ភ្នំពេញ៖អាចចាត់ទុកជាកម្មវិធីធំលើកទី២របស់ម៉ូលីកា បន្ទាប់ពីពិធីរៀបការរបស់នាងជាមួយស្វាមីយ៉ាងអធិកអធមកាលពីដើមឆ្នាំ២០២០ ព្រោះកម្មវិធីខួបកំណើតកូនស្រីរបស់នាងឈ្មោះនុណ ច័ន្ទម៉ូនីតា គម្រប់២ឆ្នាំ ផ្គួបឡើងផ្ទះនៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០២២ នោះនាងរៀបចំដល់ទៅ១០០តុ ដែលមានន័យថាភ្ញៀវដល់ទៅ១០០០នាក់ដែលនាងបានអញ្ជើញក្នុងនោះភាគច្រើនមានដូចជាអតីតតារារួមអាជីព បណ្ដារដៃគូរកស៊ីលក់Online ជាមួយគ្នា ហើយម៉ូលីកា មានរំពឹងថាប្អូនស្រីលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន គឺលោកជំទាវហ៊ុន ស៊ីណាត ដែលនាងបានអញ្ជើញនោះក៍នឹងផ្ដល់កិត្តិយសអញ្ជើញចូលរួមផងដែរ។



យ៉ាងណាអតីតតារាចម្រៀងRock និងបច្ចុប្បន្នត្រូវបានគេចាត់ទុកថាជាកំពូលអ្នកលក់Online មួយរូបម៉ូលីកា មិនប្រាប់ពីការត្រៀមចំណាយថវិការក្នុងកម្មវិធីពិសេសរបស់នាងនោះទេ ប៉ុន្ដែគេកត់សម្គាល់ថានៅថ្ងៃខួបកូនស្រីសំណព្វចិត្តនោះនាងបានទិញរថយន្ដទំនើបម៉ាក Jaguar តម្លៃរាប់សិបម៉ឺនដុល្លារកាដូឲ្យកូនទី១របស់នាងទៀតផង ទើបត្រូវគេចាត់ទុកថាក្រោយម៉ូលីកា ចាប់ដៃស្វាមីជាង២ឆ្នាំក្នុងការធ្វើជំនួញរួមគ្នានោះពួកគេមានជីវភាពធូធារខ្លាំងតាមរយៈការសន្សំលុយទិញបានផ្ទះវីឡារផ្ទាល់ខ្លួន និងកន្លងមកគេឃើញគូស្នេហ៍តារា១គូនេះជិះរថយន្ដទំនើបៗមានដូចជាFord Raptor ,Range Rover ,Jaguar និង Alphard ។



សូមរំលឹកថាម៉ូលីកា បានរៀបការជាមួយតារាសម្ដែងរូបសង្ហារលោកហុង មានុណ ហៅឆានុណ កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ និងបានសម្រាលកូនស្រីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០ ដោយដាក់ឈ្មោះថា”នុណ ច័ន្ទម៉ូនីតា”។ម៉ូលីកា ដែលជាថៅកែហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក នោះមិនកំណត់ពេលវេលានៃការឡើងឆាកតន្ត្រីសារជាថ្មីនោះទេ ព្រោះមហាញឹកច្រើនលើមុខជំនួញ តែនាងថានៅតែស្រលាញ់អាជីពចាស់ ហើយបើមានឱកាសនឹងចេញបទថ្មីៗដោយខ្លួនឯងនាពេលខាងមុខនេះ។សម្រាប់ពិធីឡើងផ្ទះផ្គួបខួបកំណើតកូនស្រីដែលធ្វើនៅបុរីវារីណា ផ្ទះលេខ១០ ផ្លូវលេខ០២ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញនេះម៉ូលីកា នឹងបានជួបជុំមិត្តភក្ដិចាស់ៗឡើងវិញជាថ្មីជាច្រើននាក់ដែលពួកគេនឹងទៅអបអរសារដល់នាងចំពោះការវិវតន៍ជីវភាពកាន់តែកល្អប្រសើរថែមមួយកម្រិតទៀត ខណៈដែលកន្លងមកម៉ូលីកា តែងតែទៅចូលរួមកម្មវិធីគេមិនដែលខានហេតុនេះហើយប្រាកដជាភ្ញៀវទាំងឡាយដែលនាងបានអញ្ជើញនឹងមកចូលរួមកម្មវិធីនាងវិញជាមិនខាន៕



