ភ្នំពេញ៖មាស សុខសោភា ដែលបានប្រកាសកាលពីដើមខែមករាឆ្នាំ២០២២ ថាឆ្នាំនេះនាងត្រូវតែបំបែកទីផ្សារចម្រៀងតាមរយៈការបង្ហាញនូវអ្វីដែលថ្មីនិងប្លែកបំផុតមិនធ្លាប់មានតាំងពីនាងចាប់អាជីពសិល្បៈជាង១០ឆ្នាំមកនេះដើម្បីឲ្យទស្សនិកជនភ្ញាក់ផ្អើលនោះ ស្រាប់តែពេលនេះនាងបានបង្ហាញបទពិសោធន៍ផ្ទាល់ខ្លួនជាមួយស្វាមីថាការអានសៀវភៅ និងស្ដាប់ធ័មជាវិធី១ល្អបំផុតហើយត្រូវតែកាត់បន្ថយការលេងទូរស័ព្ទ។សុខសោភា មិនមែនចេះតែថានោះទេតែនៅលើយន្ដហោះនាងនិងប្ដីពិតជាឆ្លៀតអានសៀវភៅនៅអាកាសនោះមែន ដែលនេះបញ្ជាក់ថាទោះជានាងចង់ឲ្យបទចម្រៀងផ្ទុះឡើងវិញមែនក៍សោភា មិនមែនគិតផ្ដោតតែលើតែអាជីពសិល្បៈទាំងស្រុងឡើយពោលគឺនាងមានពេលលំហែកាយ៉ាជាមួយស្វាមីព្រមទាំងការធ្វើសាមាធិផ្លូវចិត្តតាមរយៈការអានសៀវភៅនិងស្ដាប់ធ័មរួមគ្នាជាមួយប្ដី។


សូមបញ្ជាក់ថាមាស សុខសោភា ទើបតែបាននាំកំពូលស្នេហ៍នាងលោកគ្រូពេទ្យអ៊ឹត រ៉ាដា ទៅធ្វើបុណ្យនិងដើរកម្សាន្ដនៅប្រទេសឡាវរយៈពេលខ្លីដើម្បីសន្សំនិស្ស័យស្នេហ៍ ខណៈដែលការប្ដេជ្ញាចិត្តរបស់នាងថានឹងធ្វើឲ្យទីផ្សារចម្រៀងនាងប្រែប្រួលនៅឆ្នាំ២០២២ នេះស្ថិតនៅភាពស្រពិចស្រពិលនៅឡើយព្រោះរយៈពេល៨ខែមកនេះសោភា នៅតែគ្មានបទផ្ទុះខ្លាំងដូចមុន។តែយ៉ាងណាអតីតតារាថោន រូបនេះនៅតែមានមុខតាមការច្រៀងសម្ដែងConcerts ធំៗនៅឡើយដែលបញ្ជាក់ថាថ្វីត្បិតតែនាងមិនស្ទុះទៅមុខថែមទៀតមែន តែសោភា ក៍មិនធ្លាក់ចុះដែរ ព្រោះគូប្រជែងដ៍ស្វិតស្វាញរបស់នាងជាង១០ឆ្នាំអ្នកនាងឱក សុគន្ធកញ្ញា តាំងពីមានស្វាមីនិងកូនមកក៍ស្ថិតក្នុងភាពនៅទ្រឹងដូចគ្នា។ដោយឡែកអ្នកជំនាញសិល្បៈធ្លាប់លើកឡើងថាសុខសោភា ទៅរាម នាងលែងមានបទល្បីៗប្រជែងទីផ្សារចម្រៀងដូចមុនទៀតហើយ ព្រោះផលិតកម្មថ្មីមួយនេះផលិតចម្រៀងជាលក្ខណៈព័ណសំបុររបស់ខ្លួនមិនដូចហង្សមាសនិងGalaxy ទេ។


មាស សុខសោភា ត្រូវបានគេចាត់ទុកថាជាតារាដែលមានជីវភាពធូធារម្នាក់នាពេលបច្ចុប្បន្នដែលប្រាក់ចំណូលមួយភាគធំបានមកពីចម្រៀងនោះធ្វើឲ្យនាងមានលទ្ធភាពទិញផ្ទះវីឡាររស់នៅយ៉ាងសុខសាន្ដ ព្រមទាំងជិះរថយន្ដថ្លៃៗដូចជាLand Cruiser V8 និងJeep Rubicon ជាដើម។ប៉ុន្ដែគិតត្រឹមឆ្នាំ២០២២ នេះសោភា នៅមិនទាន់កំណត់ពេលវេលារៀបការជាលើកទី៣ជាមួយស្វាមីដោយចំហនោះទេ បន្ទាប់ពីមង្គលការទាំង២លើករបស់នាងកន្លងមកសុទ្ធតែធ្វើដោយលាក់លៀមបំផុត៕

