យោងតាមសារព័ត៌មានរ៉យទ័រចេញផ្សាយកាលពីថ្ងៃសុក្រ ទី១កក្កដា ២០២២ បានអោយដឹងថា ប្រទេសថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 ផលិតនៅអាមេរិកចំនួន២គ្រឿង បណ្តេញយន្តហោះចម្បាំងរបស់ប្រទេសមីយ៉ាន់ម៉ាដែលបានរំលោភចូលដែនអាកាសរបស់ខ្លួននៅក្នុងខេត្តតាក់(Tak)ដែលជាខេត្តជាប់ព្រំដែនជាមួយប្រទេស មីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងពេលប្រតិបត្តិការប្រយុទ្ធទៅលើក្រុមចលនាតស៊ូការ៉ែន។
អ្នកនាំពាក្យកងទ័ពអាកាសថៃលោកPrapat Sonjaidee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងF-16ចំនួនពីរគ្រឿងត្រូវបានដាក់ពង្រាយនៅពេលដែលរ៉ាដាបានរកឃើញថាយន្តហោះមីយ៉ាន់ម៉ាមួយគ្រឿងហោះចូលដែនអាកាសថៃក្នុងខេត្តTak ជិតព្រំដែនមីយ៉ាន់ម៉ាកាលពីម្សិលមិញក្នុងអំឡុងពេលធ្វើការវាយប្រហារលើក្រុមឧទ្ទាមជនជាតិភាគតិច។
ទាក់ទងទៅនឹងករណីនេះនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចាបាននិយាយកាលពីថ្ងៃសុក្រថា ទោះបីជា ឧបទ្ទវហេតុ នេះហាក់ដូចជាធ្ងន់ធ្ងរក៏ដោយ វាមិនមែនជារឿងធំនោះទេ ហើយមន្ត្រី ការពារជាតិមីយ៉ាន់ម៉ាបានសុំទោសរួចហើយដែរ។
លោក ប្រាយុទ្ធបានប្រាប់អ្នកយកព័ត៌មានថា អ្វីដែលសំខាន់បំផុតនោះគឺយើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារ អធិបតេយ្យដែនអាកាសរបស់យើង។
អ្នកនាំពាក្យរបស់របបយោធាមីយ៉ាន់ម៉ា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយបានទេ ហើយមិនបាន លើកឡើងអំពីឧប្បត្តិហេតុនេះនៅក្នុងសុន្ទរកថាដំបូងរបស់គាត់ស្តីពីទំនាក់ទំនងថៃនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃដែរ។
សាក្សីម្នាក់នៅក្នុងប្រទេសថៃបានប្រាប់រ៉យទ័រថា យន្តហោះចម្បាំងមួយត្រូវបានគេឃើញនៅលើភូមិចំនួន ២ ចម្ងាយ ប្រហែល ៥គីឡូម៉ែត្រពីព្រំដែន ដែលបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមអ្នកស្រុក ហើយសាលារៀនមួយបាន បញ្ជូនសិស្សរបស់ខ្លួនទៅកាន់ជម្រកការពារគ្រាប់បែក។
កាលពីថ្ងៃព្រហស្បតិ៍ លោក Myo Thura Ko Ko អ្នកនាំពាក្យរបស់ Cobra Columnដែលជាកងកម្លាំង
ការពារប្រជាជន (PDF) ដែលកំពុងប្រយុទ្ធជាមួយ KNLA និង KNDOបានប្រាប់សារព័ត៌មានIrrawaddyថាការវាយប្រហារតាមអាកាសរបស់របបយោធាកំពុងកាន់តែខ្លាំង។
លោកបានមានប្រសាសន៍ថា ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ យន្តហោះយោធាYAK បានវាយប្រហារ៩លើក យន្តហោះ MIG-29 បានវាយប្រហារចំនួន៥លើក ហើយឧទ្ធម្ភាគចក្រ MI-17 ចំនួន២គ្រឿង បានវាយប្រហារចំនួន៥លើក៕