ភ្នំពេញ៖សុគន្ធ និសា បានព្រមទៅទទួលតំណែងចាស់ជាគ្រូបង្វឹកThe Voice Kids Cambodia រដូវកាលទី៣ បន្ទាប់ពីនាងបានព្រលែងចោលកម្មវិធីខាងលើនៅរដូវកាលទី២ ដែលទុកឲ្យនាងសួស វីសា ទៅរ៉ាប់រង។ការអង្គុយកៅអីចាស់របស់និសា ពេលនេះពិតណាស់បញ្ជាក់ច្បាស់ថាផែនការណ៍យកកូនទី១របស់នាងត្រូវបានលុបចោលសារជាថ្មីម្ដងទៀតហើយ ព្រោះបើនាងត្រៀមរួចរាល់ក្នុងការយកកូនដំបូងនៅរដូវធ្លាក់ភ្លៀងដែលការងារសិល្បៈចុះស្បើយបន្ដិចមែនម្លេះពេលនេះនាងប្រាកដជាប្រកែកក្នុងការធ្វើជាCoach នេះជាមិនខាន។ប៉ុន្ដែការទទួលបានតំណែងធំរបស់និសា នៅពេលនេះជាការចង់ឲ្យគ្រប់គ្នាបានឃើញច្បាស់ថារឿងបាត់មុខនាងនៅរដូវកាលទី២កន្លងមកមិនមែនថៅកែដកចេញនោះទេគឺពិតជានាងសុំសម្រាក១រដូវកាលមែនហើយនិសា ចង់បង្ហាញឲ្យគ្រប់គ្នាបានឃើញច្បាស់ ថាតាមពិតការងារមួយនេះនាងក៍អាចធ្វើបានដែរមិនមែននាងគ្មានសម្ថភាពឬដើរចេញពីការងារព្រោះតែមិនចង់ប្រឈមឡើយ។ដោយឡែកតាមព័តមានពីតារានៅហង្សមាសម្នាក់បង្ហើបថាថៅកែផលិតកម្មធំនេះចង់ចងជើងនិសា មិនឲ្យចេញជាលើកទី២ ព្រោះតែមានដំណឹងថាផលិតកម្មរាម ពេញចិត្តនិងចង់ឲ្យនាងទៅរួមទ្រនុំនោះជាមួយអតីតតារារបស់ខ្លួនលោកដួង វីរៈសិទ្ធិ ទើបម្ចាស់ផលិតកម្មនេះត្រូវតែយកចិត្តទុកដាក់ជាមួយនិសា ឲ្យបានខ្ពស់ជាងនេះជៀសវាងជួបហានិភ័យនាំឲ្យបាត់បង់តារាសំខាន់របស់ខ្លួនម្ដងទៀត។

គូររំលឹកថាសុគន្ធ និសា ធ្លាប់បានបង្ហើបប្រាប់អ្នកយកព័តមានយើងថានាងអាចនឹងគិតគូរឿងយកកូននៅឆ្នាំ២០២១ ព្រោះចាស់ទុំទាំងសងខាងចង់ឲ្យនាងមានកូនតាំងពីក្រោយរៀបការហើយភ្លាមៗម្លេះ។ប៉ុន្ដែពីដំបូងនាងចង់ផ្ដល់កំណើតឲ្យកូនទី១ដោយកើតភ្លាមបានសញ្ជាតិអាមេរិកភ្លែតទើបត្រូវពន្យាពេលរហូតមកដល់ពេលនេះ។តែចៃដន្យអីនៅដើមឆ្នាំ២០២១ និសា បានបានជួបសំណាងអាក្រក់តាមរយៈការកើតកូវីដទើបធ្វើឲ្យនាងលុបចោលបំណងពពោះកូនទី១ ព្រោះសុខភាពនៅខ្សោយ។យ៉ាងណាសម្រាប់ឆ្នាំ២០២២ នេះនិសា បានបង្ហាញពីសុខភាពរបស់នាងមកជាប្រកតីឡើងវិញ ហើយមានព័តមានថានាងនឹងយកកូននៅខែធ្លាក់ភ្លៀងនេះតែដឹងអីឥឡូវអ្នកនាងប៊ុន សុគន្ធា ហៅនិសា បានសម្រចចិត្តជ្រើសយកការងារសិល្បៈតាមរយៈការបន្ដចេញច្រៀងសម្ដែងនិងធ្វើជាគ្រូបង្វឹកThe Voice Kids Cambodia នៅរដូវកាលថ្មីដែលនេះច្បាស់ណាស់ថានាងបានពន្យាពេលយកកូនម្ដងទៀតហើយ។ការអូសក្រឡាយកកូនម្ដងជាពីរដងរបស់តារាវ័យ៣៩ឆ្នាំ រូបនេះអាចធ្វើឲ្យនាងប្រឈមជួបរឿងដូចមាស សុខសោភា ជាមិនខានព្រោះពេលនេះតារារាម ហាក់ក្វាយក្វល់ចិន្ដា រឿងអាយុកាន់តែច្រើនដែលអាចនឹងអត់កូនប្រើដូចគេ។

សូមបញ្ជាក់ថាសុគន្ធ និសា បានរៀបការកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ជាមួយអាណិកជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិកលោកចៅ សម្បត្តិ ដែលចំណងស្នេហាជាង៥ឆ្នាំនេះពួកគេត្រូវមិត្តភក្ដិបង្អាប់ថារកតែកូនង៉ា១គ្រាប់មិនបាន។ ប៉ុន្ដែការអត់ទាន់មានកូននេះមិនធ្វើឲ្យស្នេហារបស់និសា មានភាពរង្គោះរង្គើរឡើយ ព្រោះពេលនេះស្វាមីនាងលោកសប្បត្តិ បានបើកសិទ្ធិឲ្យនាងលេងសិល្បៈយ៉ាងពេញទំហ៊ឹងហើយលោកថែមទាំងមិនចេះដើរតាមឆាកតន្រ្ដីតាមនិសា ដូចគូស្នេហ៍ផ្សេងៗទៀតដែលមានភរិយាជាតារានោះទេ។ដោយឡែកនិសា វិញបានសម្រេចចិត្តផ្អាកថតសម្ដែងភាពយន្ដដើម្បីយកពេលមកពង្រឹងអាជីពចម្រៀងសារជាថ្មី តែគេសង្កតឃើញថាតាំងពីនាងមានប្ដីមកមិនសូវមានបទល្បីៗដូចមុនទេ ទើបធ្វើឲ្យនាងហាក់នៅទ្រឹងពោលគឺដូចឱក សុគន្ធកញ្ញា និងសួស វីសា ដែរ។អ្នកគាំទ្រនិសា នៅតែជឿរជាក់ថាការមិនយកកូននៅឆ្នាំ២០២២ របស់និសា នេះជាសញ្ញាមួយបង្ហាញថាតាមពិតនាងនៅតែចង់ពពោះនិងសម្រាលលើទឹកដីអាមេរិកច្រើនជាងនៅខ្មែរដដែល ខណៈដែលការសម្រុកធ្វើតួឯកដល់ទៅ៤រឿងជាប់គ្នាគឺ”សិសិរដូវក្នុងបេះដូង”,”រាជនីយភូមិគ្រះ”,”ព្រះវេស្សន្ដជាតក”និងរឿង”ចំណតថ្មីនៃសុភមង្គល”នោះជាសញ្ញាមួយថាអ្នកនាងសុគន្ធា ចង់បន្សល់ស្នាដៃទាំងនោះមុនពេលនាងចេញទៅរស់នៅអាមេរិកជាមួយប្ដី៕

