អង្គការសុខភាពពិភពលោក (WHO)បានប្រកាសពីការផ្ទុះឡើងនៃមេរោគថ្មីមានឈ្មោះ Marburg ដែលត្រូវបានគេរកឃើញ២ករណីនៅប្រទេសហ្គាណា ។នេះជាលើកទីមួយហើយដែលមេរោគដ៏សាហាវដូចអេបូឡា
( Ebola) ត្រូវបានរកឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងលិច និងជាលើកទីពីរប៉ុណ្ណោះដែលវាត្រូវបាន គេរកឃើញនៅ ក្នុងតំបន់។ មេរោគMarburgគឺជាជំងឺដែលមានមេរោគខ្ពស់ដែលបណ្តាលអោយមានគ្រុនក្តៅជាមួយ នឹងសមាមាត្រ នៃការស្លាប់រហូតដល់៨៨ភាគរយ។
នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ WHOនិយាយថាគំរូឈាមដែលយកពីមនុស្សពីរនាក់កាលពីខែមុននៅក្នុងតំបន់ Ashanti ភាគខាងត្បូងនៃប្រទេសហ្គាណា បង្ហាញថាពួកគេទាំងពីរមានមេរោគ Marburg ។
អ្នកជំងឺទាំងពីរនាក់មានរោគសញ្ញាដូចជា រាគ ក្តៅខ្លួន និងក្អួត ចង្អោរ ហើយបានស្លាប់ក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យកាលពីចុងខែមិថុនា។អ្នកជំងឺម្នាក់មានអាយុ២៦ឆ្នាំនិងម្នាក់ទៀតអាយុ៥១ឆ្នាំ។
ឥឡូវនេះមនុស្ស៩០នាក់ដែលទាក់ទងនឹងអ្នកជំងឺទាំងពីរត្រូវបានស្គាល់អត្តសញ្ញាណហើយកំពុងត្រូវបានត្រួតពិនិត្យដោយ WHO និងអាជ្ញាធរសុខាភិបាលក្នុងតំបន់។ ទីភ្នាក់ងារសុខភាពពិភពលោកនិយាយថាខ្លួនក៏កំពុងជួយប្រទេសហ្គាណាដោយការផ្តល់នូវឧបករណ៍ការពារ ជំរុញការឃ្លាំមើលជំងឺ ការធ្វើតេស្ត តាមដានទំនាក់ទំនង និងបង្កើនការយល់ដឹងជាសាធារណៈអំពីហានិភ័យ និងគ្រោះថ្នាក់នៃជំងឺនេះ។
គួររំឭកថាមេរោគ Marburg ត្រូវបានអង្គការ WHO ចាត់ទុកថាជាមេរោគឆ្លងខ្លាំងស្រដៀងនឹងជំងឺមេរោគ Ebolaដែលល្បីឈ្មោះ។ជំងឺនេះអាចឆ្លងទៅមនុស្សពីសត្វដែលមានមេរោគដូចជា ប្រចៀវ ហើយឆ្លងទៅមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយ មនុស្សដែលមានមេរោគ វត្ថុរាបស្មើ និងសម្ភារៈប្រើប្រាស់។
ការផ្ទុះឡើងដំបូងនៃមេរោគ Marburg ដែលមិនធ្លាប់មានត្រូវបានគេរាយការណ៍គឺនៅប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ១៩៦៧។ ចាប់តាំងពីពេលនោះមក ការផ្ទុះឡើងនៃជំងឺនេះត្រូវបានគេរាយការណ៍ថាមាននៅក្នុងប្រទេសអង់ហ្គោឡា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កេនយ៉ា អាហ្វ្រិកខាងត្បូងនិងអ៊ូហ្គង់ដា។
នេះបើយោងតាមអង្គការសុខភាពពិភពលោក៕