ភ្នំពេញ៖អ្នកនាងយុគ ចិន្ដា បានធ្វើបុណ្យគម្រប់ខួប១ឆ្នាំជូនម្ដាយរបស់នាងឧបាសិកាខឹម ផល្លី កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២២ នៅបុរីអង្គរភ្នំពេញ(គម្រោងទី២) ស្ថិតនៅសង្កាត់ឃ្មួញ ខ័ណ្ឌសែន រាជធានីភ្នំពេញ ដោយមានសាច់ញាត្តិ,តារារួមអាជីព និងអ្នកជំនួញជាច្រើនបានចូលរួម។តាមរយៈបទសម្ភាសន៍ផ្ទាល់អ្នកនាងចិន្ដា ហាក់នៅតែចង់រលីងរលោងទឹកភ្នែកនៅពេលដែលរំលឹកទៅដល់ម្ដាយអ្នកនាងតែពិធីការិនីដ៍មានឥទ្ធិពលរបស់CTN រូបនេះថានាងត្រូវតែតាំងចិត្តឲ្យរឹងមាំព្រោះនាងជាចម្ទល់គ្រួសារគឺមានតួនាទីឬភារកិច្ចដឹកនាំក្រុមគ្រួសារឲ្យបានល្អតទៅមុខទៀត។



អ្នកនាងយុគ ចិន្ដា ថ្លែងថាពិធីបុណ្យគម្រប់ខួប១ឆ្នាំជូនម្ដាយនាងធ្វើធំល្មម តែគោរពទៅតាមវិធានសុខាភិបាល ដោយសារតែកាលគាត់ទទួលមរណភាពភ្លាមៗមិនបានធ្វើធំដុំឬមានមិត្តភក្ដិចូលរួមច្រើននោះទេ ព្រោះកាលនោះកូវីដកំពុងតែផ្ទុះខ្លាំងពេក។ពិធីការិនីដ៍មានឥទ្ធិពលរបស់CTN រូបនេះថាម្ដាយនាងមានជំងឺលើសឈាមនិងទឹកនោមផ្អែមហើយគាត់ដួលទើបអ្នកនាងមកទាន់ដង្ហើមគាត់ចុងក្រោយនិងបញ្ជួនទៅពេទ្យទាន់ពេលវេលា តែមិនអាចសង្រ្គោះបាន។អ្នកនាងចិន្ដា ថារយៈពេល៣ខែដែលនាងកាន់ទុក្ខជូនម្ដាយរហូតដល់មានពេលខ្លះនាងស្ដាយម្ដាយពេកចង់ទៅតាមម្ដាយទៀតផង។ប៉ុន្ដែការសមាធិ និងតាំងចិត្តធ្វើឲ្យនាងរឹងមាំជាថ្មីវិញបាននិងមានតែបន់ស្រន់ឲ្យម្ដាយទៅដល់ទីឋានសុខ កុំវិលវល់ ហើយបានទៅដល់ភពថ្មីជាទីស្ងប់ស្ងាត់ដែលគាត់ចង់បាន។មុនឈានចូលដល់ពិធីបុណ្យខួប១ឆ្នាំនេះដែរអ្នកនាងចិន្ដា ថាជារៀងរាល់ថ្ងៃសីលនាងបានរៀបចំសែនព្រេនជូនម្ដាយនៅផ្ទះ និងពេលខ្លះទំនេរទៅដល់វត្តនិគ្រោធវ័ន្ដ ហៅវត្តគល់ទទឹងព្រោះធាតុរបស់គាត់តំកល់នៅទីនោះ។


ពិធីការិនីដែលរក្សារកេរ្ដិ៍ឈ្មោះក្នុងពិភពសិល្បៈបានជាង២០ឆ្នាំរូបនេះថានៅពេលដែលនាងមានវិបត្តិផ្លូវចិត្តខ្លាំងបំផុតនោះគឺមានតែកូនស្រី,ក្រុមគ្រួសារ និងមិត្តភក្ដិល្អៗដែលពួកគេលើកទឹកចិត្តនាងគ្រប់ពេលរហូធ្វើឲ្យនាងបានធូស្រាលចិត្តដូចពេលនេះ។សម្រាប់នាងនៅតែមានចិត្តថាក្នុងនាមជាអ្នកដឹកនាំគ្រួសារម្នាក់ហេតុនេះហើយនាងមិនអាចទន់ជ្រាយបានជាដាច់ខាតគឺត្រូវតែរឹងប៉ឹងដើម្បីក្រុមគ្រួសារ។


គូររំលឹកថាម្ដាយរបស់អ្នកនាងយុគ ចិន្ដា គឺលោកស្រីខឹម ផល្លី ដែលទៅរស់នៅសហរដ្ឋអាមេរិកជាច្រើនឆ្នាំនោះលោកស្រីបានទទួលមរណភាពអាយុ៦៩ឆ្នាំអំឡុងពេលដែលមកលេងកូននៅខ្មែរកាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១ ដែលអ្នកនាងចិន្ដា បញ្ជាក់ថាដោយសារតែជំងឺលើសឈាម និងទឹកនោមផ្អែមហើយគាត់បានរអិលដួល។


ទាក់ទងរឿងការងារសិល្បៈវិញថ្មីៗនេះអ្នកនាងយុគ ចិន្ដា ត្រូវបានថ្នាក់ដឹកនាំCTN បានឲ្យនាងទៅគ្រប់គ្រងនិងដឹកនាំកម្មវិធីកំប្លែង”បាទមេ”ជំនួសលោកសុវណ្ណ រិទ្ធី ហៅតាវ៉ិច ទ័រ ដែលចាកចេញ។អ្នកនៅក្នុងសិល្បៈមួយចំនួនបានលើកឡើងថានោះជាការងារថ្មីរបស់នាងចិន្ដា ដែលនាងមិនដែលជួបប្រទះព្រោះកន្លងមកនាងច្រើនតែដឹកនាំកម្មវិធីប្រគុំតន្រ្ដី តែពិធីការិនីជើងចាស់រូបនេះថានាងគ្មានការបារម្ភច្រើននោះទេ ដោយសារមានបទពិសោធន៍ការងារសិល្បៈជាច្រើនឆ្នាំមកហើយ ហេតុនេះត្រូវតែបំពេញតាមតួនាទីឲ្យបានល្អ ព្រោះនាងជាបុគ្គលិករបស់CTN។ដោយឡែកទាក់ទងរឿងរៀបការដែលអ្នកនាងយុគ ចិន្ដា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានៅពេលដែលកូនស្រីសំណព្វចិត្តរបស់នាងឈ្មោះយុគ ដាពេជ្រ ហៅស្រីអម មានអាយុ១៨ឆ្នាំនាងនឹងរៀបការនោះត្រូវបានអ្នកនាងចិន្ដា និយាយលាយឡំសំណើចថានាងមានផែនការណ៍ក្នុងជីវិតអស់ហើយថានឹងចូលរោងការនៅពេលណា ។ប៉ុន្ដែអ្នកនាងសង្កាត់ថាមិនចង់និយាយរឿងរៀបការនោះជាសាធារណៈប្រាប់ជាមុនឡើយ៕


