ភ្នំពេញ៖លោកគួច ខេវិន ដែលបានបម្រើរសិល្បៈរយៈពេលជាង២០ឆ្នាំតាមរយៈការផលិតកម្មវិធីជាន់ខ្ពស់នៅលើកញ្ចក់ទូរទស្សន៍ជាច្រើនបង្កប់ទៅដោយខ្លឹមសារការអប់រំក៍ដូចជាចូលរួមលើកស្ទួយវប្បធ័មជាតិជាច្រើនឆ្នាំកន្លងមកនេះបានចេញសារដាស់តឿនដល់សិល្បករក៍ដូចជាយុវវ័យជំនាន់ក្រោយឲ្យចងចាំថាបើ”វប្បធ័មរលត់ ជាតិរលាយ វប្បធ័មពណ្ណរាយ ជាតិថ្កើងថ្កាន”។ការចេញសារពញាក់ស្មារតីពីសំណាក់លោកគួច ខេវិន ដែលជាអតីតអគ្គនាយករងប៉ុស្ដិ៍CTN ,អាស៊ីអាគ្នេហ៍ និងETV បែបនេះក្រោយពីលោកខេវិន បានបង្ហាញការសោកស្ដាយចំពោះបេក្ខជនលោកឡៅ បញ្ញា ដែលបានចូលរួមប្រកួតកម្មវិធីMister Supranational 2022នៅប្រទេសប៉ូឡូញកាលពីពេលថ្មីនេះដោយអ្នកហាត់ក្បាច់គុណល្បុកតោរូបនេះ មានឱកាសបានឈបង្ហាញទង់ជាតិខ្មែរលើវេទិការអន្ដរជាតិទៅហើយតែលោកបែជាភ្លេចនូវអត្តសញ្ញាណខ្លួនឯងតាមរយៈការលើកដៃសំពះ បែជាជំនួសដោយការលើកជ្រោងវប្បធ័មបរទេស”Number One” ទៅកាន់មេប្រយោគនិងអ្នកគាំទ្រទៅវិញ ។ លោកខេវិន សម្ដែងការខកចិត្តជាខ្លាំងហើយលោកថែមទាំងសួរថាបើធ្វើដូចច្នេះតើអ្នកតំណាងឲ្យខ្មែរធ្វើអ្វី?ជាមួយគ្នានេះដែរលោកខេវិន បានចេញសារដាស់ស្មារតីដល់សិល្បករក៍ដូចជាយុវវជនជំនាន់ក្រោយឲ្យចេះស្រលាញ់និងថែរក្សារវប្បធ័មខ្មែរឲ្យបានគង់វង្ស។



លោកគួច ខេវិន បានចេញសារកាលពីថ្ងៃទី២២ កក្កដា ថា” “វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន” តើនរណាខ្លះយល់ដល់អត្ថន័យនេះ? ការសំពះក៏ជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណវប្បធម៌ខ្មែរដែលតំណាងឲ្យការគោរពដឹងគុណ បដិសណ្ឋារកិច្ច ជំរាបលា និងបួងសួងជាដើម ដែលទាំងនេះវាជារបស់ខ្មែរ ហើយមេដឹកនាំកំពូលរបស់ខ្មែរ នាពេលបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ យ៉ាងទូលំទូលាយ ជាមួយឥស្សរជនកំពូលលើពិភពលោកនិងជាគំរូដល់កូនខ្មែរទូទៅ ។ ខ្ញុំឈ្មោះ គួច ខេវិន(KEVIN) មិនមែនជាខ្មែរ តែខ្ញុំស្រឡាញ់វប្បធម៌ អរិយធម៌ខ្មែរ និងជាតិខ្មែរ ជាអនេក បើទោះណាជាខ្ញុំចេះប្រើប្រាស់ភាសាផ្សេងៗប្រាំភាសាក៏ដោយ ។ ខ្ញុំបានធ្វើការស្រាវ ជ្រាវ ដោយមានកិច្ចសហការជាមួយបណ្តាសាស្ត្រាចារ្យនៃសកលវិទ្យាល័យវិចិត្រសិល្បៈ ចងក្រងផលិតនូវទម្រង់របាំសិល្បៈបុរាណនិងរបាំព្រះរាជទ្រព្យ ផ្សព្វផ្សាយទៅកាន់បណ្តាប្រទេសដែលមានសហគមន៍ខ្មែររស់នៅ និងបានដឹកនាំផលិតកម្មវិធីសិល្បៈទូរទស្សន៍ល្បីៗក្នុងប្រទេសខ្មែរស្ទើរគ្រប់ទម្រង់ជាង២០ឆ្នាំ ក៏ព្រោះតែខ្ញុំស្រឡាញ់”វប្បធម៌ អរិយធម៌ខ្មែរ” ដ៏លើសលប់។ នៅក្នុងទំព័រFacebook របស់ខ្ញុំ ដែលបានបង្ហោះចេញទៅ បើកាលណា មានការអធិប្បាយត្រឡប់មកវិញនូវ ពាក្យសម្តីសរសើរខ្ញុំមានអារម្មណ៍ធម្មតា! មានពាក្យសម្តីខ្ពង់ខ្ពស់ខ្ញុំខ្មាស់អៀននិងគោរពព្រោះខ្ញុំចេះមិនដល់ ប៉ុន្តែបើមានពាក្យសម្តីខ្លៅ ខ្ញុំបែជាសប្បាយចិត្តឥត ឧបមា ព្រោះគិតថាខ្ញុំចេះគ្រាន់បើ ព្រោះ បានរៀន ចប់មហាវិទ្យាល័យមួយនៅអាម៉េរិកដែរ ។ អ្វីដែលខ្ញុំចង់ប្រាប់ទៅកាន់អ្នកគឺ៖ អានអត្ថបទ និងអធិប្បាយមកកាន់ខ្ញុំសូមអាន អត្ថាធិប្បាយ ដោយវិចារណញាណ របស់អ្នក ព្រោះពាក្យអសុរស និងប្រមាថ មិនមែនជា”វប្បធ៌ម” របស់មនុស្សខ្មែរ ដែលមានទង់ជាតិ មហាប្រាង្គប្រាសាទកំពូលប្រាំនោះឡើយ ឬទាល់តែសោះ! អូហ៍! ខ្ញុំភ្លេចប្រាប់”សម្តីសជាតិ មាយាថសពូជ” សូមកុំភ្លេចអធិប្បាយត្រឡប់មកខ្ញុំវិញផង? ដើម្បីឲ្យខ្ញុំបានចាត់ចំណាត់ថ្នាក់របស់អ្នក!ពីខ្ញុំ គួច ខេវិន(KEVIN )ស្រឡាញ់វប្បធម៌ខ្មែរ!”។



ក្រោយមានការលើកឡើងរបស់លោកគួច ខេវិន ភ្ជាប់ដោយសកម្មភាពរបស់ប្រមុខដឹកនាំជាគំរូស្រាប់ក្នុងការប្រើវប្បធ័មលើកដៃសំពះដែលបង្ហាញពីអត្តសញ្ញាណមួយរបស់ខ្មែរនោះធ្វើឲ្យមហាជនជាច្រើនបានសម្ដែងការគាំទ្រលោកជាច្រើន ដោយខ្លះថែមទាំងសំណូមពរឲ្យលោកនៅតែបន្ដដឹកនាំកម្មវិធីសិល្បៈតទៅទៀត ខណៈដែលមុននេះគេឃើញលោកកាន់តែមមាញឹករកស៊ីផ្នែកអចលនទ្រព្យ៕




