Friday, April 26, 2024
Homeសង្គម និងជីវិតប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះ​សត្វព្រៃភ្នំម៉ៅ បកស្រាយថា «គ្មានការផ្ទេរឧទ្យានសួន​សត្វភ្នំតាម៉ៅទៅខេត្តផ្សេងឡើយ»

ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះ​សត្វព្រៃភ្នំម៉ៅ បកស្រាយថា «គ្មានការផ្ទេរឧទ្យានសួន​សត្វភ្នំតាម៉ៅទៅខេត្តផ្សេងឡើយ»

តាកែវ៖ លោក ញ៉ឹក រតនៈពេជ្រ ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅ បានឆ្លើយ​តបការផ្សព្វផ្សាយបំភ្លៃពីសំណាក់បុគ្គល និងអង្គភាពសារព័ត៌មានមួយចំនួន ដែលបណ្ដាលឱ្យមាន​ការភាន់​ច្រឡំថា ឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅនឹងត្រូវរើទៅតាំងនៅខេត្តសៀមរាប ឬ​ខេត្តកំ​ពង់ឆ្នាំង ឬខេត្តកំពង់ស្ពឺ ឬខេត្តមណ្ឌលគិរីវិញ ដែលនាំឱ្យមានផលប៉ះពាល់ដល់សត្វព្រៃនៅភ្នំតាម៉ៅនេះ។

ករណីនេះ ប្រធានឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅបានបក​ស្រាយបំភ្លឺជូនសា​ធារណ​ជន​ថា ការផ្សព្វផ្សាយ​ខាងលើនេះមិនមែនជាការពិតទេ ពីព្រោះអង្គភាពគ្រប់គ្រងពុំមានផែនការរុះរើ ឬផ្ទេរឧទ្យាន​សួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅទៅទីតាំងផ្សេងនោះឡើយ ខណៈបណ្ដាសត្វព្រៃនៅ​ក្នុងឧទ្យាន​កំពុងរស់នៅជាធម្មតា ពុំបានរងការគំរាមកំហែង ឬរងផលប៉ះពាល់អ្វីឡើយ។ លោកបានបន្ថែមថា ក្រៅពីការ​ថែរ​ក្សាអភិរក្ស សង្គ្រោះ អប់រំ និងបង្កាត់ពូជសត្វព្រៃ ឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំ​ម៉ៅក៏មាន​ផែនការរៀបចំកែលម្អ និងកសាងបន្ថែមនូវហេដ្ឋារចនាសម្ពន្ធគាំទ្រដល់ការងារទាំងនេះទៀតផងដែរ ដូច្នេះមិន​មានហេតុផលណាដែលត្រូវផ្ទេរទៅកន្លែងផ្សេងនោះទេ។ គួរជម្រាបថាឧទ្យានសួនសត្វនិងមជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃភ្នំម៉ៅមានទីតាំងស្ថិតនៅស្រុកទន្លេបាទី ខេត្តតាកែវ ដែលលាតសន្ធឹងលើផ្ទៃដីជាង៤០០ហិកតា និងមាន​របងសុវត្ថិភាពព័ទ្ធជុំវិញ។ នៅទីនោះមានសត្វដំរី ឈ្លូស ប្រើស ក្ដាន់ រមាំង ស្វា ជ្រូកព្រៃ សត្វស្លាប ព្រមទាំង​សត្វ​កម្រ សត្វកម្រជិតផុតពូជដទៃទៀតជាច្រើន។

សូមទស្សនានិងស្ដាប់ការបកស្រាយរបស់ប្រធានឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ៖

https://www.facebook.com/PhnomTamaoZoo/videos/966981267262916/?extid=NS-UNK-UNK-UNK-IOS_GK0T-GK1C-GK2C

RELATED ARTICLES