Tuesday, November 26, 2024
Homeព័ត៌មានជាតិអតីតប្រពន្ធជីងចក់ ផ្ញើលិខិតចំហ សុំទោសលោកស្រីហ៊ុន ស៊ីណាត

អតីតប្រពន្ធជីងចក់ ផ្ញើលិខិតចំហ សុំទោសលោកស្រីហ៊ុន ស៊ីណាត

ភ្នំពេញ ៖ អ្នកស្រីទ្រិញ ផល្លា អតីតប្រពន្ធលោកជឿន ប៊ុនចក់ ហៅជីងចក់ បានផ្ញើលិខិតចំហ សុំទោសលោកស្រីហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចនាយករដ្ឋមន្ត្រី ចំពោះទង្វើមិនសមរម្យណាមួយដែលអ្នកស្រីបានប្រព្រឹត្តដោយចេតនា ឬអចេតនា ក្នុងការឆ្លើយតបការបញ្ចេញយោបល់តាមបណ្តាញសង្គម ហ្វេសប៊ុក។

អ្នកស្រីទ្រិញ ផល្លា បានសរសេរលិខិតសុំអភ័យទោស ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ដែលមានខ្លឹមសារថា «សូមគោរពជូនលោកជំទាវ ហ៊ុន ស៊ីណាត ជាទីគោរពដ៍ខ្ពង់ខ្ពស់ !!

កន្លងមក នាងខ្ញុំបានខមិនឆ្លើយឆ្លងជាមួយលោកជំទាវ ដោយពុំមានចេតនាប៉ះពាល់ដល់កិត្តិយសរបស់លោកជំទាវ ជាចាស់ទុំឡើយ  អាស្រ័យហេតុនេះ នាងខ្ញុំសូមខន្តីអភ័យទោសចំពោះការឆ្លើយតបជាមួយលោកជំទាវ ឬទង្វើមិនសមរម្យណាមួយដែលបានប្រព្រឹត្តដោយចេតនា ឬអចេតនាក្តី ក៏គោរពសូមលោកជំទាវមេត្តាលើកលែងកំហុសដល់នាងខ្ញុំ ដោយសេចក្តីអនុគ្រោះ។

សូមលោកជំទាវ មេត្តាទទួលនូវការគោរពដ៍ជ្រាលជ្រៅអំពីនាងខ្ញុំ»។

សូមបញ្ជាក់ថា ការធ្វើលិខិតសុំទោស ជូនលោកស្រីហ៊ុន ស៊ីណាត ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីអ្នកស្រីទ្រិញ ផល្លា បានកើតមានទំនាស់ដ៏ចម្រូងចម្រាសជាមួយអតីតស្វាមី លោកជឿន ប៊ុន ចក់ ហៅជីងចក់ និងក្រោយពេលដែលអ្នកស្រីបានទម្លាយថា អ្នកស្រីបានទទួលទូរស័ព្ទផ្ទាល់ពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច ជាកូនធម៌របស់ជីដូនអ្នកស្រី ហើយអ្នកស្រីហៅសម្តេច ថា «លោកតា» នោះ បានទូរស័ព្ទមកអ្នកស្រីផ្ទាល់ ផ្តល់ការណែនាំថា រឿងរបស់អ្នកស្រីជាមួយជីងចក់ ដោះស្រាយនៅច្បាប់ទៅ ហើយដើម្បីកុំឲ្យគេចាប់កំហុសអ្នកស្រី ដោយសាររឿងដាក់រូបដែលអ្នកស្រីថតជាមួយសម្តេច នៅ Cover ហ្វេសប៊ុកនោះ ទៅជារឿងមួយផ្សេងទៀត ដូច្នេះសម្តេច ឲ្យអ្នកស្រីលុបរូបភាព Cover ហ្វេសប៊ុក នោះចេញទៅ ទើបអ្នកស្រីក៏បានលុបរួបភាពនោះចេញទៅ។

