ប្រតិកម្មរបស់ទីក្រុងប៉េកាំងមកលើសហរដ្ឋអាមេរិក ជុំវិញការលក់អាវុធនិងដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់មកកាន់កោះតៃវ៉ាន់មិនមែនជារឿងថ្មីនិងចម្លែកនោះទេប៉ុន្តែលើកនេះចិនហាក់ដូចជាបញ្ចេញកំហឹងហួសហេតុជាមួយនឹងការគំរាមប្រើកម្លាំងយោធាផងប្រសិនបើប្រធានសភាអាមេរិកលោកស្រី ណាន់ស៊ី ផេលូស៊ី(Nancy Pelosi ) នៅតែមានះមកបំពេញទស្សនកិច្ចកោះប្រជាធិបតេយ្យគ្រប់គ្រងដោយខ្លួនឯងដែលទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួននៅដើមខែសីហាខាងមុខនេះ។
ដំណើរទស្សនកិច្ចរបស់លោកស្រីមិនមែនជាលើកទីមួយទេដែលប្រធានសភាអាមេរិកកំពុងអង្គុយក្នុងអំណាចធ្វើទស្សនកិច្ចនៅតៃវ៉ាន់។កាលពីឆ្នាំ ១៩៩៧ លោក Newt GingrichបានជួបលោកLeeដែលជាប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យដំបូងគេរបស់កោះនេះក្នុងទីក្រុងតៃប៉ិត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការធ្វើដំណើររបស់គាត់ទៅកាន់ទីក្រុងប៉េកាំង និងសៀងហៃ ជាកន្លែងដែលលោក Gingrich បាននិយាយថាលោកបានព្រមានមេដឹកនាំចិនថាសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍ផ្នែកយោធាប្រសិនបើកោះតៃវ៉ាន់ត្រូវបានវាយប្រហារ។
បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីផែនការមកកាន់កោះតៃវ៉ាន់របស់លោកស្រីណាន់ស៊ីន ក្រសួងការបរទេសចិនបានប្តេជ្ញា
កាលពីថ្ងៃអង្គារសប្តាហ៍មុនថានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងឆ្លើយតបដោយយោធា។
ចាប់តាំងពីពេលនោះមកធ្វើអោយមានការការមន្ទិលសង្ស័យចំពោះដំណើរទស្សនកិច្ចរបស់លោកស្រីមកកោះតៃវ៉ាន់ដែលថាវាអាចនឹងរុញច្រានទំនាក់ទំនងរវាងប្រទេសទាំងពីរដែលកំពុងស្ថិតនៅមាត់ជ្រោះស្រាប់ទៅហើយរអិលធ្លាក់ជ្រោះតែម្តង។
តើមកដល់ពេលនេះអ្នកនយោបាយអាមេរិករក្សាជំហរបែបណា?
កាលពីថ្ងៃពុធសប្តាហ៍មុនប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូបៃឌិន បានប្រាប់អ្នកសារព័ត៌មានថា យោធាអាមេរិកគិតថា ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់លោកស្រីណាន់ស៊ី មិនមែនជាគំនិតល្អទេនៅពេលនេះ។
ជាមួយគ្នានេះដែរកាលពីថ្ងៃព្រហស្បតិ៍លោកស្រីផ្ទាល់បាននិយាយថា វាជាការសំខាន់ណាស់ក្នុងការបង្ហាញការគាំទ្រចំពោះតៃវ៉ាន់ ប៉ុន្តែបានបដិសេធមិនពិភាក្សាអំពីគម្រោងធ្វើដំណើរដោយសារមានការព្រួយបារម្ភពីបញ្ហាសន្តិសុខ។លោកស្រីបានបន្ថែមថាខ្ញុំគិតថាអ្វីដែលប្រធានាធិបតីកំពុងនិយាយប្រហែលជាយោធាខ្លាចយន្តហោះរបស់ខ្ញុំត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលរបស់ចិន។ ខ្ញុំមិនដឹងច្បាស់ទេ។
កាលពីថ្ងៃអាទិត្យ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeoក៏បានថ្លឹងថ្លែងផងដែរ
