ភ្នំពេញ៖ព្រាប សុវត្ថិ មានអង្គរក្សបើកម៉ូតូធំអមរៀងរាល់ពេលដែលលោកបើករថយន្ដចេញពីផ្ទះមកខាងក្រៅដោយពេលខ្លះមាន២នាក់ជូនកាលមាន៤នាក់។សកម្មភាពបែបនេះរបស់អតីតតារាហង្សមាសក្រោយពីលោកឡើងជាឧកញ៉ាជាង២ខែនិងទើបទិញរថយន្ដទំនើបម៉ាកRolls Royce Ghost កាលពីថ្ងៃទី២៨មិថុនា ។អ្វីដែលគូរឲ្យកត់សម្គាល់នោះក្រុមអង្គរក្សទាំងនោះមិនត្រឹមតែមានតួនាទីការពារព្រាប សុវត្ថិ និងភរិយាលោកអ្នកស្រីឡុង ស្រមុំ នោះទេ តែពួកគេក៍ជិះម៉ូតូតាមរថយន្ដរបស់កូនៗព្រាប សុវត្ថិ ទាំង៣នាក់ផងដែរ។រូបភាពរបស់លោកសុវត្ថិ ចុងក្រោយបែបនេះគឺដូចគ្នាទៅនិងលោកឧកញ៉ាផ្សេងៗទៀតដែរពោលគឺពួកគេទៅណាមកណាមានកងអង្គរក្សតាមការពារជាប្រចាំដើម្បីរក្សារសុវត្ថិភាព ខណៈដែលតារាចម្រៀងខែម ប៊ុនថៃ ក៍ធ្លាប់បង្ហាញអង្គរក្ស៣នាក់តាមហែហមគ្រប់ពេលក្នុងនោះសូម្បីតែពេលចុះទិញលៀសហាល។ដោយឡែកតារាចម្រៀងល្បីៗផ្សេងៗទៀតដូចជាអ្នកនាងម៉េង កែវពេជ្ជតា,ហ៊ឹម ស៊ីវន,លោកឆាយ វីរៈយុទ្ធ,ខាន់ ជេមស៍ និងឆន សុវណ្ណារាជ ជាដើមនោះពេលខ្លះមានតែអ្នកបើករថយន្ដម្នាក់ជូនប៉ុណ្ណោះ មិនមានកងអង្គរក្សបើកម៉ូតូឬរថយន្ដអមឆ្វេងស្ដាំឡើយ។

ចំពោះលោកព្រាប សុវត្ថិ វិញលោកនៅតែកាន់ចង្កូតរថយន្ដដោយខ្លួនឯងហើយបើនៅភ្នំពេញអង្គរក្សបើកម៉ូតូធំតាមក្រោយ តែបើលោកចុះខេត្តអង្គរក្សបើកឡានផ្សេងទៀតតាមពីក្រោយលោកដែរ។ទោះជាពេលនេះព្រាប សុវត្ថិ បានផ្លាស់ប្ដូរច្រើនតាំងពីទទួលបានគោរម្យងារជាឧកញ៉ាដូចជាលោកមានអង្គរក្សច្រើនជាងមុនតាមការពារមែន ប៉ុន្ដែនៅទីប្រជុំជនឬពេលជួបអ្នកគាំទ្រលោកនៅតែរក្សារភាពសាមញ្ញនិងមានទំនាក់ទំនងល្អជាមួយFan ។អតីតសង្សារពេជ្រ សិរីរ័ត្ន លោកគង់ វិសាល ធ្លាប់អះអងថាព្រាប សុវត្ថិ ត្រូវបានអ្នកគាំទ្រគ្រប់ស្រទាប់ស្រលាញ់ចូលចិត្តលោកហើយពេលដែលលោកឧកញ៉ាស្នាយ ឡើងឆាកអ្នកទស្សនា១០០នាក់គឺស្រលាញ់លោកទាំង១០០នាក់តែម្ដង។

យ៉ាងណាក្រោយព្រាប សុវត្ថិ ឡើងជាឧកញ៉ាជិត៣ខែមកនេះលោកនៅមិនទាន់ចេញមុខបញ្ជាក់ឲ្យច្បាស់ៗនោះទេថាតើនៅតែបន្ដអាជីពចម្រៀងដូចដើមឬមួយត្រៀមបញ្ចប់អាជីពចាស់មួយនេះក្នុងពេលឆាប់ៗ។ប៉ុន្ដែតាមសកម្មភាពរបស់លោកឧកញ៉ាស្នាយ ចុងក្រោយនេះគេឃើញលោកលែងសម្រុកថតសម្ដែងចម្រៀងដូចមុនទៀតហើយ ពោលគឺរយាលៗពីការរាំច្រៀងហើយផ្ដោតទៅលើការរកស៊ីផ្នែកអចលនទ្រព្យ។ចំណែកលោកស៊ិន សិលា អ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីប៉ុស្ដិ៍ទូទរស្សន៍CTN វិញថ្មីៗនេះលោកបានបញ្ចេញយោបល់ថាតារាចម្រៀងដែលឡើងជាឧកញ៉ាគូតែឈប់ពីសិល្បៈឲ្យដាច់តែម្ដងទៅដើម្បីកុំឲ្យច្របូកច្របល់ធ្វើជាឧកញ៉ាផង ច្រៀងផង ពេលឡើងឆាកពិបាកឡើងអក្សរលើកញ្ចក់ទូរទស្សន៍ខ្លាចខុសគោរម្យងារ ។លោកសិលា បញ្ជាក់ថាទាំងលោកព្រាប សុវត្ថិ និងខែម ប៊ុនថៃ លោកលែងហ៊ានហៅច្រៀងទៀតហើយព្រោះថាពេលនេះឡើងធំៗពេក។

ព្រាប សុវត្ថិ នៅសល់ចំនួនកុងត្រាតំណាក់កាលដំបូងជាមួយGalaxy ចំនួនជាង៣ឆ្នាំទៀត ប៉ុន្ដែតាំងពីលោកដើរចេញពីហង្សមាសជិត២ឆ្នាំមកលោកឧកញ៉ាស្នាយ មិនសូវមានបទល្បីៗដូចមុនទេហើយអ្នកដែលនិយមលោកគឺយកតែបទចាស់ៗរបស់លោកសុវត្ថិ នៅហង្សមាសមកច្រៀងឬស្ដាប់ឡើងវិញប៉ុណ្ណោះ។ប៉ុន្ដែតាមរយៈការបង្ហាញខ្លួនថ្មីៗនេះក្នុងកម្មវិធីជប់លៀងមួយលោកសុវត្ថិ និងថៅកែផលិតកម្មGalaxy បង្ហាញឲ្យឃើញថាទោះជាលោកឧកញ៉ាស្នាយ គ្មានបទល្បីៗដូចមុនមែន តែលោកនៅតែរីករាយហើយមានក្ដីសុខជាមួយទ្រនុំថ្មី ស្របពេលដែលកូនប្រុសទាំង៣របស់លោកក៍មិនទាន់មានសកម្មភាពសិល្បៈលេចធ្លោណាមួយគូឲ្យកត់សម្គាល់ដែរតាំងពីលោកសុវត្ថិ លែងជាតារាហង្សមាស៕

