ភ្នំពេញ៖សុខ ស្រីនាង ក្រោយជម្រះមន្ទិលស្នេហ៍ជាមួយតារារៀមច្បងលោកណុប បាយ៉ារិទ្ធ ដោយនាងហៅលោករិទ្ធ ថាជាបងប្រុស ខណៈដែលអ្នកចម្រៀងប្រុសសាច់សដូចស្រីបានហៅនាងថាជាប្អូនស្រីនោះ នៅថ្ងៃមង្គលការកូនអ្នកនាងគង់ សុជាតិ កាលពីពេលថ្មីៗនេះពួកគេបានជិះរថយន្ដផ្សេងគ្នា ពោលគឺលែងបណ្ដើរគ្នាដូចមុនទៀតហើយ។ប៉ុន្ដែស្រីនាង និងលោកបាយ៉ារិទ្ធ នៅតែថតកៀកកើយគ្នាដូចមុនហើយទំនាក់ទំនងគឺធម្មតាគ្មានអ្នកសង្ស័យថាសិស្សប្អូននិងច្បងរូបនេះមានទំនាក់ទំនងពិសេសជាមួយគ្នាទៀតទេ។

អ្វីដែលគូរឲ្យចាប់អារម្មណ៍ស្រីនាង ក្រោយបង្ហាញគ្មានអារម្មណ៍ស្នេហ៍ទៅលើលោកបាយ៉ារិទ្ធ នោះស្រាប់តែតារាស្រអែមស្រស់ និងជាអ្នកមេម៉ាយគ្មានកូន១គ្រាប់រូបនេះងាកទៅស្និតស្នាលជាមួយអតីតប្ដីអ្នកនាងចាន់ សុផានី គឺលោកកែ សុវណ្ណារ៉េត ហៅហ្សូណូ រឹតតែយល់ចិត្តគ្នាទាំងក្នុងនិងក្រៅឆាកតែម្ដងគឺដូចភាពស្អិតល្មូតរបស់នាងជាមួយឱក សុគន្ធកញ្ញា ដែរ។Fan របស់ស្រីនាង ហាក់មានអារម្មណ៍ច្របូកច្របល់ព្រោះពេលនេះគេមិនដឹងថាស្រីនាង ស្នេហា ប្រុសឬស្រីឲ្យប្រាកដនោះទេ បន្ទាប់ពីនាងចាប់ដៃសុគន្ធកញ្ញា លេងឈុតស្នេហាស្រីស្រលាញ់ស្រី(lesbian)នាំឲ្យនារីៗជាច្រើនព្រឺអស់សំបុរ និងខ្លះបះសក់ច្រូង ខណៈដែលក្រុមស្រីស្រលាញ់ស្រីកាន់តែតាមដានស្រីនាង គ្រប់ជំហ៊ានតែម្ដងព្រោះពួកគេចង់បានបេះដូងតារាចម្រៀងរូបស្រស់នេះ។

គូររំលឹកថាសុខ ស្រីនាង បានរៀបការនិងលែងលះជាមួយលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ហើយតាំងពីធ្លាក់ខ្លួនមេម៉ាយជាង១០ឆ្នាំមកស្រីនាង មិនដែលបណ្ដើរគូស្នេហ៍ថ្មីម្ដងណាឡើយ ស្របពេលដែលលោកសុវត្ថិ មានប្រពន្ធថ្មីភ្លាមៗតាំងពីក្រោយលែងលះម្លេះ។ទាំងក្នុងនិងក្រៅសិល្បៈគ្មានអ្នកណាជឿរថាស្រីនាង នៅបេះដូងទំនេរនោះទេព្រោះថានាងជាមុខសញ្ញានៃការតាមប្រមាញ់ស្នេហ៍ពីសំណាក់ប្រុសៗមួយចំនួន ហេតុនេះហើយគេជឿរថាការព្យាយាមលាក់បាំងមុខគូស្នេហ៍នោះមកពីស្រីនាង មិនចង់ឲ្យប៉ៈពាល់ដល់អាជីពចម្រៀងរបស់នាងប៉ុណ្ណោះ។

ចំពោះរឿងដែលគេសង្ស័យថាស្រីនាង ស្រលាញ់ស្រីដូចគ្នាតាមការសម្ដែងសាច់រឿងជាមួយសុគន្ធកញ្ញា “ស្នេហាខ្ញុំ ផ្លូវ២”នោះហាក់មានភាគរយទាបបំផុត ព្រោះកន្លងមកម្ចាស់បទ”ហត់ទេស្រលាញ់គេម្នាក់ឯង?”រូបនេះមិនធ្លាប់ជំពាក់បេះដូងទៅលើនារីភេទណាម្នាក់ឡើយ ខណៈដែលអតីតប្ដីនាងសង្កត់ថាអ្នកដែលអាចក្លាយទៅជាស្វាមីថ្មីរបស់ស្រីនាង បានគឺត្រូវមានរបស់២យ៉ាងទៅជាមួយគឺទី១៖អំណាច និងទី២៖លុយ៕
