Tuesday, October 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឱសថស្ថាននាគព័ន្ធកំបូល ភ្លើងឆេះ

ឱសថស្ថាននាគព័ន្ធកំបូល ភ្លើងឆេះ

ភ្នំពេញ ៖ ឱសថស្ថាន ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងថ្ងៃ ដែលសង្ស័យបណ្តា លមកពីឆ្លងចរន្តអគ្គិសនី ហើយភ្លាមៗនោះ មានរថយន្តពន្លត់អគ្គិភ័យ ៥គ្រឿង ចេញទៅអន្តរាគមន៍ពន្លត់ ដោយបាញ់ទឹកអស់ ១រថយន្ត ក៏រលត់ទាំងស្រុង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅចំណុចឱសថស្ថាននាគព័ន្ធកំបូល ស្ថិតនៅផ្ទះលេខ៣០ ផ្លូវថ្មី 9M ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។

ឱសថស្ថានរងគ្រោះ ជាប្រភេទសំណង់ផ្ទះល្វែង ជញ្ជាំងឥដ្ឋ ប្រក់ស័ង្កសី ទំហំទទឹង៤ម៉ែត្រ បណ្តោយ១២ម៉ែត្រ កម្ពស់២ជាន់ ដែលមានម្ចាស់ ឈ្មោះពៅ ប៉ូនីន ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោងខាងលើ មានហេតុការណ៍ឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យមាន ការឆេះពិតានបន្ទប់ ជាន់ទី២ នៃឱសថស្ថាន ធ្វើឱ្យមានផ្សែងហុយចេញក្រៅតាមបង្អួច បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងត្រូវបានប្រជាពលរដ្ឋរាយការណ៍ ជូនអាជ្ញាធរ ដើម្បីឱ្យជួយអន្តរាគមន៍ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ទឹកពន្លត់ភ្លាមៗ។

ក្រោយទទួលបានព័ត៌មានខាងលើ អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌកំបូល បានចេញអន្តរាគមន៍ភ្លាមៗ និងមានរថយន្តពន្លត់អគ្គិភ័យ បានទៅដល់ជាបន្តបន្ទាប់ សរុបចំនួន៥គ្រឿង។ ប៉ុន្តែបាញ់ទឹកពន្លត់អស់ ១រថយន្ត ចំណុះ៨ម៉ែត្រគូប ក៏រលត់ទៅទាំងស្រុង។

ជុំវិញហេតុការណ៍អគ្គិភ័យនេះ សមត្ថកិច្ច បានបញ្ជាក់ថា បានបង្កឱ្យរងការខូចខាតបន្ទប់ខាងលើ រួមជាមួយសម្ភារៈមួយចំនួន តែពុំបណ្តាលឱ្យមានមនុស្សរងរបួសឡើយ៕

RELATED ARTICLES