ភ្នំពេញ៖អ្នកមេម៉ាយសាច់សខ្ចីដូចបណ្ដូលចេកនាងប៉ាច គីមមួយ បានលាតត្រដាងស្នេហ៍ជាមួយប្រុសក្មេងសយ រតនៈ រយៈពេលជាង៤ខែមកហើយដែលពេលនេះមានព័តមានថានាងធ្វើឲ្យតាតាសម្បូរលុយដុល្លារដែលចង់ទិញស្នេហ៍ពីនាងនោះបានរងបរាជ័យទាំងស្រុងព្រោះតែគីមមួយ មានអង្គរក្សពិសេសការពារបេះដូងនាងគ្រប់វិនាទី ហេតុនេះហើយទោះជាអ្នកមានលុយក្រាស់យ៉ាងណាក៍មិនអាចទៅរួចដែរ។អ្វីដែលកាន់តែពិបាកសម្រាប់ប្រុសចង់ឆ្មក់ស្នេហ៍នោះគឺនាងគីមមួយ ខុសពីតារាមួយចំនួនដែលតែងតែទន់ជ្រាយព្រោះឃើញអំណាចដុំលុយដុល្លារ តែសម្រាប់ស្រីស្រស់វិញនាងយកស្នេហាជាធំ ពោលគឺតាំងពីមុនប្រគល់បេះដូងទៅឲ្យលោករតនៈ ម្លេះដែលម្ចាស់បទ”កាឌិបៗដាក់”រូបនេះប្រកាសថាសម្រាប់មនុស្សប្រុសដែលមានវ័យចាប់ពី៤០ឆ្នាំឡើងទៅកុំចាំបាច់តាមនាងអី នាងគ្មានអារម្មណ៍ទេ។

ការវាចារបស់ស្រីស្អាតបែបនេះពីដំបូងគ្មានអ្នកណាចាប់អារម្មណ៍នោះទេ ព្រោះខ្លាចនាងគីមមួយ លេងបិតពួន តែដឹងអីពេលនេះគ្រប់គ្នាបានដឹងនិងឃើញច្បាស់ថាអ្នកមេម៉ាយសាច់ដូចសំឡីរូបនេះគឺពិតជាសុខចិត្តចោលលុយ ឡាន និងវីឡារមែនហើយនាងជ្រើសស្នេហ៍ប្រុសក្មេងរតនៈ ដែលមិនសូវមានទ្រព្យតែបានរូបរាងសង្ហារដូចបំណងរបស់គីមមួយ ។សម្រាប់ការទៅដល់របស់ប្រុសក្មេងរតនៈ នោះមិនត្រឹមតែលោកបានដើរតួនាទីជាអ្នកព្យាបាលរបួសបេះដូងឲ្យនាងនោះទេ ប៉ុន្ដែគីមមួយ ក៍បានស្រាលបន្ទុកខ្លះដែរព្រោះថាមុននេះនាងបានបង់រំលស់ផ្ទះ១ល្វែងនៅក្បែរស្ពានដែកចំការដូង ខ័ណ្ឌមានជ័យ រយៈពេលជាង១០ឆ្នាំ តែឥឡូវពួកគេបង់រួមគ្នានាំឲ្យស្រីស្រស់លែងសូវបារម្ភពីហានិភ័យសេដ្ឋកិច្ច។

ថ្វីត្បិតតែនាងប៉ាច គីមមួយ និងសយ រតនៈ បង្ហាញកាយវិការស្រលាញ់គ្នាដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីមែន ប៉ុន្ដែក្នុងជំនួបផ្ទាល់កន្លងមកគីមមួយ និងអនាគតស្វាមីមិនដែលនិយាយរឿងរៀបការឲ្យបានច្បាស់លាស់នោះទេ ហើយពួកគេថែមទាំងមិនហ៊ានសារភាពរឿងរស់នៅក្រោមដំបូលផ្ទះតែមួយទៀតផង។ការជ្រើសប្រុសក្មេងដោយមើលរំលងតាតាសម្បូរលុយដុល្លារនេះធ្វើឲ្យមិត្តភក្ដិរបស់គីមមួយ បានដាស់តឿននាងថាប្រយ័ត្នដើរជាន់ដានចាស់ តែគីមមួយ ហាក់ទុកចិត្តសង្សារថ្មី១០០% ហេតុនេះហើយគេជឿរថានាងនឹងមិនប្រឈមមេម៉ាយជាលើកទី២ឡើយ។

ក្រៅពីប៉ាច គីមមួយ-សយ រតនៈ តារាដែលសាងស្នេហ៍ជាចំហនៅឆ្នាំ២០២២នេះមានដូចជាទេព បូព្រឹក្ស-ងួន ចាន់ដេវីត,នាយចឺម -សេង សុខឃីម ជាដើម ខណៈដែលពេជ្រ សោភា និងនាងហ្វា ហ្វា បានបែកបាក់សង្សារជាតារាដូចគ្នារៀងៗខ្លួននិងកំពុងពិសោធន៍ស្នេហ៍ថ្មីជាប្រុសក្រៅរង្វង់សិល្បៈវិញម្ដង៕
