ភ្នំពេញ៖តារាស្រីស្រអែមស្រស់ឌុច លីដា ពិតជាចិត្តធ្ងន់កម្របានជួបប្រទះមែន ព្រោះទោះជាអ្នកនៅលើបណ្ដាញសង្គមធ្លាប់មានការិះគន់ថានាងយកប្ដីចាស់ ដែលអាយុស្ទើតែស្មើឪពុក និងខ្លះហៅប្តីនាងថា”តា”ក្ដី ក៍នាងសុខចិត្តខាំមាត់សង្កត់ចិត្តមិនឈ្លោះឬតតបទៅអ្នកពូកែទើសនាងទាំងនោះឡើយ។ការតាំងចិត្តរក្សារភាពស្ងៀមស្ងាត់របស់លីដា បែបនេះទើបទីបំផុតធ្វើឲ្យនាងនៅតែរក្សារបានស្នេហាគង់វង្សជាមួយប្ដីដោយគ្មានភាពរកាំរកូសហើយថែមទាំងផ្អែមល្ហែមមិនចាញ់គូស្នេហ៍យុវវ័យឡើយ។

ក្នុងជំនួបផ្ទាល់ជាមួយឌុច លីដា កន្លងមកតារាកូន១រូបនេះយល់ថាការស្រលាញ់គ្នារវាងមនុស្ស២នាក់គឺសំខាន់បំផុតត្រូវគិតថាអាចបន្ដដឹកដៃគ្នាទៅមុខទៀតបានឬអត់នោះទើបជារឿងចាំបាច់។នាងថាមង្គលការមិនមែនជារឿងចម្បងបំផុតសម្រាប់ជីវិតនាងទេ តែនៅពេលដែលកូនប្រុសនាងមានអាយុ៥ឆ្នាំនាងនឹងរៀបការជាចំហពោលគឺត្រូវការពេលវេលា៣ឆ្នាំខាងមុខទៀតដែលពេលនោះកូននាងនឹងធ្វើជាកូនអណ្ដើកឲ្យនាងតែម្ដង។

មិនមានមនុស្សច្រើនប៉ុន្មាននោះទេដែលមានការយល់ឃើញដូចឌុច លីដា ថាមិនចង់វាយបកអ្នកដែលចូលពេបជ្រាយឬបង្អាប់ប្ដីនាងចំៗនោះតែលីដា ធ្វើចិត្តថ្មហើយមុននេះនាងថែមទាំងថាចង់ប្រើបេះដូងតាមដានប្ដីជាងGPS ទៀតផង។ប៉ុន្ដែស្វាមីរបស់លីដា មិនដែលរួមដំណើរជាមួយនាងចូលរួមកម្មវិធីអ្នកសិល្បៈណាមួយឡើយជាង២ឆ្នាំមកនេះ។

ក្រៅពីឌុច លីដា តារាដែលយកស្វាមីជាបុរសចំណាស់មានដូចជាអ្នកនាងគឹម លក្ខិណា,ចាន់ សុធារ័ត្ន,នៅ សុនិតា និងម៉ាក សែនសូនីតា ជាដើម។

សូមបញ្ជាក់ថាឌុច លីដា បានរៀបការបែបលាក់លៀម(សែនព្រេន)ជាមួយស្វាមីដែលនាងអះអាងថាមានតួនាទីជាមន្រ្ដីរាជការម្នាក់នោះកាលពីថ្ងៃទី១៩ខែវិចិ្ឆការឆ្នាំ២០២០ ខណៈពេលនេះកូនប្រុសរបស់នាងឈ្មោះកិត្យាមណី មានអាយុជាង២ឆ្នាំ។ក្រោយមានស្វាមីលីដា បានបោះបង់ចោលទាំងស្រុងការថតសម្ដែងភាពយន្ដបែបរោលរាលហើយពេលនេះនាងទទួលថតតែការងារសិល្បៈណាដែលមានរយៈពេលខ្លីៗប៉ុណ្ណោះ ព្រោះចង់បំពេញតួនាទីជាភរិយានិងម្ដាយគេឲ្យបានល្អ។នាងថាគ្មានផែនការណ៍យកកូនទី២ឆាប់ៗទេ តែតាំងពីក្លាយទៅជាម្ដាយគេមកមានអារម្មណ៍ថាខុសពីមុនព្រោះទៅណាមកណានឹកដល់កូននៅផ្ទះ៕