ភ្នំពេញ៖កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ និងនាងតន់ ច័ន្ទសីម៉ា ជាតារាស្នូលសំខាន់ជាងគេរបស់Galaxy នោះមិនបានបញ្ចេញសារឬប្រតិកម្មតតបណាមួយឡើយជុំវិញមានអ្នកគាំទ្រខ្លះរបស់ពួកគេព្រមានលែងស្ដាប់បទចម្រៀងរបស់តារាចម្រៀងផលិតកម្មមួយនេះ។ភាពចម្រូងចម្រាសបែនេះកើតមានឡើងក្រោយពីថៅកែGalaxy មានឈ្មោះក្នុងការអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅដែលអ្នកលេងបណ្ដាញសង្គមចាត់ទុកថាជាការឈូសឆាយព្រៃឈើនៅទីនោះសង់ផ្ទះល្វែងប៉ៈពាល់ដល់ជម្រកសត្វព្រៃ រហូតបានរាលដាលដល់ក្រុមយុវវជនខ្លះគម្រាមឈប់ស្ដាប់និងគាំទ្របទចម្រៀងរបស់Galaxy ទៀតផង បើទោះជាក្រសួងកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទ រដ្ឋបាលព្រឈើ បានចេញលិខិតបំភ្លឺមួយជុំវិញរឿងរ៉ាវនេះកាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០២២ ក្ដី។

នៅលើបណ្ដាញសង្គមរបស់លោកព្រាប សុវត្ថិ មិនមាននិយាយពាក់ព័ន្ធរឿងខាងលើនោះទេ ខណៈដែលតន់ ច័ន្ទសីម៉ា វិញនៅលើហ្វេសបុកត្រូវអ្នកខ្លះឌឺដងឲ្យនាងច្រៀងបទទាក់ទងភ្នំតាម៉ៅនេះនៅរដូវភ្ជុំបិណ្ឌខាងមុខនេះទៀតផង។ប៉ុន្ដែស្រីស្រស់តូចច្រឡឹងច័ន្ទសីម៉ា អត់បានតតបពាក់ព័ន្ធរឿងដែលកំពុងតែរសើបមួយនេះឡើយ។

អ្នកយកព័តមានយើងមិនអាចទាកទាងអ្នកនាងយឹម សុជាតា ដែលជាអ្នកចាត់ការទូទៅរបស់Galaxy បានទេកាលពីពេលថ្មីៗនេះព្រោះគ្មានលេខទូរស័ព្ទ ខណៈដែលបងប្រុសនាងលោកយឹម តាស្រង់ តេចូលមិនលើក។ទោះជាយ៉ាងណាអ្នកតាមដានសកម្មភាពសិល្បៈលើកឡើងថាតារាចម្រៀងគិតតែពីច្រៀងសម្ដែងពេលផលិតកម្មតម្រូវប៉ុណ្ណោះហេតុនេះហើយFan របស់ពួកគេគូតែបែងចែកឲ្យដាច់រវាងអ្នកចម្រៀងនិងថៅកែមិនគូណា”ខឹងគោវាយរទេះ”ឡើយ។ដោយឡែកសម្រាប់លោកព្រាប សុវត្ថិ វិញក្រោយលោកឡើងជាឧកញ៉ាជាង៣ខែមកនេះលោកបានរយាលពីអាជីពមិនធ្លាប់មានពីមុនឡើយពោលគឺរយៈពេលជាងជាង៩០ថ្ងៃគេឃើញលោកទើបតែចេញថតបទថ្មីបាន១បទប៉ុណ្ណោះ ដែលនេះបញ្ជាក់ថាលោកឧកញ៉ាស្នាយ មិនពឹងទៅលើប្រាក់ចំណូលទាំងស្រុងពីអាជីពសិល្បៈទៀតនោះទេព្រោះលោកផ្ដោតលើការធ្វើមុខជំនួញច្រើនជាង។សម្រាប់ស្រីស្រស់សីម៉ា វិញរយៈពេលចុងក្រោយនេះក៍មិនទាន់អាចធ្វើព្យុះភ្លៀង ដូចមុនទៀត ដែរពោលគឺតាំងពីលោកយឹម តាស្រង់ ដើរចេញពីGalaxy នាងហាក់បាត់ដៃស្ដាំ បើទោះជានាងធ្លាប់អះអាងថាគ្មានការបារម្ភព្រោះផលិតកម្មនេះមានអ្នកនិពន្ធច្រើនហើយតាស្រង់ នៅតែអាចជួយនាងនៅពីក្រោយខ្នងក្ដី។

សូមបញ្ជាក់ថាលោកព្រាប សុវត្ថិ បានឈជើងនៅGalaxy រយៈពេលជិត២ឆ្នាំទៅហើយ បន្ទាប់ពីលោកអស់និស្ស័យជាមួយហង្សមាសដែលធ្លាប់រួមរស់ជាមួយគ្នាអស់រយៈពេល២៣ឆ្នាំ។តារាចម្រៀងដែលត្រូវបានគេទម្លាយកាលពីខែកញ្ញាឆ្នាំ២០២០ ថាលោកសល់ទ្រព្យចំនួន៣០លានដុល្លាររូបនេះបានចាប់ដៃជាមួយនាងតន់ ច័ន្ទសីម៉ា ដែលមានអាយុប្អូនលោកដល់ទៅ២២ឆ្នាំទើបធ្វើឲ្យសីម៉ា បោះពួយទៅមុខរហូតបំបាក់អស់តារាដែលមានគីឡូប្រហាក់ប្រហែលនាង។យ៉ាងណាគេមិនរំពឹងថាព្រាប សុវត្ថិ នឹងសម្រុកច្រៀងដៃគូជាមួយនាងសីម៉ា បានច្រើនបទដូចមុនទៀតឡើយ ព្រោះថាពេលនេះលោកអាចនឹងយកអាជីពសិល្បៈជាជំហ៊ានទី២ ការធ្វើជំនួញជាជម្រើសទី១ទៅហើយ ស្របពេលដែលនាងសីម៉ា វិញនឹងងាកទៅចាប់ដៃជាមួយលោកខេម ឡើងវិញ។

អ្នកជំនាញសិល្បៈបានលើកឡើងថាទោះជាលោកឧកញ៉ាព្រាប សុវត្ថិ លែងច្រៀងឬមិនមានអ្នកស្ដាប់បទថ្មីៗរបស់លោកទៀតដូចការព្រមានពីទស្សនិកជនខ្លះៗនោះក៍លោកមិនប្រឈមជួបហានិភ័យសេដ្ឋកិច្ចដែរ ព្រោះបច្ចុប្ប្នតារាវ័យ៤៧ឆ្នាំរូបនេះត្រូវបានគេចាត់ទុកថាជា”សេដ្ឋី”តាំងពីមុនឡើងឧកញ៉ាម្លេះ។ដោយឡែកសម្រាប់តារាវ័យ២៥ឆ្នាំនាងតន់ ច័ន្ទសីម៉ា វិញនាងត្រូវការពង្រឹងសម្ថភាពថែមទៀតទើបអាចឈានទៅដល់ចំណុចកំពូលបាន៕
