Thursday, November 28, 2024
Homeព័ត៌មានជាតិឧកញ៉ាម៉ុង ឫទ្ធី មានជំងឺត្រូវវះកាត់ ហៅកូនមកជុំ ចែកទ្រព្យសម្បត្តិ

ឧកញ៉ាម៉ុង ឫទ្ធី មានជំងឺត្រូវវះកាត់ ហៅកូនមកជុំ ចែកទ្រព្យសម្បត្តិ

ខេត្តកំពង់ស្ពឺ ៖ អ្នកឧកញ៉ាម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាសមាជិកព្រឹទ្ធសភា បានហៅកូនមកជួបជុំគ្នាជាលក្ខណៈគ្រួសារ ដើម្បីធ្វើប្រទានកម្ម បែងចែកទ្រព្យសម្បត្តិជូនកូនៗ ដោយមានការចូលរួមដឹងឮពីមេធាវីផងដែរ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ថា មូលហេតុដែលលោកជួបជុំគ្រួសារ រៀបចំប្រទានកម្មនេះ ដោយសារតែលោកផ្ទាល់បានសង្កេតឃើញថា អ្នកមានទ្រព្យសម្បត្តិ កាលពីជំនាន់មុន និងសម័យបច្ចុប្បន្ន មួយចំនួនមិនបានគិតគូរចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួន មុនពេលលាចាកលោកនេះទៅនោះទេ ដោយបន្សល់ទុកឲ្យកូនៗដែលជាទាយាទត្រូវទទួលមរតកពីឪពុកម្ដាយ ឈ្លោះប្រកែកគ្នា ដណ្ដើមទ្រព្យ ដោយសារតែឪពុកម្ដាយ មិនមានការចាត់ចែងធ្វើប្រទានកម្ម បែងចែកទ្រព្យឱ្យកូនៗឲ្យបានច្បាស់លាស់។ ម៉្យាងទៀត ដោយសារស្ថានភាពជំងឺរបស់លោក នាពេលនេះ វេជ្ជបណ្ឌិត តម្រូវឱ្យទៅធ្វើការវះកាត់ នៅខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ដោយមិនដឹងថា លទ្ធផលនៃការវះកាត់នេះ ទទួលបានជោគជ័យ ១០០% ដែរឬយ៉ាងណានោះទេ ដូច្នេះហើយទើបលោកកោះហៅប្រពន្ធនិងកូនៗ មកប្រជុំ ដើម្បីធ្វើប្រទានកម្ម បែងចែកទ្រព្យសម្បត្តិរបស់លោកនិងភរិយាដែលមាន ឲ្យកូនៗរួចជាស្រេច ។

អ្នកឧកញ៉ា បណ្ឌិតម៉ុង ឫទ្ធី បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ថា «នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ មានការប្រជុំជាលក្ខណៈគ្រួសារមួយ ស្ដីពីប្រទានកម្ម (ការធ្វើអំណោយ) របស់ឪពុកម្ដាយ ជូនកូនៗ ក្រោយពេលដែលឪពុកម្ដាយបានទទួលមរណភាព ដោយមានការចូលរួមពីខ្ញុំ ម៉ុង ឫទ្ធី ភរិយា​ និងកូនៗ ព្រមទាំង​មាន​មេធាវី​ចូលរួម​ដឹងឮ​ផងដែរ​ ។

-បុព្វហេតុដែលនាំឱ្យមានការជួបជុំគ្រួសាររៀបចំប្រទានកម្មនេះ ដោយសារតែខ្លួនខ្ញុំផ្ទាល់ បានសង្កេតឃើញថា​ អ្នកមានទ្រព្យសម្បត្តិ កាលពីជំនាន់មុន និងសម័យបច្ចុប្បន្ន មួយចំនួនមិនបានគិតគូរចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួន មុនពេលលាចាកលោកនេះទៅនោះទេ​ ដោយបន្សល់ទុកឲ្យ​កូនៗដែលជាទាយាទដែលត្រូវទទួលមរតកពីឪពុកម្ដាយ ឈ្លោះប្រកែកគ្នា ដណ្ដើមយកទ្រព្យ ប្ដឹងផ្ដល់គ្នាឡើងតុលាការ ពេលខ្លះតាមធ្វើឃាត កាប់សម្លាប់គ្នាក៏មាន ដែ​លដោយសារតែទ្រព្យសម្បត្តិដែលជា​កេរមរតក​របស់ឪពុកម្ដាយ មិនមានការចាត់ចែងធ្វើ​ប្រទានកម្ម​ ឱ្យបានច្បាស់លាស់ជាមុន។

