ភ្នំពេញ៖ពេជ្រ សោភា ត្រូវបានគេដឹងថានាងមានស្នេហាមិនទាន់មានលំនឹងទេពោលគឺស្នេហាអត់សុវត្ថិភាពព្រោះបុរសរូបសង្ហារដែលនាងទើបភ្ជាប់ស្នេហ៍បានជាង៦ខែនោះពេលនេះទាំងសោភា និងប្រុសនោះមិនដែលហ៊ានកៀកកើយស្នេហ៍ជាចំហម្ដងណាឡើយ។ប៉ុន្ដែថ្មីៗនេះគេចាប់អារម្មណ៍ឃើញថាតារាវ័យ៣៩ឆ្នាំហាក់តាមដានរឿងស្នេហារបស់អ្នកចម្រៀងរួមក្រុមនាងពេជ្រ សូលីកា ដែលត្រូវបែកធ្លាយរឿងចែកផ្លូវជាមួយប្ដីកាលពីថ្ងៃទី៨ខែកក្កដា នោះដោយរៀមច្បងរូបនេះថែមទាំងខមិនចំពោះរឿងសិស្សប្អូនបែកប្ដីនោះថា”គ្មានមនុស្សណាចង់បានបែបហ្នឹងទេ”។សោភា ក៍បញ្ចេញទស្សនៈនៅលើបណ្ដាញសង្គមចំពោះរឿងស្នេហាសូលីកា នោះដែរថា”កុំទ្រាំ ដោះលែងខ្លួនឯងពីគុកអត់ជញ្ជាំងនោះទៅ”។

តាមរយៈសំណេររបស់ពេជ្រ សោភា ទាក់ទងរឿងស្នេហានាងពេជ្រ សូលីកា និងប្ដីដើរដល់ផ្លូវបញ្ចប់នេះគេអាចសន្និដ្ឋានបានថាសោភា អាណិតសូលីកា ហើយនាងចង់ឲ្យតារារួមដំបូលរូបនេះមានសេរីភាពតាមរយៈការដោះលែងខ្លួនឯងចេញពីគុគស្នេហា។ប៉ុន្ដែគេមិនដឹងថាសោភា ហៅសូលីកា ចូលទៅក្រុម(Team)អ្នកមេម៉ាយដូចនាងបបួលនាងសុខ សោភាម៉ាវត្តី ចូលក្រុមក្រោយអ្នកមេម៉ាយកូន១រូបនោះចែកផ្លូវវ៉ហេទ ដែរឬយ៉ាងណា?

សូមបញ្ជាក់ថាក្រៅពីពេជ្រ សោភា មិនមានតារាណាផ្សេងៗទៀតនៅហង្សមាសដែលបញ្ចេញយោបល់ទាក់ទងរឿងពេជ្រ សូលីកា លែងប្ដីនោះទេព្រោះនៅលើបណ្ដាញសង្គមតារារួមក្រុមដូចជាឱក សុគន្ធកញ្ញា,សុគន្ធ និសា ,សួស វីសា និងរ៉េត ស៊ូហ្សាណា ជាដើមពួកគេស្ងប់ស្ងាត់មិននិយាយរឿងពាក់ព័ន្ធសូលីកា ដូចសោភា ឡើយ។ប្រភពបានឲ្យដឹងថាសោភា យល់ពីអារម្មណ៍របស់សូលីកា ដែលបែកបាក់ប្ដីព្រោះនាងក៍ធ្លាប់ប៉ៈស្នេហ៍ប្រេះឆាដូចនាងដែរហេតុនេះហើយបានជានាងបានផ្ដល់យោបល់ដល់សិស្សប្អូនរូបនេះ។

គូសបញ្ជាក់ថាពេជ្រ សោភា បានលែងលះអតីតប្ដីលោកឡៅ ឆលី កាលពីឆ្នាំ២០១៦ ហើយមុននេះនាងទើបផ្ដាច់ស្នេហ៍លោកឆឹម សក្កដា កណ្ដាលផ្លូវ តែសោភា មិនទុកបេះដូងឲ្យនៅទំនេនោះទេ ព្រោះនាងកំពុងភ្ជាប់ស្នេហ៍ថ្មីជាមួយប្រុសខ្ពស់ស្រឡះម្នាក់ដែលនាងចាត់ទុកថាជាព្រះយេស៊ូគ្រិស្ដប្រទានឲ្យនាងបានជួបគ្នា។យ៉ាងណាគេនៅតែមានភាពស្រពិច្រពិលចំពោះចំណងស្នេហាថ្មីរបស់សោភា ព្រោះថាទោះជានាងឈឺដេកពេទ្យ ឬនៅថ្ងៃខួបកំណើតនាងក៍បុរសពិសេសក្នុងបេះដូងនាងនោះមិនដែលចេញមុខយកចិត្តទុកដាក់សោភា ជាចំហដូចលោកសក្កដា ធ្លាប់ធ្វើដាក់នាងពីមុនឡើយ៕
