តារាចម្រៀងស្រី ទម្លាយបែកបាក់ប្តីកូនឧកញ៉ា

ភ្នំពេញ ៖ អតីតតារាចម្រៀងស្រីមួយរូប បានទម្លាយចេញនូវរឿងរ៉ាវស្នេហាបែកបាក់ជាមួយប្តីជាកូនឧកញ៉ា ដោយសារប្តីផិតក្បត់ លួចមានស្រីថ្មី ព្រមទាំងបានបង្ហាញមុខបុរសជាអតីតប្តី តាមបណ្តាញសង្គម ទោះបីជាអតីតប្តី គំរាមប្ដឹងឡើងតុលាការ បើហ៊ានផុសរូបគេក៏ដោយ ក៏នាងមិនខ្លាច ថែមទាំងឌឺឲ្យអតីតប្តីថា កំពុងតែចង់ឡើងតុលាការម្ដងទៀតស្រាប់ផង ព្រោះនាងចង់ទាមទារប្រាក់អាហារកិច្ចឲ្យកូនរបស់នាងបន្ថែមទៀត ។

          អតីតតារាចម្រៀងស្រី ដែលទម្លាយរឿងស្នេហាបែកបាក់ជាមួយអតីតប្តី និងចង់ឡើងតុលាការម្ដងទៀត ដើម្បីទាមទារឱ្យអតីតប្តី ផ្តល់ប្រាក់បន្ថែមជួយចិញ្ចឹមកូននោះ គឺអ្នកនាងប៉ែន មរកត ហៅសាសា អតីតតារាចម្រៀងប្រចាំផលិតកម្មថោន ដែលបានបាត់មុខពីអាជីពសិល្បៈនេះ អស់រយៈពេលជិត ៧ឆ្នាំមកហើយ ដោយនាងបានងាកមកបើកហាងកែសម្រស់ និងបានកសាងជីវិតគ្រួសារតូចមួយ នៅឆ្នាំ២០១៨ ជាមួយប្ដី ឈ្មោះបោយ រស្មី ជាកូនឧកញ៉ាសម្បត្តិ ដែលជាអ្នករកស៊ីជំនួញនាំចូលនិងលក់ឥដ្ឋការ៉ូ ក្នុងប្រទេសកម្ពុជា ។

          អ្នកនាងប៉ែន មរកត ហៅសាសា បានសរសេរក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ថា “ខ្ញុំនឹងផុសរឿងរ៉ាវទំនាក់ទំនងរឿងលោកបោយ រស្មី ត្រូវជាឪពុកកូនរបស់ខ្ញុំ (ដែលត្រូវជាកូនលោកឧកញ៉ាសម្បត្តិ) លក់ការ៉ូ រឿងអីខ្ញុំត្រូវខ្លាច ខ្ញុំធ្វើអីដែលត្រឹមត្រូវតែប៉ុណ្ណោះ ខ្ញុំទាមទារឲ្យកូនប្រុសរបស់ខ្ញុំតែប៉ុណ្ណោះ“ ។

          អ្នកនាងប៉ែន មរកត ហៅសាសា បានឲ្យដឹងថា ក្រោយពីអ្នកនាងបានបង្ហោះសំណេរខាងលើនេះ លោកបោយ រស្មី ដែលត្រូវជាអតីតស្វាមី (អត់ខាន់ស្លា) របស់អ្នកនាង បានគំរាមថា បើហ៊ានផុសរូបគេម្ដងទៀត នឹងមានរឿងធំហើយ គឺចាំជួបគ្នានៅតុលាការម្ដងទៀត ។ ប៉ុន្តែអ្នកនាងមិនខ្លាចការគំរាមនេះទេ ព្រោះអ្នកនាងក៏ចង់ឡើងតុលាការម្ដងទៀតដែរ ដើម្បីទាមទារឲ្យគេផ្ដល់ប្រាក់បន្ថែម ជួយចិញ្ចឹមកូនរបស់នាង ដែលជាតំណក់ឈាមរបស់គេដែរ ។