អ្នកស្រីទ្រិញ ផល្លា បានបញ្ជាក់ពីចំណុចនោះ ក្នុងវីដេអូផ្សាយផ្ទាល់ (Live) តាមគណនីហ្វេសប៊ុក របស់អ្នកស្រី នៅថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០២២ ថា «មានបងប្អូន Comment ច្រើន ម៉េចបានលុប Cover ? មានអ្នកឆាតមកច្រើន លុប Cover អ៊ីចឹងខ្ញុំសូមបញ្ជាក់ថា យប់មិញលោកតាខ្ញុំ (សម្តេចហ៊ុន សែន) គាត់តេមកផ្ទាល់ អ៊ីចឹងគាត់ពន្យល់ខ្ញុំថា ចៅឯងមានរឿងជាមួយចក់ ចក់ ខុសជាមួយចៅឯង ឬចៅឯងខុសជាមួយចក់ ចៅឯងដោះស្រាយ នៅច្បាប់ទៅ កុំឲ្យគេយក កុំឲ្យគេចាប់កំហុសចៅឯង ដោយសាររឿងដាក់រូបតា នៅ Cover ហ្នឹង ទៅជារឿងមួយផ្សេងទៀត អ៊ីចឹងចៅឯងលុបទៅ ខ្ញុំក៏លុបទៅ ខ្ញុំស្តាប់លោកតាខ្ញុំ លោកតាខ្ញុំតេមកផ្ទាល់។ គាត់ថា គាត់យល់ រូបហ្នឹងខ្ញុំដាក់ពីយូរមកហើយ ប៉ុន្តែពីមុនខ្ញុំមិនមែនជាមនុស្សរបស់មហាជន ឥឡូវជាមនុស្សរបស់មហាជន អ៊ីចឹងកុំឲ្យគេដាក់បន្ទុកចៅឯងទៅជារឿងមួយផ្សេងទៀត ចៅឯងដោះស្រាយជាមួយចក់ សិនទៅ ហើយចៅឯងកុំភ័យថា  ច្បាប់ស្រុកខ្មែរ គឺច្បាប់ទូទាំងពិភពលោក គឺយុត្តិធម៌ណាស់ អ៊ីចឹងឲ្យតែចៅឯងមានភ័ស្តុតាងត្រឹមត្រូវ ធ្វើតែតាមច្បាប់ទៅ ហ្នឹងពាក្យសម្តីដែលលោកតាខ្ញុំគាត់តេមកផ្ទាល់ តេមក គាត់និយាយចេញមកគឺត្រជាក់ចិត្ត ត្រជាក់បេះដូងហ្មងចា។ អ៊ីចឹងបងប្អូនមួយចំនួនកំពុងមានប្រតិកម្មជាមួយខ្ញុំ កំពុងតែមិនពេញចិត្តខ្ញុំ ខ្ញុំអត់ឲ្យមានពាក្យអីមិនសមរម្យ នៅក្រោមរូបរបស់គាត់ទេ អ៊ីចឹងខ្ញុំក៏លុបចោល»។

ជាមួយនេះ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២  អ្នកស្រីទ្រិញ ផល្លា បានឲ្យដឹងថា អ្នកស្រីរង់ចាំពេលណាលោកតា (សម្តេចហ៊ុន សែន ) ទំនេរ អ្នកស្រីនឹងជូនលោកយាយរបស់អ្នកស្រី ដែលជាម្តាយធម៌សម្តេច ទៅលេងសម្តេច ព្រោះលោកយាយរបស់អ្នកស្រី មានប្រសាសន៍ថា នឹកសម្តេច ខ្លាំងណាស់។

អ្នកស្រីទ្រិញ ផល្លា បានសរសេរក្នុងគណនីហ្វេសប៊ុក របស់អ្នកស្រីថា «លោកតាស្រឡាញ់លោកយាយខ្ញុំខ្លាំងណាស់ ពីព្រោះគាត់មានប្រសាសន៍ថា លោកយាយខ្ញុំ ប្រៀបដូចម្ដាយបង្កើតរបស់គាត់ ទៅណាមកណាមិនដែលភ្លេចទេស្លាម្លូ ដូច្នេះគាត់ក៏យកលោកយាយរបស់ខ្ញុំធ្វើជាម្ដាយធម៌របស់គាត់ ហើយក៏យល់ព្រមចិញ្ចឹមលោកយាយរបស់ខ្ញុំ រហូតដល់ចុងបញ្ចប់ជីវិតរបស់លោកយាយខ្ញុំ។

ជារៀងរាល់ខែ ទោះលោកយាយ មិនបានទៅជួបលោកតាផ្ទាល់ ក៏លោកតា ឲ្យក្រុមការងារទៅថតសកម្មភាពការរស់នៅរបស់លោយយាយខ្ញុំ ទុកឲ្យគាត់មើលដែរ ហើយគាត់បានផ្ដាំថាឲ្យតែម្ដាយនឹកកូន អាចមកលេងកូនបាន!

លោកយាយ និងក្រុមគ្រួសារចៅទាំងអស់ ជូនពរលោកតា មានអាយុវែង នៅជាម្លប់ដល់កូនចៅក្នុងប្រទេសទាំងមូល រហូតតទៅ។

ខ្ញុំរង់ចាំលោកតាទំនេរ នាងខ្ញុំនឹងជូនលោកយាយ ទៅលេងលោកតា ព្រោះគាត់មានប្រសាសន៍ថា នឹកដល់លោកតាខ្លាំងណាស់»។   

សូមបញ្ជាក់ដែរថា មុនពេលអ្នកស្រីទ្រិញ ផល្លា សរសេរលិខិតសុំទោសលោកស្រីហ៊ុន ស៊ីណាត ខាងលើនេះ មានព័ត៌មានលេចឮក្នុងបណ្តាញសង្គម ថា អ្នកស្រី​ ទ្រិញ​ ផល្លា​ បានផ្ញើសារលាអ្នកស្គាល់គ្នា​ និងផ្ដាំផ្ញើឱ្យជួយមើលថែកូនផង​ រួចក៏បានលេបថ្នាំសម្លាប់​ខ្លួន តែត្រូវបានជួយសង្គ្រោះទាន់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:។ យ៉ាងណា ជុំវិញព័ត៌មានលេចឮនេះ មិនទាន់មានការបកស្រាយបំភ្លឺពីអ្នកស្រីទ្រិញ ផល្លា ទេ៕

RELATED ARTICLES