Wednesday, April 24, 2024
Homeព័ត៌មានជាតិប្តីវ៉ៃជាំសុសខ្លួន ប្រពន្ធប្តឹងសុំលែង

ប្តីវ៉ៃជាំសុសខ្លួន ប្រពន្ធប្តឹងសុំលែង

ខេត្តសៀមរាប ៖ ប្តីប្រពន្ធមួយគូ បានរួមរស់នឹងគ្នាអស់រយៈពេល ៨ឆ្នាំមកហើយ ប៉ុន្តែមិនសូវមានសុភមង្គលសោះ កើតតែរឿងរកាំរកូស ឈ្លោះប្រកែកមិនស្វាង ដោយសារបុរសជាប្តី ចូលចិត្តផឹកស្រា ពូកែរករឿងវាយដំប្រពន្ធមិនឈប់ រហូតដល់ចុងក្រោយ ប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ និងសុំលែងលះឱ្យដាច់ស្រេច។

ករណីអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៤៨នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បុរសជាប្តីដែលបង្កហិង្សា វាយដំប្រពន្ធ បណ្តាលឱ្យរងរបួសជាំពេញខ្លួន និងត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះអាន ភាព មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះប៉ែន ធា អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះ។ ប្តីប្រពន្ធទាំងពីរ មានលំនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមប្រភពពីសមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានឱ្យដឹងថា កាលពីវេលាម៉ោង ១និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចប្រចាំបញ្ជា បានទទួលបណ្តឹងពីស្ត្រីរងគ្រោះឈ្មោះប៉ែន ធា ពីករណីអំពើហិង្សាក្នុងគ្រួសារ ដោយបុរសជាប្តី ឈ្មោះអាន ភាព បានប្រើអំពើហិង្សាវាយដំមកលើរូបគាត់ជាប្រពន្ធ បណ្តាលឱ្យរងរបួសជាំសុសខ្លួន ទើបធ្វើឱ្យគាត់ទ្រាំលែងបាន ក៏ប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានឱ្យដឹងថា រវាងគាត់ និងប្តីឈ្មោះអាន ភាព បានចាប់ដៃគ្នាជាប្តីប្រពន្ធ អស់រយៈពេល ៨ឆ្នាំមកហើយ ប៉ុន្តែពុំបានចុះសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ជាមួយគ្នានៅឡើយ។ កន្លងមក ប្តីរបស់គាត់ ឱ្យតែផឹកស្រាស្រវឹងម្តងៗ តែងតែបង្ករឿងឈ្លោះ និងវាយដំមកលើរូបគាត់ជាប្រចាំ។

ស្ត្រីរងគ្រោះ បន្តថា លុះមកដល់វេលាម៉ោង ១០និង៤៨នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ប្តីរបស់គាត់ ទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក រួចក៏បង្ករឿងឈ្លោះជាមួយគាត់ម្តងទៀត រហូតដល់ប្រើអំពើហិង្សា វាយដំមកលើរូបគាត់ បណ្តាលឱ្យរងរបួសស្នាមពេញខ្លួន ទើបគាត់ទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ នៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃដដែល កម្លាំងនគរបាលប៉ុស្តិ៍ស្លក្រាម ដឹកនាំដោយលោកអ៊ុំ ពិសិដ្ឋ នាយប៉ុស្តិ៍ បានចុះទៅដល់ទីតាំងកើតហេតុ និងបានហៅប្តីប្រពន្ធអ្នកទាំងពីរ មកប៉ុស្តិ៍នគរបាលដើម្បីធ្វើការសាកសួរ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយមានសំណូមពរពីភាគីស្ត្រីជាប្រពន្ធ ស្នើសុំសមត្ថកិច្ចគ្រាន់តែធ្វើការអប់រំបុរសជាប្តី និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់អំពើហិង្សា និងសុំផ្តាច់ទំនាក់ទំនងប្តីប្រពន្ធ លែងរួមរស់ជាមួយគ្នា ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។

ក្រោយពីភាគីទាំងពីរធ្វើកិច្ចសន្យារួច សមត្ថកិច្ចក៏បានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញរៀងខ្លួន៕

RELATED ARTICLES