          អ្នកនាងប៉ែន មរកត ហៅសាសា បានបង្ហោះរូបអ្នកនាងជាមួយអតីតស្វាមី និងកូន ជាច្រើនសន្លឹក នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ជាមួយសំណេរថា “ខ្ញុំមិនចង់ហែកហួររឿងរ៉ាវគ្រួសារនៅក្នុងសង្គម FB នោះទេ តែរឿងរ៉ាវខ្លះ ខ្ញុំទ្រាំតាំងពីកូននៅក្នុងផ្ទៃ រហូតកូនមានអាយុ ២ឆ្នាំ ខ្ញុំគ្រាន់តែទាមទារនូវអ្វីដែរកូនខ្ញុំគួរតែបាន មិនមែនគេដើរមានស្រីសប្បាយ តែខ្ញុំដេកយំ មើលមុខកូន។ ត្រូវគិតថា គួររកស៊ីអ្វីបន្ថែម ដើម្បីឲ្យកូនធំឡើង មានរបស់ល្អនឹងគេ មើលគាត់ទាំងថ្ងៃទាំងយប់ ដោយដៃផ្ទាល់។ ពេលឡើងតុលាការ លែងគ្នា ខ្ញុំមិនបានទាមទារអ្វីច្រើនទេ ដោយគិតថា គ្រាន់តែកូនមួយ ខ្ញុំអាចចិញ្ចឹមបាន មិនពិបាកទេ តែពេលដែលគាត់កាន់តែធំ ទើបខ្ញុំដឹងថា ការចំណាយផ្សេងៗ វាពិតជាច្រើនខ្លាំងណាស់ ក្នុងមួយខែៗ ហើយខ្ញុំត្រូវចំណាយផ្សេងៗ ជិត 10000$ ក្នុងមួយខែ ហាង ផ្ទះ ធនាគារ ។ល។ គេគំរាមថា ហ៊ានតែផុសរូបគេម្ដងទៀត មានរឿងធំហើយ ហើយចាំជួបគ្នានៅតុលាការម្ដងទៀត ខ្ញុំក៏សម្រេចចិត្តថាផុស ព្រោះខ្ញុំក៏ចង់ទាមទារឲ្យកូនរបស់ខ្ញុំម្ដងទៀតដែរ“ ។

          បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ អ្នកនាងប៉ែន មរកត ហៅសាសា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ថា បើមិនចង់ឲ្យនាងបន្តផុសរូបតាមបណ្ដាញសង្គមហ្វេសប៊ុក ហើយមិនចង់ឡើងតុលាការម្ដងទៀត អតីតប្ដីរបស់នាង គ្រាន់តែបំពេញកាតព្វកិច្ចជាឪពុក បង់អាហារកិច្ចឲ្យកូន ទាំងការបង់ថ្លៃសាលា ទាំងពេលកូនឈឺជាដើម ឲ្យគ្រប់គ្រាន់ទៅបានហើយ នាងមិនចង់បានទ្រព្យសម្បត្តិរបស់គេលើសពីហ្នឹងទេ ហើយក៏សុំជូនពរឲ្យគេនិងប្រពន្ធក្រោយ មានក្ដីសុខ ។

