ភ្នំពេញ៖តារាសម្ដែងឆុំ វត្តី ដែលជាតួអង្គរឿង”ហ្លួងព្រះស្ដេចកន”នោះបានធ្វើពិធីជប់លៀងខួបកំណើតកូនស្រីរបស់នាងឈ្មោះរិទ្ធហួរ ជូលីតា គម្រប់អាយុ១ឆ្នាំកាលពីថ្ងៃទី៨ខែកក្កដាឆ្នាំ២០២២ នៅហាងដឺ ធើរេស ធីខេ ដោយមានអ្នកដឹកនាំរឿងនិងតារាល្បីៗជាច្រើនដួងបានចូលរួម។ពិធីដែលចំណាយអស់ខ្ទង់ម៉ឺនដុល្លាររបស់វត្តី នោះបានរៀបចំមុនការរៀបការលើកទី២របស់នាងដែលត្រៀមធ្វើនាពេលខាងមុខ ខណៈដែលនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងក៍ធ្លាប់គិតថាចង់ធ្វើខួបឲ្យកូនផ្គួបការរៀបការធំរបស់នាងម្ដង ទៀតដែរ។តែពេលនេះនាងបានធ្វើកម្មវិធីខួបកូនស្រីយ៉ាងធំហើយដាច់ដោយឡែកដោយមិនបញ្ចូលការរៀបអាពាហ៍របស់នាងម្ដងទៀតឡើយ។


សូមបញ្ជាក់ថាឆុំ វត្តី បានរៀបការលើកទី១ជាមួយលោករិទ្ធី ហួររក្សា ហៅណេង ដែលជាកូនរបស់អ្នកដឹកនាំរឿងល្បីឈ្មោះលោកទិត ធារិទ្ធ កាលពីថ្ងៃទី៤ខែឧសភាឆ្នាំ២០២០ តែពិធីនោះធ្វើមិនធំដុំនោះទេ ពោលគឺរៀបចំជាលក្ខណៈគម្រប់កិច្ចដោយសារតែអំឡុងពេលនោះកូវីដផ្ទុះខ្លាំងពេកទើបវត្តី សន្យាថានឹងរៀបការជាលើកទី២ជាលក្ខណៈទ្រង់ទ្រាយធំនៅពេលដែលកូវីដថមថយ។ក្រោយមានស្វាមីនិងកូន១នេះវត្តី ក៍ដូចជាតារាមួយចំនួនទៀតមានគ្រួសារដែរពោលគឺបានបន្ថយការងារសិល្បៈទាំងការថតភាពយន្ដនិងខារ៉ាអូខេហើយបច្ចុប្បន្ននាងមានតួនាទីជាអ្នកចាត់ការទៅទៅ និងហៅតារាៗថតភាពយន្ដនៅផលិតកម្មរបស់ឪពុកក្មេករបស់នាង។ប៉ុន្ដែវត្តី ធ្លាប់ប្រាប់ថានាងនៅតែទទួលការងារនៅផលិតកម្មខាងក្រៅ គ្រាន់តែថតសម្ដែងតែរឿងណាដែលនាងពេញចិត្តប៉ុណ្ណោះ ។


ក្រៅពីឆុំ វត្តី តារាដែលមានកូន១គិតត្រឹមឆ្នាំ២០២២ នេះមានដូចជាឱក សុគន្ធកញ្ញា ,សួស វីសា,ពេជ្រ សូលីកា,ផាត់ ផាន់ណា,ម៉ូលីកា ,នៅ សុនិតា និងឌុច លីដា ជាដើម។អ្នកជំនាញសិល្បៈបានលើកឡើងថាទោះជាពេលនេះវត្តី មានប្ដីនិងកូនមែន ប៉ុន្ដែនាងនៅតែអាចគ្រងតំណែងជាតួឯកបានដូចកាលនៅលីវអីចឹងព្រោះមិនត្រឹមតែមានឪពុកក្មេកជាថៅកែផលិតកម្មនោះទេ តែរូបនាងផ្ទាល់ក៍ជាអ្នកមានសិទ្ធិដាក់តួនៅផលិតកម្មឪពុកប្ដីនាងទៀតផងអីចឹងរឿងអីដែលដាក់តារាផ្សេងៗឲ្យធ្វើតួឯកបាន តែភ្លេចដាក់ខ្លួនឯងជាតួធំ?វត្តី ធ្លាប់វាចាថានៅពេលដែលនាងទទួលបានតួនាទីនៅផលិតកម្មឪក្មេកនោះនាងត្រូវរ៉ាប់រងនិងទទួលខុសត្រូវខ្ពស់ជាងតារាសម្ដែងធម្មតាម្នាក់ដូចមុន ហេតុនេះហើយមិនមានពេលគ្រប់គ្រាន់សម្រាប់ខ្លួនឯងក្នុងការចេញថតពេញទំហ៊ឹងទៀតឡើយ៕


