ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះរាជសារព្រះចៅអធិរាជជប៉ុន ណារុ ហ៊ីតុ (NARU HITO) ចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោកសិនហ្សូ អាបេ ដោយព្រះអង្គបានបញ្ជាក់ថា ប្រជាជនកម្ពុជា មិនអាចបំភ្លេចបានឡើយនូវគុណនិងការគំាទ្រយ៉ាងមានតម្លៃ ដែលអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានចូលរួមចំណែកក្នុងនាមប្រទេសជប៉ុន ដើម្បីជួយកម្ពុជា ក្នុងការស្ថាបនាជាតិ។
ក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រនៃកម្ពុជា ថ្វាយព្រះចៅអធិរាជជប៉ុន ណារុ ហ៊ីតុ មានខ្លឹមសារថា «ខ្ញុំពិតជាមានអារម្មណ៍សោកសៅយ៉ាងក្រៃលែង ដែលទទួលបានដំណឹងមរណភាព របស់ឯកឧត្ដម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន (ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០)។
នៅក្នុងពេលវេលាដ៏សោកសៅនេះ ប្រទេសកម្ពុជា ទាំងមូល ប្រជាជន រដ្ឋាភិបាល សភាជាតិ គ្រួសាររាជ្យវង្ស និងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយព្រះចៅអធិរាជ និងប្រជាជាតិជប៉ុន ទាំងមូល។ យើងទាំងអស់គ្នា សូមគោរពនិងរំលឹកដល់វិញ្ញាណក្ខន្ធឯកឧត្ដមអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលបានពលីជីវិតដើម្បីបុព្វហេតុជប៉ុន។
ខ្ញុំចងចាំជានិច្ចនូវអនុស្សាវរីយ៍របស់ខ្ញុំ ជាមួយឯកឧត្ដមនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ខ្ញុំ ទៅកាន់ទីក្រុងតូក្យូ កាលពីខែតុលា ឆ្នាំ២០១៩ ដើម្បីចូលរួមពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះអង្គ ជាព្រះចៅអធិរាជជប៉ុន។
ប្រជាជនកម្ពុជាទាំងប្រុស ទាំងស្រី នឹងមិនអាចបំភ្លេចបានឡើយនូវគុណនិងការគំាទ្រយ៉ាងមានតម្លៃ ដែលឯកឧត្ដមនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានចូលរួមចំណែកក្នុងនាមប្រទេសជប៉ុន ដើម្បីជួយកម្ពុជា លើការស្ថាបនាជាតិ។
សូមព្រះចៅអធិរាជ ទទួលយកការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពីយើងទាំងអស់គ្នា»។
សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បានចូលរួមកាន់ទុក្ខលោកស៊ីនហ្សូ អាបេ នៅទូទាំងប្រទេស កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ដោយស្ថាប័នរដ្ឋ និងឯកជនទាំងអស់ក្នុងប្រទេស បានបង្ហូតទង់ជាតិនៅត្រឹមពាក់កណ្តាល ដើម្បីបង្ហាញពីការកាន់ទុក្ខរបស់កម្ពុជាជាមួយរាជវង្ស រដ្ឋាភិបាល ប្រជាជនជប៉ុន និងគ្រួសារសព ចំពោះការបាត់បង់លោកស៊ីនហ្សូ អាបេ ដោយការលបធ្វើឃាត កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២៕ ខៀវទុំ