ដោយស្នើសុំចូលរួមដំណើរជាមួយលោកស្រីមកកាន់កោះតៃវ៉ាន់។លោកបាននិយាយថាខ្ញុំនឹងទៅជាមួយលោកស្រី។ខ្ញុំត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន ប៉ុន្តែមិនមែនកោះតៃវ៉ាន់ដែលស្រឡាញ់សេរីភាពទេ។ ជួបគ្នានៅទីនោះ។លោកPompeo បានសរសេរនៅលើ Twitter ។
ចំណែកឯមន្ត្រីរដ្ឋបាលលោកបៃឌិនម្នាក់និយាយក្នុងលក្ខណៈឯកជនបានសម្តែងការព្រួយបារម្ភថាប្រទេសចិនអាចប្រកាសតំបន់ហាមឃាត់ហោះហើរលើកោះតៃវ៉ាន់។នេះបើតាមមន្ត្រីអាមេរិកម្នាក់បានប្រាប់ស៊ីអិនអិន ។
ជាមួយនឹងដំណើរទស្សនកិច្ចដ៏មានសក្តានុពលរបស់លោកស្រីឥឡូវនេះកំពុងក្លាយជាប្រធានបទក្តៅរបស់សាធារណជន។ការសម្រេចចិត្តណាមួយក្នុងការពន្យារពេល ឬមិនទៅវាអាចជៀសផុតពីហានិភ័យនិងសម្បទាន។
ដោយឡែកកាលពីថ្ងៃចន្ទលោកBen Sasse ព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋបានបញ្ចេញមតិថាវាគ្មិនណាន់ស៊ីគួរតែទៅតៃវ៉ាន់ ហើយប្រធានាធិបតីចូបៃឌិន គួរតែបញ្ជាក់ឱ្យបានច្រើនចំពោះលោកស៊ីជីនពីងថាមិនមានរឿងអាក្រក់ដែលបក្សកុម្មុយនិស្តចិនអាចធ្វើបានទេ។
រដ្ឋាភិបាលចិនមិនបានបញ្ជាក់ជាសាធារណៈអោយបានច្បាស់លាស់ថាតើវិធានការបង្ខំ(Forceful)និងឆ្លើយតបដោយយោធា(Military Respond) កម្រិតណាដែលខ្លួនគ្រោងនឹងធ្វើនោះទេ ប៉ុន្តែអ្នកជំនាញចិនខ្លះនិយាយថាប្រតិកម្មរបស់ក្រុងប៉េកាំងអាចពាក់ព័ន្ធនឹងផ្នែកយោធា។លោក Shi Yinhong សាស្ត្រាចារ្យផ្នែកទំនាក់
ទំនងអន្តរជាតិនៃសាកលវិទ្យាល័យRenminរបស់ប្រទេសចិនបាននិយាយថាប្រទេសចិននឹងឆ្លើយតបជាមួយនឹងវិធានការណ៍ប្រឆាំងដ៏ខ្លាំងមួយដែលមិនធ្លាប់មានពីមុនមកចាប់តាំងពីមានវិបត្តិនៅច្រកសមុទ្រតៃវ៉ាន់។
លោកបានបន្តថាប្រសិនបើលោកស្រី ណាន់ស៊ីនៅតែប្រកាន់ជំហរមកទីក្រុងតៃប៉ិសហរដ្ឋអាមេរិកពិតជានឹងរៀបចំដើម្បីឆ្លើយតបផ្នែកយោធាចំពោះការឆ្លើយតបរបស់យោធាចិនដែលអាចធ្វើទៅបាន។ស្ថានការណ៍រវាងចិន និងអាមេរិកនឹងមានភាពតានតឹងខ្លាំង។
គួររំឭកថាជម្លោះយោធាបានផ្ទុះឡើងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ក្នុងទសវត្សរ៍ឆ្នាំ១៩៥០។មូយទសវត្សរ៍បន្ទាប់ពីការបង្កើតចិនកុម្មុយនិស្តទីក្រុងប៉េកាំងបានបាញ់ផ្លោងមកលើកោះដាច់ស្រយាលជាច្រើនលើក។
វិបត្តិដ៏ធំចុងក្រោយបានកើតឡើងក្នុងឆ្នាំ១៩៩៥-១៩៩៦ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់នៅពេលនោះគឺលោក Lee Teng-hui បានធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ ដោយមានការខឹងសម្បារចំពោះដំណើរទស្សនកិច្ចនេះ ប្រទេសចិនបានបាញ់មីស៊ីលចូលទៅក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់ហើយវិបត្តិបានបញ្ចប់បន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជូនក្រុមប្រយុទ្ធនាវាផ្ទុកយន្តហោះពីរក្រុមទៅកាន់តំបន់នេះក្នុងការបង្ហាញកម្លាំងគាំទ្រចំពោះទីក្រុងតៃប៉ិ៕