ខេត្តកំពង់ធំ ៖ គួរឲ្យអនិច្ចា មហាអាណិតជាពន់ពេក ដល់លោកយាយម្នាក់នេះ ដែលពិការដៃជើង ងងឹតភ្នែក កូនស្លាប់ចោលអស់ រស់នៅតែម្នាក់ឯង ជាមួយសត្វឆ្មា ក្រោមដំបូលផ្ទះធ្លុះធ្លាយ មើលឃើញមេឃ ពេលហូបបាយក៏ពិបាក ដោយគាត់ឱនលិទ្ធបាយ ជាមួយសត្វឆ្មា ធ្វើឲ្យអ្នកដែលបានឃើញ មានក្ដីរំជួលចិត្ត នឹកអាណិតខ្លោចចិត្ត និងបានប្រកាសជួយរកអំណោយសប្បុរសជន មកផ្តល់ជូនលោកយាយកម្សត់ ចាបន្តបន្ទាប់ ។
លោកយាយពិការដៃជើង ងងឹតភ្នែក កូនស្លាប់ចោលអស់ រស់នៅជាមួយសត្វឆ្មានោះ មានឈ្មោះយ៉ូវ អាយុ ៨០ឆ្នាំ រស់នៅភូមិប៉ាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។ គាត់មានកូនស្រីតែម្នាក់គត់ តែបានស្លាប់ចោលគាត់អស់ជាច្រើនឆ្នាំហើយ ដែលការស្លាប់របស់កូនស្រីនេះ មិនដឹងថា ដោយសារជំងឺ ឬដោយគ្រោះថ្នាក់ណាមួយទេ ព្រោះគាត់មិនបានបញ្ជាក់ ។
លោកកែវ និមិត្ត បុគ្គលិកក្រុមហ៊ុនឡូជិស្ទិក ដែលតែងតែធ្វើការងារសង្គម ផ្នែកមនុស្សធម៌ ស្វែងរកអំណោយសប្បុរសធម៌ ជួយជនក្រីក្រ ជនពិការ កុមារកំព្រា ចាស់ជរាអត់ទីពឹងកន្លងមក បានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុក ថា លោកយាយម្នាក់នេះ ពិតជាកម្សត់ខ្លាំងណាស់ ដែលមានភ្នែកងងឹត ម្រាមដៃទាំង១០ ដាច់គ្មានសល់ ជើងក៏ពិការ អាយុក៏ច្រើនរស់នៅម្នាក់ឯងក្នុងផ្ទះធ្លុះធ្លាយ កូនស្លាប់ចោល មានតែសត្វឆ្មាមួយក្បាល នៅក្បែរ ហើយរស់រាល់ថ្ងៃ បានបងប្អូនជីដូនមួយ ឲ្យបាយហូប មិនដឹងថាគាត់លំបាកប៉ុនណាទេ ព្រោះវេទនាភ្នែកមើលណាស់ ជាពិសេសពេលលោកទៅដល់ ឃើញលោកយាយឱនក្បាលហូបបាយនៅលើរនាបផ្ទះ ជាមួយសត្វឆ្មា ធ្វើឲ្យលោកស្លុតរន្ធត់ចិត្តមែន និងនឹកឃើញតែពាក្យពុទ្ធោ! ចំពោះគាត់ ទើបលោកសម្រេចចិត្តថតជាវីដេអូ បង្ហាញពីភាពវេទនារបស់គាត់ បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក និងតាមទិកតុក ដើម្បីឲ្យសប្បុរសជនបានឃើញ ជួយឧបត្ថម្ភជាថវិកា គ្រឿងឧបភោគ បរិភោគ ដល់គាត់ ហើយមកដល់ពេលនេះ ឃើញមានសប្បុរសមួយចំនួនបានឧបត្ថម្ភជាថវិកា ដល់គាត់ តាមរយៈរូបលោកខ្លះដែរ ។ ប៉ុន្តែលោកគិតថា អំណោយសប្បុរសជនមួយចំនួនទាំងនោះ នៅមិនទាន់គ្រប់គ្រាន់ជួយទ្រទ្រង់ជីវិតនិងភាពអត់ឃ្លានរបស់គាត់ច្រើនទេ គឺនៅត្រូវការសប្បុរសជនផ្សេងៗច្រើនទៀត ។ ដូច្នេះបើបងប្អូនសប្បុរសជនណាដែលមិនទាន់ឃើញពីភាពវេទនារបស់គាត់ ហើយចង់ជួយឧបត្ថម្ភដល់គាត់ អាចទាក់ទងមកលោក ឬផ្ញើជាថវិកា តាមរយៈ ABA : 000517255 : keo nimith និងអេស៊ីលីដា : 093633500 : keo Nimith ឬបើមានឱកាស ពេលវេលាទំនេរពីការងារ អាចចុះទៅជួប និងយកអំណោយជូនគាត់ផ្ទាល់ដល់ផ្ទះក៏បាន ។
ជាមួយគ្នានោះដែរ លោកថេង ប៊ុនធឿន យុវជនបង្កើតកម្មវិធីសប្បុរសធម៌ ដែលផលិតវីដេអូស្ដីពីជីវិត កម្សត់របស់ លោកយាយពិការម្នាក់នេះដែរ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ថា ជាការពិត លោកយាយយ៉ូវ ជាមនុស្សពិការភ្នែកទាំងសងខាង ហើយម្រាមដៃរបស់គាត់ពិការដែរ គឺកំបុតទាំងអស់ ហើយគាត់រស់នៅក្នុងខ្ទមធ្លុះធ្លាយ រនាបក៏បាក់ ជណ្ដើរក៏បាក់ ។ លោកបានទៅជួបគាត់ដោយចៃដន្យ កំពុងហូបបាយ លិទ្ធលើរនាប គួរឲ្យអនិច្ចាមែនទែន ជាមួយសត្វឆ្មាមួយនៅក្បែរគាត់ ខណៈដែលកូនស្រីគាត់ បានស្លាប់ចោលជាច្រើនឆ្នាំហើយនោះ ។ រាល់ថ្ងៃ គាត់ពិតជាបានបងប្អូនជីដូនមួយដែលមានផ្ទះនៅក្បែរនោះជួយឲ្យបាយទឹកគាត់មែន ប៉ុន្តែធម្មតាបងប្អូនជីដូនមួយ មិនអាចមើលថែជិតដិត ឬដិតដល់ដូចសាច់ញាតិបង្កើត ឬកូនរបស់ខ្លូនឯងទេ ។ ដល់ពេលអ៊ីចឹង ឃើញគាត់ហូបបាយលិទ្ធលើរនាបផ្ទះ ទាំងងងឹតពពើម គ្មានអ្នកបញ្ចុក ហើយមិនដឹងថា គាត់បន្ទោបង់យ៉ាងម៉េចទេ បានត្រឹមតែឃើញគាត់រំកិល មិនអាចងើបដើររួច លោកក៏ថតសកម្មភាពគួរឲ្យសង្វេគរបស់គាត់បែបនេះបង្ហោះចែកចាយតាមបណ្ដាញសង្គម ដោយសង្ឃឹមថា នឹងមានសប្បុរសជន ជួយគាត់តាមសទ្ធា និងតាមក្ដីអាណិតអាសូរ ។
លោកថេង ប៊ុនធឿន បន្តថា ទីបំផុត ក្រោយពីបង្ហោះវីដេអូរបស់គាត់នេះមិនបានប៉ុន្មានថ្ងៃផង ក៏មានសប្បុរសជនជួយច្រើនដែរ ទាំងតាមរយៈលោកផង និងតាមរយៈទៅផ្ទាល់ផង រហូតមានគេបានទាក់ទងមកលោកប្រាប់ថា ចង់ធ្វើផ្ទះឲ្យលោកយាយទៀតផង ដើម្បីឲ្យគាត់បានរស់នៅស្រួល ខណៈដែលអាជ្ញាធរ ក៏បានចូលរួមជួយដែរ មិនមែនអត់សោះទេ គ្រាន់តែលោកបង្កើតកម្មវិធីសប្បុរសធម៌ ដើម្បីរកជំនួយបន្ថែមទៀតជួយដល់លោកយាយ ឲ្យបានធូរស្រាល ។ ដូច្នេះជារួម លោកគ្រាន់តែចង់ឲ្យស្នើដល់អ្នកដែលយកវីដេអូទៅផុសបន្ត ក្នុងគោលបំណងជួយរកអំណោយជូនលោកយាយនោះ សូមឲ្យបា្រកដថា ជួយគាត់ដោយចិត្តស្មោះ នោះនឹងចូលរួមត្រេកអរទាំងអស់គ្នា ខ្លាចតែជនខិលខូចមួយចំនួន