          អ្នកនាងប៉ែន មរកត ហៅសាសា បាននិយាយថា “ចា! ជាក់ស្ដែងហ្នឹង គឺខ្ញុំអត់ចង់បានអីពីគាត់ទេ ទោះគាត់ចង់មានស្រីប៉ុន្មាននាក់ ក៏គាត់មានទៅ ប៉ុន្តែខ្ញុំចង់ឲ្យគាត់ផ្ដល់អាហារកិច្ចឲ្យកូន ឲ្យបានច្រើនជាងហ្នឹង ពីព្រោះរាល់ថ្ងៃ ខ្ញុំរត់លែងចង់រួចហើយ ដោយសារតែកូនកាន់តែធំ ពីមួយថ្ងៃទៅមួយថ្ងៃ អ៊ីចឹងគាត់ត្រូវការមានរបស់លេង ញ៉ាំរបស់ល្អៗ ហើយគាត់ត្រូវការសម្លៀកបំពាក់ស្អាតបាតអីអ៊ីចឹង ។ និយាយទៅ កំពុងតែទុកពេលឲ្យគាត់ចូលខ្លួនមកដោះស្រាយបន្ថែមទៀត យើងនឹងអាចចរចាគ្នាបានទៀតថា តើគាត់ត្រូវបង់បែបណា ដើម្បីឲ្យខ្ញុំហើយនិងកូនមិនពិបាក? ពីមុន យើងត្រឹមជាសង្សារគ្នា មិនជាបញ្ហាទេ តែដល់ថ្នាក់យើងមានកូន មានអីអ៊ីចឹងហើយ វាពិបាក ។ ការលំបាករបស់យើង អាចនិយាយថា ដូចកាលយើងនៅលីវ ព្រោះកាលដើមឡើយហ្នឹង មុនពេលដែលខ្ញុំស្រឡាញ់គ្នាជាមួយនិងគាត់ហ្នឹង មានអ្នកផ្សេងៗច្រើន គេបានប្រាប់ខ្ញុំថា គាត់ហ្នឹងជាមនុស្សគំរិះ ជាមនុស្សស្រីច្រើនអីអ៊ីចឹង ។ ជាក់ស្ដែង គាត់បានសារភាពដែរ ហើយគាត់ថា គាត់នឹងកែ ទាក់ទងជាមួយស្រីអីអស់ហ្នឹង ប៉ុន្តែពេលដែលពួកខ្ញុំចាប់ផ្ដើមសាងគ្រួសារហ្នឹងមកហើយ គាត់នៅតែបែបហ្នឹងដដែល ពួកខ្ញុំរកាំរកូសតាំងពីកូននៅក្នុងពោះមកម្ល៉េះ“ ។

          អ្នកនាងប៉ែន មរកត បន្តថា “ចំពោះការដែលខ្ញុំចង់ឡើងតុលាការជាមួយគាត់ម្ដងទៀតនេះ គឺដោយសារពីដំបូង ដើមឡើយហ្នឹង មុននឹងមានបញ្ហាហ្នឹងកើតឡើងហ្នឹង ខ្ញុំសុំគាត់ជួបចរចារឿងអាហារកិច្ចកូន សាថ្មី តែជាក់ស្ដែងហ្នឹង គាត់នាំស្រីស្នេហ៍ទៅដើរលេងនៅខេត្ត ធ្វើឲ្យខ្ញុំមានអារម្មណ៍រាងខឹង ក៏ថាបើសិនជាអត់ជួបចរចាអីគ្នាទៀតទេ ប្រហែលជាខ្ញុំផុសរូបពួកយើងឡើងមកម្ដងទៀតហើយ ឲ្យសារព័ត៌មានចុះផ្សាយ ។ គាត់ក៏ប្រាប់ថា បើសិនជាផុស ខ្ញុំនឹងធ្វើខុសគោលការណ៍ នូវច្បាប់ដែលពួកយើងបានបានផ្ដិតមេដៃលែងលះគ្នានៅតុលាការ ហើយថា បើសិនជាអ្នកឯងផុស អ្នកឯងនឹងទទួលកំហុសនៅមុខច្បាប់ ។ គាត់និយាយអ៊ីចឹង មិនមែននិយាយគំរាមអីជាណាស់ណាទេ ប៉ុន្តែគាត់និយាយពាក្យហ្នឹងមក គឺខ្ញុំរាងឆោឡោដែរទៅ ព្រោះគាត់ដឹងចរិតខ្ញុំថា និយាយអីប៉ះខ្ញុំ គឺអត់បានទេ ពីព្រោះខ្ញុំរាងកាចដែរ ហើយពេលឡើងតុលាការហ្នឹង គឺខ្ញុំស្ម័គ្រចិត្តថា អូខេ! បើនៅជាមួយគ្នាមិនកើតទេ ដោះលែងគ្នាទៅ ឡើងតុលាការ ដើរផ្លូវរៀងខ្លួនទៅ ព្រោះយើងញ៉ាល់ដែរអ៊ីចឹង ហើយខ្ញុំក៏អត់មានបានទេអីច្រើនទេ គ្រាន់តែថ្លៃសាលាកូន គាត់ត្រូវបង់អីអ៊ីចឹង ប៉ុន្តែខ្ញុំចង់ដាក់សាលាណា ក៏គាត់មានសិទ្ធិឲ្យយោបល់ថា សាលាហ្នឹងអត់ល្អ ឬក៏ម៉េចអីអ៊ីចឹង ។ និយាយទៅ កាលឡើងតុលាការ លើកទី១ហ្នឹង គាត់ផ្ដល់អាហារកិច្ចឲ្យកូនតិចតួច ទី១ ។ ទី២ ថ្លៃសាលាកូនរៀន ក៏គាត់អ្នកចេញដែរ ហើយទី៣ ពេលកូនឈឺ ចូលពេទ្យ ក៏គាត់អ្នកចេញដែរ ប៉ុន្តែជាក់ស្ដែង ប្រការទី៣ហ្នឹង គឺគាត់អត់ដែលចេញទេ តែខ្ញុំនឹកឃើញថា វាមិនអីទេ រឿងលុយប៉ុណ្ណឹង ចេះតែលើកលែងៗមករហូត ទាល់តែប៉ុន្មានខែចុងក្រោយនេះ ដែលខ្ញុំរករឿងគាត់ខ្លាំងអ៊ីចឹងទៅ បានគាត់ចេញថ្លៃពេទ្យកូនម្ភៃសាមសិបសែរៀលអីអ៊ីចឹងទៅ ។ ហើយកាលប្រការទី១ រឿងបង់អាហារកិច្ចឲ្យកូន ដំបូងឡើយហ្នឹង ក៏បង់អត់ទៀតទាត់ដែរ ទាល់តែខ្ញុំរករឿងគាត់ខ្លាំង ទើបគាត់បង់រាងទៀងទាត់ ប៉ុន្តែខ្ញុំយកលុយហ្នឹង មកផ្គត់ផ្គង់ឲ្យកូន វាអត់គ្រប់គ្រាន់ ។ អ៊ីចឹងខ្ញុំនឹកឃើញថា គាត់សប្បាយក្អាកក្អាយ គាត់ដើរលេងជាមួយស្រីញីបាន មួយថ្ងៃៗចាយលុយលើស្រីបាន តែរឿងកូន គាត់អត់ចង់ចាយជាមួយកូនទេ គាត់ដាច់អហង្ការ ពេលខ្លះអ៊ីចឹងទៅ គាត់ឲ្យលុយហើយៗ ខ្ញុំហ្នឹងទៅមើលកូនឈឺម៉េច ក៏ខ្ញុំអ្នកទៅមើលទៅ គាត់អត់ខ្វល់ទៀតទេ ។ អ៊ីចឹងបានជាខ្ញុំមានអារម្មណ៍ចេះតែតូចចិត្ត ហើយខឹង“ ។