-ម៉្យាងទៀត ដោយសារស្ថានភាពជំងឺរបស់ខ្ញុំ នាពេលនេះ លោកវេជ្ជបណ្ឌិត តម្រូវឱ្យទៅធ្វើការវះកាត់ នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ដោយមិនដឹងថា លទ្ធផលនៃការវះកាត់នេះ ទទួលបានជោគជ័យ ១០០% ដែរឬយ៉ាងណានោះទេ ដូច្នេះហើយ ទើបតម្រូវឱ្យរូបខ្ញុំ កោះហៅ​ប្រពន្ធ​​និងកូនៗ មកប្រជុំ ​ដើម្បី​ធ្វើ​ប្រទានកម្ម​នេះឲ្យហើយ​ បើសិនណាជាមានគ្រោះចង្រៃអ្វីមួយកើតឡើងដោយចៃដន្យនោះ ថ្ងៃនេះ​ខ្ញុំត្រូវតែរៀបចំគិតគូរចាត់ចែងត្រួសត្រាយ​ផ្លូវសម្រាប់ឲ្យ​ពួកគាត់ដើរ​ឱ្យហើយ​  គឺតាមរយៈប្រទានកម្មនូវទ្រព្យសម្បត្តិរបស់ខ្ញុំនិងប្រពន្ធ ដែលមាន​» ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី សរសេរបន្តថា «បើតាមគំនិតយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំ បុគ្គលគ្រប់រូបដែលមានទ្រពសម្បត្តិតិចក្តី ច្រើនក្តី គួរតែធ្វើប្រទានកម្ម ឬមតកសាសន៍ ដោយមានចាស់ទុំជិតខាង អាជ្ញាធរមូលដ្ឋាន ឬមេធាវី មកធ្វើជាសាក្សីដឹងឮ ដើម្បីបញ្ចៀសកុំឱ្យមានជម្លោះក្នុងគ្រួសារ​ ទៅថ្ងៃ​ក្រោយ ពេលដែលយើងទទួលមរណភាព​ ដោយចៃដន្យពេលណាមួយ​ ។

-បុគ្គល​ដែលអាច​ហាន​លះបង់​ ធ្វើ​ប្រទានកម្ម​ ឬ​មរតសាសន៍នេះបាន ទាល់តែ​បុគ្គល​ទាំងឡាយនោះ ​យក​ព្រះ​ធម៌​ ៣ប្រការ ​មកគោរព​ប្រតិបត្តិ​តាម ​នោះគឺ​ ១-​ នាមរូបំ​អនិច្ចំ​ មានរូបមិនទៀង​ ២​- នាមរូបំទុក្ខំ​ មានរូប មាន​ទុក្ខ​ ៣-​ នាមរូបំ​អនត្តា​ មាន​រូប ​មិនមែន​ជារបស់យើងទេ​ ។

-ខ្លួនយើង ​និង​ទ្រព្យសម្បត្តិ ​ពិតជា​មិនមែនជា​របស់យើងទេ​​ នៅពេលដៃលយើង​មិនទាន់​ជាប់​ស៊ីរ៉ូម​ ត្រូវ​ខិតខំ​ធ្វើ​បុណ្យ​ដាក់ទានឲ្យបានច្រើន​ នៅសល់​ប៉ុន្មាន ​ធ្វើ​ប្រទានកម្មឲ្យកូនៗ ឲ្យហើយទៅ​» ៕ ខៀវទុំ

RELATED ARTICLES