royce Ghost ជាដើម។ក្នុងចំណោមរថយន្ដRolls-Royce ខាងលើគឺមានតែRollls-Royce Ghost ទេដែលមានតម្លៃធូថ្លៃជាងគេគឺស៊េរីឆ្នាំ២០២០ត្រូវបានគេដាក់លក់នៅសហរដ្ឋអាមេរិកតម្លៃ៣១៥០០០ដុល្លា៕