យកទៅដើម្បីរកប្រយោជន៍របស់គាត់ ហើយតាមគំនិតលោក មិនចង់ឲ្យប្រើថវិកាទៅលើលោកយាយច្រើនដែរ គឺធ្វើម៉េចឲ្យគាត់បានផ្ទះសមរម្យទៅ របស់ហូបចុកច្រើន ព្រោះគាត់ពិការភ្នែក ពិការដៃជើងអ៊ីចឹង មិនដឹងថា គាត់ចាយយ៉ាងម៉េចកើតទេ ថវិកាមួយចំណែក មានតែប្រគល់ជូនទៅបងប្អូនជីដូនមួយរបស់គាត់ទេ ព្រោះទោះបីប្អូនជីដូនមួយគាត់នោះយ៉ាងម៉េចក៏ដោយ ក៏គាត់ជាអ្នកមើលថែ ធ្វើបាយម្ហូបជូនលោកយាយពិសារាល់ថ្ងៃដែរ ។
ដោយឡែក លោកផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលតែងធ្វើការងារសង្គម ស្វែងរកអំណោយសប្បុរសធម៌ ជួយជនក្រីក្រ ជនពិការ កុមារកំព្រា ចាស់ជរាអត់ទីពឹង កន្លងមកដែរ បន្ទាប់ពីបានឃើញភាពលំបាកវេនារបស់លោកយាយខាងលើ លោកបាននាំយកអំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគ ទៅជូនលោកយាយកម្សត់ភ្លាមៗ នៅថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២២ ដោយលោកធានាចិញ្ចឹមផ្គត់ផ្គង់លោកយាយអស់មួយជីវិតតែម្តង។
លោក ផន ផល្លា បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ថា «ខ្ញុំបានមកជួបលោកយាយហើយ កាលពីព្រឹកមិញនេះ.. ខ្ញុំបានកក់សម្គាល់ឃើញថា គាត់ពិតជារស់នៅម្នាក់ឯង ទាំងពិការជើង ពិការដៃ ព្រមទាំងងងឹតភ្នែកទាំងសងខាងទៀត…។ ការហូបចុក វាពិតជាលំបាកណាស់ហើយសម្រាប់លោកយាយ ដោយដៃគាត់ទាំងពីរ កាន់អ្វីមិនកើតនោះទេ ចំណែកឯការបត់ដៃបត់ជើងទៀត គឺវារឹតតែលំបាកសម្រាប់គាត់ ដែលលូនវាក្រាប ប្រឹងរស់តែម្នាក់ឯបែបនេះ។ ជាការពិត យើងពិតជាសូមអរគុណដល់អ្នកជិតខាងល្អរបស់គាត់ ដែលតែងតែអើតមើល យកអាសា ព្រមទាំងហុចបាយទឹកជារឿយៗ…។
យ៉ាងណាមិញ ចំពោះគោលបំណងដែលខ្ញុំបានចុះមកថ្ងៃនេះ គឺដើម្បីរៀបចំឧបត្ថម្ភលោកយាយ រហូតដល់គាត់អស់អាយុជីវិតផងដែរ ដោយក្នុងនោះ ខ្ញុំនឹងធ្វើការដោយផ្ទាល់ជាមួយអាជ្ញាធរភូមិ-ឃុំ ព្រមទាំងបងស្រីដែលជាអ្នកយកអាសាគាត់កន្លងមក ឲ្យគាត់បន្តជាអ្នករ៉ាប់រងទុកដាក់ មើលការខុសត្រូវ និងចាត់ចែងលុយកាក់ ចំណូលចំណាយរបស់លោកយាយទាំងស្រុងផងដែរ។
ទន្ទឹមនឹងគ្នា ខ្ញុំពិតជាសូមអរគុណខ្លាំងណាស់ទៅដល់បងប្អូនដែលមានដួងចិត្តអាណិតអាសូរបានចូលរួមជាមួយខ្ញុំ និងតាមរយ:ខ្ញុំ ក្នុងការជួយទៅដល់លោកយាយពិការទុរគតម្នាក់នេះ»៕ កុលបុត្រ