Monday, November 25, 2024
Homeព័ត៌មានជាតិអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យការស្ដារប្រឡាយបឹងត្របែក

អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យការស្ដារប្រឡាយបឹងត្របែក

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ២០២២ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរខណ្ឌចម្ការមន ចុះពិនិត្យស្ថានភាពនៃការស្ដារបឹងត្របែក ដែលមានចម្ងាយប្រមាណ ជិតមួយគីឡូម៉ែត្រ ចាប់ពីប្រឡាយបឹងត្របែក ដល់ស្ថានីយបឹងត្របែក ផ្លូវ២៧១ និងបានជំរុញឱ្យក្រុមការងារនៃមន្ទីរ សាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ និងមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ ពន្លឿនការស្ដារប្រឡាយ បឹងត្របែក ឱ្យបានឆាប់ ដើម្បីបើកផ្លូវទឹកហូរឱ្យបានលឿន ទៅដល់ស្ថានីយបឹងត្របែក ដើម្បីឱ្យស្ថានីយនេះ អាចបូមទឹកចេញបានឆាប់រហ័ស កាត់បន្ថយបាននូវការលិចលង់ លំនៅឋានបងប្អូនប្រជាពលរដ្ឋ នៅក្នុងរដូវវស្សានេះ។

លោកឃួង ស្រេង បានណែនាំឲ្យក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ដូចជាមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ កាយសំរាម ភក់ និងស្មៅ ដែលជារនាំងឃាំងទឹកក្នុងប្រឡាយបឹងត្របែក នេះឱ្យអស់ ពោលគឺនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ទឹកអាចហូរបានលឿន ទៅដល់មុខស្ថានីយដែលអាចឱ្យស្ថានីយបឹងត្របែក មានសមត្ថភាព បូមទឹកបានលឿន កាត់បន្ថយបាននូវការលិចលង់។

សូមបញ្ជាក់ថា ប្រឡាយបឹងត្របែក ដែលត្រូវស្តារឡើងវិញនេះ មានការចាក់ទំនប់តាមមាត់ប្រឡាយ ទទឹង១០ម៉ែត្រ និងបណ្តោយមានប្រវែងជាង ៨២៧ម៉ែត្រ។ ជាគម្រោងទំនប់ជាប់នឹងប្រឡាយនេះ គ្រោងនឹងចាក់បេតុង ដើម្បីធ្វើជាផ្លូវឲ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បាន ហើយក៏ជាផ្លូវមួយដើម្បីងាយស្រួលដាក់គ្រឿងចក្រ ធ្វើការស្តារប្រឡាយបឹងត្របែកជាប្រចាំផងដែរ។ ក្រោយពីការកាយប្រឡាយ ដូចជាស្ដារប្រឡាយនេះ ឱ្យមានលំហូរទឹកបានល្អហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងបុកស៊ីផាយ នៅតាមជញ្ជាំងប្រឡាយបឹងត្របែកនេះផងដែរ៕

RELATED ARTICLES