លោក Kamal Kharraziទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បាននិយាយថា អ៊ីរ៉ង់មានសមត្ថភាពបច្ចេកទេសក្នុងការផលិតគ្រាប់បែកនុយក្លេអ៊ែរឬគ្រាប់បែកបរមាណូប៉ុន្តែមិនមានការសម្រេចចិត្តខាងនយោបាយលើជម្រើសបែបនេះនៅឡើយទេ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeera។
លោក Kharrazi បានប្រាប់ Al Jazeera កាលពីថ្ងៃអាទិត្យថា ក្នុងរយៈពេលពីរបីថ្ងៃយើងអាចបង្កើនការផលិតសារធាតុ អ៊ុយរ៉ាញ៉ូមរហូតដល់៦០ភាគរយហើយយើងអាចផលិតបានយ៉ាងងាយស្រួលនូវសារធាតុអ៊ុយរ៉ាញ៉ូម ៩០ភាគរយ។
ការចេញមុខមកអះអាងពីគ្រាប់បែកបរមាណូនេះបានកើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីអាមេរិកលោកចូបៃឌិន បានសន្យាថាទីក្រុងវ៉ាស៊ីនតោននឹងធ្វើអ្វីគ្រប់យ៉ាងដើម្បី
រារាំងទីក្រុងតេអេរ៉ង់មិនអោយមានអាវុធនុយក្លេអ៊ែរ។ ការសន្យានេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីដើមសប្តាហ៍នេះ។ប្រធានាធិបតីសហរដ្ឋអាមេរិកនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
បើទោះជាប្រទេសអ៊ីរ៉ង់បានប្រកាសជាយូរមកហើយថាខ្លួនមិន ស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរប៉ុន្តែប្រទេសនេះបានបង្កើនសកម្មភាពនុយក្លេអ៊ែររបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ប្រទេសអ៊ីរ៉ង់បានដើរចេញពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរឆ្នាំ២០១៥ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីដូណាល់ត្រាំ។ កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនេះ មិនទាន់ទទួលបានលទ្ធផលនៅឡើយទេ រហូតមកដល់ពេលនេះ ដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានស្តីបន្ទោសគ្នាទៅវិញទៅមកម្តងហើយម្តងទៀតចំពោះការខ្វះវឌ្ឍនភាព៕