ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក(CIA) លោក William Burns បាននិយាយកាលពីថ្ងៃពុធ ទី២០ កក្កដា ២០២២ ថាប្រទេសចិនហាក់ដូចជានៅតែមានការប្តេជ្ញាចិត្តលើការប្រើប្រាស់កម្លាំងទៅលើកោះតៃវ៉ាន់ ប៉ុន្តែបទពិសោធន៍របស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនបានធ្វើឲ្យទីក្រុងប៉េកាំងងាកមកពិចារណាឡើងវិញថាតើត្រូវឈ្លានពានដោយរបៀបណា និងពេលណា។
នៅក្នុងវេទិកាសន្តិសុខAspenលោកWilliam Burns បាននិយាយសម្រាលការរំពឹងទុកដែលថាប្រធានាធិបតីចិន លោកស៊ី ជីនពីង អាចផ្លាស់ទីទៅតៃវ៉ាន់បន្ទាប់ពីកិច្ចប្រជុំបក្សកុម្មុយនិស្តដ៏សំខាន់មួយនៅចុងឆ្នាំនេះ។
លោក Burns បាននិយាយថាប្រទេសចិនមិនស្ងប់ចិត្ត នៅពេលសម្លឹងមើលសង្រ្គាមរយៈពេលប្រាំខែរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលលោកបានចាត់ទុកថាជា បរាជ័យជាយុទ្ធសាស្ត្រសម្រាប់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលសង្ឃឹមថានឹងផ្តួលរំលំរដ្ឋាភិបាលក្រុងគៀវក្នុងរយៈពេលមួយសប្តាហ៍។លោកបន្តថាមេរៀនសង្គ្រាមនៅអ៊ុយក្រែនអាចនឹងធ្វើអោយមេដឹកនាំចិនពិចារណាកាន់តែស៊ីជម្រៅពី រយៈពេលធ្វើសង្គ្រាមដើម្បីប្រើប្រាស់កម្លាំងគ្រប់គ្រងតៃវ៉ាន់ របៀបធ្វើសង្គ្រាម និងពេលវេលា ។
លោកក៏បានអោយដឹងទៀតថាប្រទេសចិនពេលនេះតាមរយៈសង្គ្រាមអ៊ុយក្រែន បានឃើញឧទាហរណ៍ជាក់ស្តែង
ថាអ្នកមិនអាចទទួលបានជ័យជំនះភ្លាមៗ និងសម្រេចដោយកម្លាំងដ៏លើសលប់នោះទេ។លោកបានបន្ថែមថា ប្រទេសចិនក៏ទំនងជាបានរៀនសូត្រផងដែរថាខ្លួនត្រូវតែ គ្រប់គ្រងលំហព័ត៌មាននិងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនប្រឆាំងនឹងសក្តានុពលនៃទណ្ឌកម្ម។
នាយកCIA ៖ទាហានរុស្ស៊ីប្រហែល១៥០០០នាក់ស្លាប់និងរបួសជាង៤៥០០០
នាយកស៊ើបការសម្ងាត់អាមេរិក(CIA) លោក William Burns បានចេញតួលេខដោយប៉ាន់ស្មានថា ទាហានរុស្ស៊ីប្រហែល ១៥០០០ នាក់បានស្លាប់ និងជាង៤៥០០០ នាក់បានរងរបួសគិតចាប់តាំងពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែនហើយលោកក៏បានព្រមានដែរថាទីក្រុង គៀវក៏មានចំនួនអ្នកស្លាប់និងរបួសច្រើនផងដែរ។
ថ្លែងនៅក្នុងវេទិកាសន្តិសុខ Aspen ក្នុងរដ្ឋ Colorado លោកបានប៉ាន់ប្រមាណចុងក្រោយបំផុតដោយផ្អែកលើរបាយស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកនឹងអង្គការជាប់ពាក់ព័ន្ធដែលធ្វើការក្នុងប្រទេសអ៊ុយក្រែនថាកងកម្លាំងរុស្ស៊ីប្រហែលជាង ១៥០០០ត្រូវបានសម្លាប់ និងរងរបួសច្រើនជាងបីដង។លោកក៏បានបញ្ជាក់ផងដែរថាប្រជាជនអ៊ុយក្រែនក៏ស្លាប់និងរបួសច្រើនដែរងតែអាចតិចជាងនេះបន្តិច៕