          អ្នកនាងសាសា បន្តទៀតថា “សរុបទៅ អ្វីដែលទាមទារ គឺខ្ញុំទាមទារតែដូចដើមទេ ចង់ឲ្យកាតព្វកិច្ចថែរក្សាកូនហ្នឹង ផ្ដល់ដល់កូនឲ្យរាងគួរសម នូវអ្វីដែលកូនគួរតែបាន ព្រោះខ្ញុំចំណាយច្រើនរាល់ថ្ងៃ ហើយគាត់ក៏ដឹងថា ក្នុង១ខែៗ ខ្ញុំចំណាយអស់ខ្ទង់ម៉ឺន ។ អ៊ីចឹងខ្ញុំខ្លួនឯងរត់លែងចង់រួចហើយ ដោយសារមួយរយៈនេះ វាកូវីដ ផង អ៊ីចឹងការចំណាយ វាកាន់តែលើសលប់ ហើយចំណូលរបស់ខ្ញុំ ធ្លាក់ទាបចុះ អ៊ីចឹងខ្ញុំត្រូវការចំណាយច្រើន ហើយពេលដែលកូនឈឺអីអ៊ីចឹងទៅ ខ្ញុំសុំឲ្យគាត់ហ្នឹង ចេញថ្លៃពេទ្យអីឲ្យកូន ឲ្យមើលថែកូនឲ្យបានដិតដល់ ។ ទោះមិនបាននៅក្បែរកូន ទោះមិនបានសួរសុខទុក្ខកូនអី ក៏បានផ្ដល់អីឲ្យកូនបានគ្រប់គ្រាន់ ឲ្យគាត់មានភាពកក់ក្ដៅដែរ ព្រោះគាត់ក្មេង ទី២ ។ ទី៣ សាលារៀនកូនអីហ្នឹង គាត់នៅតែបន្តធ្វើដូចពីមុនអ៊ីចឹង ពេលកូនចូលរៀន គាត់មានកាតព្វកិច្ចបង់ថ្លៃសាលាកូនរៀន ហើយយើងអាចពិភាក្សាគ្នាថា សាលាណាល្អ ដើម្បីឲ្យពេលធំដឹងក្ដីឡើង គាត់មានចំណេះដឹងខ្ពង់ខ្ពស់ ព្រោះគាត់ជាកូនអ្នកធំហ្នឹង គាត់ក៏ជាអនុបណ្ឌិតមួយដែរ អ៊ីចឹងគាត់ត្រូវតែដឹងថា ការចំណាយទៅលើការសិក្សាហ្នឹងបែបណា? ព្រោះតាំងពីដើមទីមក ពេលឡើងតុលាការ លែងលះគ្នាហ្នឹង ក៏ខ្ញុំអត់ទាមទារទ្រព្យសម្បត្តិអីពីគាត់ដែរ ខ្ញុំសុំត្រឹមតែសេចក្ដីសុខ ឲ្យកូនខ្ញុំធំធាត់ឡើងមានចំណេះដឹងខ្ពង់ខ្ពស់ រឿងទ្រព្យសម្បត្តិរបស់គាត់ ខ្ញុំមិនទៅយករបស់គាត់ទេ គាត់ចង់ឲ្យប្រពន្ធក្រោយគាត់ហ្នឹងក៏ឲ្យទៅ ចង់ឲ្យអ្នកណាក៏ឲ្យទៅ ធ្វើអីក៏ធ្វើទៅ យើងអត់ខ្វល់ទេ តែសំខាន់យើចង់ឲ្យគាត់ផ្ដល់អាហារកិច្ចឲ្យកូនបានគ្រប់គ្រាន់ ឲ្យបានធំធាត់ ពេលណាដែលកូនឈឺអីអ៊ីចឹងទៅ គាត់ផ្ដល់ថវិកាឲ្យកូន មិនមែនថា អស់សាមសិបប្រាំរៀលប្រាំកាក់ បាញ់សាមសិបប្រាំរៀលប្រាំកាក់ហ្នឹងមកតែម្ដងទេ គាត់ត្រូវដឹងថា ពេលកូនឈឺម្ដងៗ យើងចំណាយច្រើន ក៏បាញ់ឲ្យជាទឹកចិត្តមួយ ទិញផ្លែឈើ ទិញអី ថ្លៃអ្នកនៅជាមួយអី“ ។

