ភ្នំពេញ៖តារាចម្រៀងវ័យ២៩ឆ្នាំកញ្ញាឃីន ស្រីនាថ ហៅអ៊ីវ៉ា បានធ្វើឲ្យឪពុករបស់នាងលោកអ៊ូ វ៉ាវ ហៅអ៊ូ ចន្ថា មិនសប្បាយចិត្តនោះទេ ព្រោះថានាងពន្យាពេលយកប្ដីយូខែពេកពោលគឺទាល់តែនៅឆ្នាំ២០២៣ ដែលនាងមានអាយុគម្រប់អាយុ៣០ឆ្នាំទើបនាងចង់បញ្ចប់ភាពនៅលីវ ខណៈដែលលោកចន្ថា វិញធ្លាប់ផ្ដល់ដំបូន្មានដល់នាងតាំងពីឆ្នាំ២០១៨ ថាគូតែយកគូឲ្យហើយទៅ ព្រោះជីវិតយើងនៅយូពេកគ្មានន័យខ្លឹមសារនោះទេគឺប្រៀបដូចជាផ្កាអីចឹងរីកកាលណាក៍រោយលំអងទៅវិញ…។តែអ៊ីវ៉ា មិនយល់ស្របទៅតាមការទូន្មានឪពុករឿងយកប្ដីនោះ ទាំងស្រុងទេព្រោះនាងគិតថាការដែលរៀមច្បងទាំងឡាយនៅក្នុងសិល្បៈបានចូលរោងការជាបន្ដបន្ទាប់នោះព្រោះពួកគេដល់វ័យត្រូវរៀបការ ចំណែករូបនាងវិញអត់ទាន់ដល់ថ្នាក់ហួសដឺឡេឡើយអីចឹងនាងនៅតែគិតថាសម្រាប់នារីវ័យ៣០ឆ្នាំគឺសាកសមបំផុតក្នុងការមានគ្រួសារ។


ក្រោយអ៊ីវ៉ា បង្ហាញហេតុផលរឿងយឺតយ៉ាវយកស្វាមីនេះប្រាប់ទៅឪពុកលោកវ៉ាវ ហាក់នៅស្ងាត់ស្ងៀមតែលោកនៅតែរក្សារគោលជំហថាលោកឲ្យសិទ្ធិទៅកូនស្រីសម្រេចចិត្តដោយខ្លួនឯង៦០% ចំណែករូបលោកសុំគិតតាមក្រោយ៤០% ប៉ុណ្ណោះ។យ៉ាងណាលោកចន្ថា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកមិនដែលមានចិត្តចង់បានកូនប្រសារជាប្រុសក្មេងស្ទាវឡើយ ពោលគឺលោកចង់ឲ្យកូនស្រីយកបុរសដែលមានវ័យចំណាស់បន្ដិចព្រោះគេចាស់ទាំងចិត្តគំនិតនិងមិនឆេវឆាវដូចក្មេងទេ។រីឯអ៊ីវ៉ា វិញតាំងពីប្រេះឆាស្នេហ៍កាលពីឆ្នាំ២០១៣ ជាមួយបុរសវ័យចំណាស់ម្នាក់ជាថៅកែហាងបញ្ចាំងនិងក្លឹបមួយនៅសៀមរាបនោះនាងមិនដែលបង្ហាញមុខគូស្នេហ៍ថ្មីជាចំហនោះទេ តែនាងបានបង្ហើបថាអនាគតស្វាមីរបស់នាងគឺជាអ្នកធ្វើការពាក់ព័ន្ធវិស័យកីឡារ ។ប៉ុន្ដែនៅពេលគេសួរថាតើបុរសនោះជាម្ចាស់ក្លឹបបាល់ទាត់ ឬកីឡាករ ព្រោះស្រីនាថ ច្រើនតែទៅលេងនៅស្ដាតបាល់ទាត់មួយនោះនាងមិនបញ្ជាក់ថាគូស្នេហ៍ជាអ្នកណាទេ។យ៉ាងណាគេអាចសន្និដ្ឋានបានថាប្រសិនបើអ៊ីវ៉ា ហ៊ានរៀបការប្ដីនៅឆ្នាំក្រោយនេះមែនហើយកូនកំលោះរបស់នាងជាប្រុសវ័យចំណាស់នោះប្រាកដជាស្រីស្អាតរូបនេះយកប្ដីតាមបំណងឪពុកជាមិនខាន។


ក្រៅពីអ៊ីវ៉ា តារាដែលមានឪពុកតាមការពារមានដូចជាសុខ ពិសី,លីនដា,រ៉េត ស៊ូហ្សាណា ,ស៊ូ ស៊ីរីកា និងអ៊ុង នីនិច្ច ជាដើម៕