          អ្នកនាងប៉ែន មរកត ហៅសាសា បន្ថែមចុងក្រោយថា “ខ្ញុំអត់មានអីផ្ដាំផ្ញើទៅគាត់ទេ គ្រាន់តែថា ជូនពរគាត់ ពេលមានអ្នកក្រោយ ឲ្យគាត់មានក្ដីសុខចុះ ហើយកុំឲ្យរិះថាំៗដូចជាមួយប្រពន្ធឯណេះទៀត ឲ្យមានប្រពន្ធក្រោយហើយ ចិត្ដទូលាយជាមួយគេផងទៅ ព្រោះពេលខ្លះ មនុស្សស្រីយើង ទ្រាំមិនបានទេ ពេលមនុស្សប្រុសរិះថាំៗ គិតតែពីខ្លួនឯង ប្រពន្ធកូនអីអត់គិត ។ គិតសម្ភារៈនិយម ពីក្បាលដល់ចុងជើងគាត់ នាឡិកាគាត់ពាក់មួយ សុទ្ធតែពីរបីម៉ឺនដុល្លារ ។ អ៊ីចឹងឲ្យគាត់ស្រឡាញ់ប្រពន្ធក្រោយនេះ ឲ្យបានច្រើនជាងប្រពន្ធនេះទៅ ព្រោះធ្វើម៉េចទេ និស្ស័យយើងបានត្រឹមប៉ុណ្ណឹង“ ។

          ទោះបីយ៉ាងណា ជុំវិញការលើកឡើងរបស់អ្នកនាងប៉ែន មរកត ហៅសាសា ជាអតីតប្រពន្ធ ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺ ឆ្លើយតបពីលោកបោយ រស្មី ជាអតីតប្ដីបានទេ កាលពីម្សិលមិញ ៕ កុលបុត្រ